ប្រតិភូតំណាងឱ្យក្រុមហ៊ុនជាង៨០ មកពីកាណាដា កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា

គណៈប្រតិភូមួយក្រុមតំណាងឱ្យក្រុមហ៊ុនជាង៨០ មកពីក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កាណាដា (CABC) បានមកដល់ប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគដ៏មានសក្តានុពល។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក Wayne Farmer ជាប្រធាន CABC នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ ឯកឧត្តម លឹម វិសាល បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកាណាដា ដោយសង្កត់ធ្ងន់លើចំណាប់អារម្មណ៍របស់ពួកគេក្នុងការយល់ដឹងអំពីទិដ្ឋភាពធុរកិច្ចរបស់កម្ពុជា។ លោកក៏បានទទួលស្គាល់ការគាំទ្ររបស់រដ្ឋាភិបាលកាណាដាក្នុងការផ្តល់នូវការអនុគ្រោះពាណិជ្ជកម្មដល់ប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងប្រទេសកម្ពុជាផងដែរ។ ការគាំទ្រនេះបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសកាណាដា។

ឯកឧត្តមសង្ឃឹមថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះនឹងចូលរួមចំណែកពង្រីកពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាបង្កើនការវិនិយោគរបស់ប្រទេសកាណាដានៅកម្ពុជា ខណៈបច្ចុប្បន្នមានក្រុមហ៊ុនកាណាដាមួយចំនួនបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ដូចជាធនាគារ National Bank of Canada ដែលជាម្ចាស់ភាគហ៊ុនរបស់ធនាគារ ABA និងក្រុមហ៊ុនធានារ៉ាប់រង Manulife ជាដើម។

ដោយឡែក លោក Wayne Farmer បានឆ្លើយតបដែរថា គណៈប្រតិភូនាដែលចូលរួមនេះ មានប្រមាណជាង៨០ក្រុមហ៊ុន មានចំណាប់អារម្មណ៍ខ្ពស់លើឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

ទន្ទឹមនឹងនេះ លោកបានកោតសរសើរភាពជោគជ័យរបស់ក្រុមហ៊ុនកាណាដានៅកម្ពុជា និងបានសន្យាថានឹងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការវិនិយោគរបស់កាណាដាមកកម្ពុជាបន្ថែមទៀត។

ជាចុងក្រោយនោះ លោកបានអញ្ជើញតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចូលរួមវេទិកាធុរកិច្ច និងវិនិយោគកាណាដា-អាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ នៅខែកញ្ញាខាងមុខ និងវេទិកាភាពជាដៃគូរដ្ឋ-ផ្នែកឯកជនលើវិស័យហេដ្ឋារចនាសម្ព័ន្ធកាណាដា នៅទីក្រុង តូរ៉ុនតូ នាចុងឆ្នាំនេះផងដែរ។

គួរបញ្ជាក់ថា កាណាដា បានតម្លើងបេសកកម្មការទូតរបស់ខ្លួននៅរាជធានីភ្នំពេញ ទៅជាស្ថានទូតពេញលេញកាលខែមីនា ឆ្នាំ២០២៥ ដើម្បីពង្រឹងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួនចំពោះប្រទេសកម្ពុជា និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងកាណាដា បានកើនដល់ ២,៤ ប៊ីលានដុល្លារ ដោយប្រទេសកាណាដាឈរនៅលំដាប់ទី ៤ នៃទីផ្សារនាំចេញសម្លៀកបំពាក់ និង វាយនភណ្ឌរបស់កម្ពុជា។

ក្នុងនោះ ការនាំចេញរបស់ប្រទេសកាណាដាមកកាន់កម្ពុជាមានតម្លៃសរុប ៣៣,៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ខណៈ​ការនាំចូលមានតម្លៃសរុប ២,៣ប៊ីលានដុល្លារ ហើយការវិនិយោគដោយផ្ទាល់របស់កាណាដានៅកម្ពុជា បានកើនដល់ ២,៩ប៊ីលានដុល្លារផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនជប៉ុនធំមួយមានផែនការវិនិយោគប្រមាណ ៧០០លានដុល្លារបន្ថែមទៀត នៅខេត្តពោធិ៍សាត់

ក្រុមហ៊ុន MinebeaMitsumi Inc. ដែលជាក្រុមហ៊ុនឈានមុខគេមួយ […]

បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាកើនដល់៦៥ តំបន់ និងត្រូវការកម្លាំងពលកម្មជាង ៣៥ពាន់នាក់

បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសមានការរីកចម្រើនគួរឱ្ […]

រោងចក្រផ្គុំដំឡើងរថយន្ត តម្លៃ ២៨លានដុល្លារ បើកការដ្ឋានសាងសង់នៅស្រុកខ្សាច់កណ្តាល

ក្រុមហ៊ុន KNN Automotive ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស […]

អ្នកធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន ប្ដេជ្ញា​ពង្រីក និង​ស្វែងរកនូវឱកាសវិនិយោគថ្មីៗនៅកម្ពុជា

គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (U […]

កម្ពុជា-បាំរាំង កំពុងជំរុញគម្រោងមន្ទីរពេទ្យ និងគម្រោងបំលែងសំណល់ទៅជាថាមពល

កម្ពុជា-ជប៉ុន បានបើកពិភាក្សា ដើម្បីជំរុញគម្រោងអាទិភាពចំ […]

ក្រុមហ៊ុនចិន ចាប់អារម្មណ៍វិនិយោគរោងចក្រផលិតស៊ីម៉ងត៍ និងថាមពលកកើតឡើងវិញនៅកម្ពុជា

ក្រុមហ៊ុនយក្សមួយរបស់ចិន China Energy International បានប […]