ប្រទេសអាស៊ីរកស៊ីជាមួយចិន ខាតច្រើនជាងចំណេញ ប៉ុន្តែនៅតែមិនអាចចោលចិនបាន!

នៅក្នុងរបត់ថ្មីនៃបរិបទសេដ្ឋកិច្ចសកល ដែលត្រូវបានអ្នកជំនាញសង្កេតឃើញតាំងពីខែធ្នូឆ្នាំ ២០២៣ មកម្ល៉េះ នោះគឺសហរដ្ឋអាមេរិកបានវ៉ាដាច់ប្រទេសចិន ក្លាយជាគោលដៅនាំចេញដ៏សំខាន់របស់កូរ៉េខាងត្បូង និងតៃវ៉ាន់។ ការមានប្រៀបជាថ្មីនេះ កំពុងមាននិន្នាការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងទិដ្ឋភាពពាណិជ្ជកម្មរបស់អាស៊ី  និងបង្ហាញថាសេដ្ឋកិច្ចប្រទេសនៅក្នុងតំបន់អាស៊ី កំពុងមានការនាំចេញតិចជាងមុនទៅកាន់ប្រទេសចិន ដែលភាគរយនៃការនាំចេញសរុបរបស់ពួកគេ ទៅកាន់ប្រទេសចិនបានធ្លាក់ចុះដល់ ១៧,៩% នៅក្នុងខែកុម្ភៈ ២០២៤ ពីកម្រិតខ្ពស់បំផុតគឺ ២២% ក្នុងខែមេសា ឆ្នាំ ២០២១  ដែលតំណាងឱ្យការធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ និងអាចរាប់ថាជាតួលេខធំបំផុតមិនធ្លាប់មានក្នុងរវាងពេលជាង ២ ទសវត្សរ៍កន្លងមកនេះ នេះបើយោងតាមប្រភពពី Asia.nikkei.com ចុះផ្សាយថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤។

ការថយចុះនៃការនាំចេញពីបណ្តាប្រទេសតំបន់អាស៊ីទៅកាន់ប្រទេសចិន ត្រូវបានសន្មតថា មានកត្តាចម្បងធំៗពីរ៖ (១) ការធ្វើពិពិធកម្មនៃខ្សែច្រវាក់ផ្គត់ផ្គង់នៅឆ្ងាយពីប្រទេសចិន ដែលជំរុញដោយការបន្តដាក់សម្ពាធរបស់សហរដ្ឋអាមេរិកឱ្យមានការកាត់ផ្តាច់ និង (២) ការធ្លាក់ចុះនៃតម្រូវការក្នុងស្រុកនៅក្នុងប្រទេសចិន ជាពិសេសពីវិស័យអចលនទ្រព្យរបស់ចិន ចំពេលស្ថានភាពទីផ្សារកំពុងជួបវិបត្តិរកផ្លូវងើបមិនរួចអស់រយៈកាលដ៏យូរ។

ទោះបីជាមាននិន្នាការផ្លាស់ប្តូរចរន្តនៃការនាំចេញសឹងតែទូទាំងទ្វីបអាស៊ីយ៉ាងដូច្នេះក៏ដោយ ប៉ុន្តែប្លែកអីតែប្រទេសវៀតណាម និងឥណ្ឌូនេស៊ីបានលេចចេញជាករណីលើកលែងគួរឱ្យកត់សម្គាល់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយការនាំចេញផលិតផលកែច្នៃរបស់វៀតណាមទៅកាន់ប្រទេសចិន បែរជាមានការកើនឡើងគួរកត់សម្គាល់ ហើយបើងាកទៅមើលប្រទេសឥណ្ឌូណេស៊ី ក៏កំពុងបង្កើនការនាំចេញផលិតផលនីកែល ដែក និងដែកថែបទៅកាន់ប្រទេសចិនដែរ។ ប៉ុន្តែកំណើននៃការនាំចេញទៅចិននេះ អាចថាមានការជំរុញដោយសារមានការវិនិយោគរបស់ចិនយ៉ាងច្រើននៅក្នុងយុទ្ធសាស្រ្តពិពិធកម្មពាណិជ្ជកម្មរបស់ទីក្រុងហ្សាកាតា ដើម្បីងាកចេញពីការពឹងផ្អែកតែលើការនាំចេញរ៉ែឆៅតែមួយមុខប៉ុណ្ណោះ។ នេះមានន័យថា ឥណ្ឌូណេស៊ី កំពុងនាំចេញផលិតផលដែកនីកែល ដែក និងដែកថែប កាន់តែច្រើនទៅលក់នៅប្រទេសចិន។ ការកើនឡើងនេះ គឺដោយសារតែក្រុមហ៊ុនចិន កំពុងជួយប្រទេសឥណ្ឌូនេស៊ីផ្លាស់ប្តូរវិធីសាស្រ្តរបស់ខ្លួនពីការនាំចេញរ៉ែឆៅ (ខ្វះសមត្ថភាពកែច្នៃ) ឱ្យងាកទៅផ្តោតលើផលិតផលកែច្នៃបន្ថែមទៀត និងរហូតដល់ការនាំចេញផលិតផលដែលប្រើក្នុងអាគុយរថយន្តអគ្គិសនីថែមទៀតផង។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះគឺ ខណៈពេលដែលការនាំចូលរបស់ចិនពីប្រទេសអាស៊ីផ្សេងទៀតបានថយចុះ ការនាំចេញរបស់ខ្លួនទៅកាន់ប្រទេសទាំងនេះមានការកើនឡើង ដែលស្មើនឹងជិត ៣២% នៃការនាំចេញសរុបរបស់ប្រទេសចិនកាលពីឆ្នាំមុន និងកើនឡើងពី ២៨,២% នៅក្នុងឆ្នាំ ២០១៥។

កំណើននិហរណកម្ម(ការនាំចេញ)របស់ចិនទៅអាស៊ីនេះ មួយផ្នែកធំ ឆ្លុះបញ្ចាំងពីការបង្វែរពាណិជ្ជកម្មជាមួយប្រទេសចិន។ ក្នុងនោះ ការនាំចេញទំនិញពាក់កណ្តាលសម្រេចពីប្រទេសចិន ទៅកាន់ប្រទេសវៀតណាមកំពុងមានកំណើន និងគោលដៅបន្ទាប់ គឺទៅកាន់ទីផ្សារលោកខាងលិច។ ជាងនេះទៅទៀត និន្នាការនេះស្របនឹងការបង្វែរទិសដៅជាយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំង ដែលផ្តោតលើការនាំចេញទៅកាន់ទីផ្សារថ្មីនៅអាស៊ី អាហ្វ្រិក និងបណ្តារដ្ឋអតីតសហភាពសូវៀត ដើម្បីឆ្លើយតបទៅនឹងការដាក់វិធានការត្រួតពិនិត្យ កាន់តែខ្លាំងឡើងពីសហរដ្ឋអាមេរិក និងអឺរ៉ុប។

សក្ដានុពលពាណិជ្ជកម្មដែលកំពុងវិវឌ្ឍន៍ទាំងនេះ បង្ហាញពីការផ្លាស់ប្តូររចនាសម្ព័ន្ធពាណិជ្ជកម្មអន្តរជាតិ ជាជាងគ្រាន់តែជាការប្រែប្រួលចរន្តសេដ្ឋកិច្ចបណ្តោះអាសន្ន។ ជាមួយនឹងក្រុមហ៊ុនចម្រុះជាតិសាសន៍ដែលកំពុងស្វែងរកការធ្វើពិពិធកម្មបន្ថែមទៀតនៅឆ្ងាយពីប្រទេសចិន ហើយសេដ្ឋកិច្ចចិនកំពុងប្រឈមមុខនឹងបញ្ហារចនាសម្ព័ន្ធ និងភូមិសាស្ត្រនយោបាយ កំណើនយឺតយ៉ាវនៃតម្រូវការនាំចូលរបស់ប្រទេសចិន គឺជាហេតុផលដែលអាចទទួលយកបាន។ សេណារីយ៉ូនេះ នឹងបង្ខំសេដ្ឋកិច្ចអាស៊ីឱ្យស្វែងរកទីផ្សារនាំចេញថ្មី (ដោយលែងពឹងផ្អែកតែលើទីផ្សារសេដ្ឋកិច្ចចិនតែមួយមុខ) និងធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម ដើម្បីរក្សាកំណើននៃការនាំចេញរបស់ពួកគេ ដែលទំនោរនេះ មានសក្តានុពលខ្លាំងឆ្ពោះ ទៅរកការកើនឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីថ្មីបន្ថែមទៀតរវាងបណ្តាប្រទេសអាស៊ី។

លើសពីនេះ តំបន់អាស៊ី ត្រូវតែទប់ទល់នឹងការប្រកួតប្រជែងកាន់តែខ្លាំងពីប្រទេសចិន ទាំងវត្តមានចិននៅក្នុងទីផ្សារថ្មី និងវត្តមានចិននៅក្នុងទីផ្សារក្នុងស្រុក។ ជាឧទាហរណ៍ ការកើនឡើងនៃការនាំចេញរថយន្តរបស់ចិនទៅកាន់ទីផ្សារប្រទេសថៃ ការនាំចេញសារធាតុគីមីរបស់ចិនទៅកាន់ទីផ្សារកូរ៉េខាងត្បូង និងដែកថែប និងអាលុយមីញ៉ូមរបស់ចិនទៅកាន់ទីផ្សារក្នុងស្រុករបស់ប្រទេសឥណ្ឌា កំពុងបង្កើនការប្រកួតប្រជែងសម្រាប់ក្រុមហ៊ុនផលិតក្នុងស្រុក ដែលចលនានេះ អាចនឹងធ្វើឱ្យមានភាពតានតឹងផ្នែកពាណិជ្ជកម្ម។

បើមើលពីជ្រុងអ្នកទទួលផលវិញ ការផ្លាស់ប្តូរថាមភាពនៃវិស័យពាណិជ្ជកម្ម ក៏មានឥទ្ធិពលទៅលើអ្នកទទួលផលដែលមានសក្តានុពលធំៗ ដូចជាប្រទេសឥណ្ឌា និងម៉ាឡេស៊ីផងដែរ ជាពិសេសក្នុងវិស័យអេឡិចត្រូនិក ដោយសារក្រុមហ៊ុនពហុជាតិ ចូលចិត្តស្វែងរកភូមិសាស្ត្រថ្មី ដើម្បីបំពេញតម្រូវការខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ការបង្កើនបរិយាកាសអំណោយផលទាក់ទាញការវិនិយោគ និងការលើកកម្ពស់ភាពងាយស្រួលនៃការធ្វើអាជីវកម្មក្នុងស្រុក នឹងក្លាយជាកូនសោរដ៏មានសារៈសំខាន់សម្រាប់ប្រទេសអាស៊ីទាំងនេះ ក្នុងការទាញយកផលប្រយោជន៍ពីការផ្លាស់ប្តូរចរន្តពាណិជ្ជកម្មដែលកំពុងកើនឡើង ទាំងក្នុងបរិបទតំបន់ ទាំងក្នុងបរិបទសកលលោក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]