មកដឹងពីលក្ខណៈស្ថាបត្យកម្មវិសេសឯកនៃអគារឈើធំបំផុតនៅអាស៊ីក្នុងប្រទេសសិង្ហបុរី
សាកលវិទ្យាល័យ Nanyang Technological University (NTU) នៃប្រទេសសិង្ហបុរី ទើបតែបានបើកដំណើរការជាផ្លូវការនូវអគារឈើធំជាងគេទីពីរនៅលើពិភពលោក ជាមួយនឹងផ្ទៃដីនៃសាងសង់ទំហំ ៤៣៥០០ ម៉ែត្រការ៉េ និងជាអគារឈើធំជាងគេនៅអាស៊ីបើគិតពីបរិមាណឈើដែលបានប្រើប្រាស់។ NTU បានដាក់ឈ្មោះអគារនេះថា “The Gaia Timber” តាមឈ្មោះអាទិទេពក្រិកដែលប្រែថា”ឈើនៃផែនដី”ក្នុងន័យឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់អគារលើនិរន្តរភាព និងបរិស្ថានមេត្រី ក៏ដូចជាការប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដូចជាឈើជាដើម។
អគារដ៏ស៊ីវិល័យនេះ ចំណាយថវិកាសាងសង់អស់ ១២៥លានដុល្លារសិង្ហបុរី (៩៣លានដុល្លារអាមេរិក) និងត្រូវបានរចនាឡើងដោយវិស្វករឈ្នះរង្វាន់ស្ថាបត្យកម្ម Pritzker របស់ជប៉ុនឈ្មោះ Toyo Ito។
រចនាសម្ព័ន្ធអគារនៃផែនដី ឬGaiaនេះ ត្រូវបានបង្កើតឡើងជាពីរប្លុកកោង ដែលមានសាលប្រជុំទំហំ ១៩០កៅអី និងរោងមហោស្រពចំនួន ១២ រួមជាមួយនឹងបន្ទប់សិក្ខាសាលា បន្ទប់ពិសោធន៍ ការិយាល័យ បន្ទប់ប្រជុំ និងសាលសន្និសីទ។ អគារនេះត្រូវបានសាងសង់ស្ទើរតែទាំងស្រុងពីធាតុឈើដែលបានរៀបចំរួចជាស្រេច លើកលែងតែបង្គន់ កម្រាលឥដ្ឋ និងជណ្តើរខាងក្រៅ ដែលធ្វើពីបេតុង។
ខាងក្រោមនេះ គឺជាលក្ខណៈពិសេសមួយចំនួនដែលយើងអាចដកស្រង់ជាមេរៀនបានពីអគារនេះ៖
រំលេចទៅដោយស៊ុមឈើគ្រប់កន្លែង៖ ស៊ុមឈើទាំងក្រៅទាំងក្នុងបរិវេណអគារគឺគ្មានការបិទភ្ជាប់ ឬលាបពណ៌ ដែលលាតត្រដាងឱ្យឃើញសម្រង់ និងលក្ខណៈវត្ថុធាតុដើមធម្មជាតិ និងផ្តល់ឱ្យអ្នកទស្សនានូវអារម្មណ៍នៃការដើររកាត់តាមដើមឈើនៅពេលចូលទៅដល់បរិវេណអគារ។
ការរចនាប្រកបដោយនិរន្តរភាព៖ អគារនេះត្រូវបានរចនាឡើងដើម្បីឱ្យមានបរិស្ថានល្អ និងសន្សំសំចៃថាមពល។ ផ្នែកខាងក្រៅនៃកន្លែងកីឡារបស់អគារ មានស្រមោលនៅចំណុចសំខាន់ៗនៅលើផ្នែកខាងមុខរបស់វា ដើម្បីកាត់បន្ថយការឡើងកំដៅព្រះអាទិត្យ។ សំណង់នេះ ក៏មានកន្លែងបើកទូលាយ ផ្ទៃរាបស្មើ និងធ្លារខ្យល់ធំៗផងដែរ ដើម្បីជំរុញឱ្យមានខ្យល់ចេញចូលគ្រប់គ្រាន់ និងជួយរក្សាភាពត្រជាក់នៃអគារ។ប្រព័ន្ធម៉ាស៊ីនត្រជាក់ក្នុងអគារប្រើប្រព័ន្ធPassive Displacement Ventilation (PDV) ដែលមិនត្រូវការកង្ហារមេកានិចដើម្បីធ្វើឱ្យបន្ទប់ត្រជាក់ឡើយ។
ជាអគារឈើធំជាងគេនៅអាស៊ី៖ អគារ Gaia Timber Building គឺជាអគារឈើដ៏ធំបំផុតនៅអាស៊ី ដែលមានប្រវែង ២២០ ម៉ែត្រ និងជាន់ផ្ទាល់ដី ៤៣៥០០ ម៉ែត្រការ៉េ។ វិស្វករ Ito បានប្រាប់សារព័ត៌មាន CNN បន្ទាប់ពីពិធីសម្ពោធអគារនេះថា “ខ្ញុំតែងតែព្យាយាមស្រមៃមើលទំនាក់ទំនងជាមួយ និងអារម្មណ៍នៃធម្មជាតិ ដូចជាដើមឈើ និងទឹកនៅក្នុងការរចនារបស់ខ្ញុំ” ។
អគារថាមពលសូន្យ៖ អគារនេះត្រូវបានកំណត់ថាជាអគារ “ថាមពលសូន្យ” ដែលផលិតថាមពលបានច្រើនតាមដែលវាប្រើប្រាស់។ សម្រាប់ហេតុផលនេះ វាត្រូវបានផ្តល់វិញ្ញាបនបត្រ Green Mark Platinum (Zero Energy) វាបានជាប់ពានរង្វាន់អគារបៃតងថាមពលសូន្យ Green Mark Platinum (Zero Energy) ដោយអាជ្ញាធរសំណង់ និងសំណង់នៃប្រទេសសិង្ហបុរី។ ហើយពានរង្វាន់នេះ គេប្រគលជូនតែអគារណាដែលថាមពលដែលប្រើប្រាស់សម្រាប់អគារ និងថាមពលដែលផលិតដោយអគារមានភាពស្មើគ្នា (Net Zero)។ បន្ទះស្រូបពន្លឺព្រះអាទិត្យដែលបានដំឡើងនៅលើដំបូលត្រូវបានគេរាយការណ៍ថាផលិតថាមពលបាន ៥១៦.០០០ kWh ក្នុងមួយឆ្នាំ។ បច្ចុប្បន្ន មានអគារចំនួន ១៦ បានបំពេញតាមស្តង់ដារថាមពលសុទ្ធសូន្យនៅក្នុងប្រទេសនេះ ហើយពាក់កណ្តាលនៃចំនួនអគារទាំងនេះ មានទីតាំងនៅក្នុងបរិវេណសាកលវិទ្យាល័យ NTU ។
Gaia អាចចាត់ទុកថាជាគំរូសំណង់ស្ថាបត្យកម្មសហសម័យមួយ ដែលមានលក្ខណៈទំនើបតែបែបធម្មជាតិនិងប្រើប្រាស់ថាមពលសូន្យ (Zero Energy) និងជាស្នាដៃស្ថាបត្យកម្មតែមួយគត់ ដែលបង្ហាញពីជម្រើសសក្តានុពលនៃការងាកមកប្រើប្រាស់ឈើនៅក្នុងការសាងសង់អគារលំដាប់ធំៗដើម្បីភាពស្រស់ស្រាយនៃការរស់នៅ៕

- Video Advertisement -