មូលហេតុទាំងនេះបានជំរុញ អ្នកវិនិយោគបរទេសសម្រុកចូលទីផ្សារអចលនទ្រព្យវៀតណាម
ទីផ្សារអចលនទ្រព្យរបស់វៀតណាម កំពុងស្ទុះឡើងខ្លាំងគួរឱ្យកត់សម្គាល់ ពោលគឺសន្ទុះមួយនេះបានកើនឡើងពីលំហូរទុនវិនិយោគរបស់វិនិយោគិនបរទេស ដែលបានជំរុញដោយការរួមបញ្ចូលគ្នានៃលក្ខខណ្ឌសេដ្ឋកិច្ចអំណោយផល កំណែទម្រង់ច្បាប់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់ប្រទេសវៀតណាម។
បើតាមរបាយការណ៍របស់ VnExpress International បានបង្ហាញថា ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៤ វិនិយោគិនបរទេសបានចាក់ទុនជិត ១,៩៨ពាន់លានដុល្លារ ចូលទៅក្នុងវិស័យអចលនទ្រព្យវៀតណាម ពោលគឺកើនឡើង ៧០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ។
ទីផ្សារអចលនក្នុងវិស័យលក់រាយ៖ កំពុងរីកចម្រើនខ្លាំង
ទីផ្សារអចលនទ្រព្យលក់រាយរបស់ប្រទេសវៀតណាមកំពុងរីកចម្រើន ដោយអត្រាកាន់កាប់នៅក្នុងមជ្ឈមណ្ឌលផ្សារទំនើបក្នុងទីក្រុងធំៗ មានលើសពី ៩០ភាគរយ។ នេះបើយោងតាមគេហទំព័រ The Star វិស័យនេះបានបង្ហាញពីភាពធន់ និងការស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ ខណៈដែលអាជីវកម្មទាំងនោះមានយុទ្ធសាស្ត្រក្នុងការជ្រើសរើសទីតាំងសំខាន់ៗដើម្បីទាញយកប្រយោជន៍ពីឱកាសដ៏កម្រមួយនេះ។
សមាគមអចលនទ្រព្យវៀតណាម (VARS) បានរាយការណ៍ថា អត្រាជួលនៅទីក្រុងហាណូយបានកើនឡើងប្រហែល ១០ភាគរយក្នុង ឆ្នាំ២០២៣ ខណៈតំបន់ដែលនៅកណ្តាលទីក្រុងហូជីមិញរក្សាបាននូវតម្លៃប្រហែល ១៤០ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។
ជាមួយគ្នានេះដែរ មានក្រុមហ៊ុនលក់រាយខ្នាតយក្សលក្ខណៈជាសកលមួយ ក៏កំពុងកត់សម្គាល់ពីសក្តានុពលរបស់វៀតណាមផងដែរ។ នោះគឺក្រុមហ៊ុន Central Retail Corp របស់ប្រទេសថៃ ដែលគ្រោងនឹងពង្រីកសាខារបស់ខ្លួនទៅគ្រប់ ៥៥ខេត្ត ខណៈ Aeon Group របស់ជប៉ុនក៏មានគោលបំណងពង្រីកគម្រោងរបស់ខ្លួនចំនួន១៦ទីតាំងទៀត នៅឆ្នាំ២០២៥ ដោយក្នុងនោះមានមួយចំនួននឹងមានវត្តមាននៅទីក្រុងហាណូយផងដែរ។ លើសពីនេះ នៅមានម៉ាកសម្លៀកបំពាក់ល្បីៗ ដូចជា Uniqlo, Muji, Dior និង Cartier ក៏កំពុងសម្លឹងទីផ្សារដ៏មានសក្ដានុពលមួយនេះផងដែរ។
ទន្ទឹមនឹងនេះដែរ VARS ក៏បានព្យាករណ៍ផងដែរថា ទីផ្សារអចលនទ្រព្យលក់រាយនៅវៀតណាមនឹងបន្តកើនឡើងបន្ថែមទៀត ខណៈកំណើននេះត្រូវបានជំរុញឡើងដោយកំណើនប្រជាជននៅក្នុងទីក្រុង ដែលកំពុងមានការកើនឡើងយ៉ាងឆាប់រហ័ស ប្រាក់ចំណូលក៏កើនឡើង ពិសេសគឺមានការវិនិយោគសំខាន់ៗនៅក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។
ទីផ្សារអចលនក្នុងវិស័យឧស្សាហកម្ម៖ មានស្ថិរភាព និងកំពុងរីកចម្រើន
ទីផ្សារអចលនទ្រព្យក្នុងវិស័យឧស្សាហកម្មក្នុងប្រទេសវៀតណាម ជាពិសេសនៅតំបន់ភាគខាងត្បូងបានរក្សាស្ថិរភាពល្អនៅក្នុងឆមាសដំបូងនៃឆ្នាំ២០២៤នេះ។ តាមប្រភពដដែលពី VnExpress International បានបញ្ជាក់ថា តម្លៃជួលដីជាមធ្យមនៅក្នុងទីផ្សារលំដាប់ទី១ នៅក្នុងតំបន់ភាគខាងត្បូងបានកើនឡើង ២,៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ គឺកើនដល់ ១៨៩ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ស្ថិរភាពនេះ ត្រូវបានសន្មតថាជាការស្ទុះងើបឡើងវិញនៃការនាំចូល-នាំចេញ និងការកើនឡើងនៃលំហូរវិនិយោគបរទេស។
អ្នកជំនាញបានបញ្ជាក់ថា វិស័យនេះនឹងត្រូវជំរុញឡើងបន្ថែមទៀត ដោយវិស័យឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ ដូចជាការផលិតរថយន្តអគ្គិសនី គ្រឿងអេឡិចត្រូនិក និងសម្ភារៈពណ៌បៃតង ។
VARS បន្ត ក្នុងវិស័យអចលនទ្រព្យឧស្សាហកម្មនឹងរក្សាបាននូវល្បឿនរបស់ខ្លួនពេញមួយឆ្នាំ ខណៈស្ថានភាពសេដ្ឋកិច្ចសង្គមដែលមានស្ថិរភាព បរិយាកាសវិនិយោគប្រសើរឡើង និងការលើកទឹកចិត្តសម្រាប់វិនិយោគិនបរទេស។
ទីផ្សារអចលនទ្រព្យក្នុងវិស័យរមណីយដ្ឋាន៖ ជាមេដែកសម្រាប់អ្នកទិញនៅបរទេស
ទីផ្សារអចលនទ្រព្យ រមណីយដ្ឋាន និងសណ្ឋាគាររបស់វៀតណាម ក៏កំពុងទាក់ទាញការវិនិយោគបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។ វិនិយោគិនអន្តរជាតិចាប់អារម្មណ៍លើការទទួលបាននូវសេវាសណ្ឋាគារ និងរមណីយដ្ឋានលំដាប់កំពូលៗនៅក្នុងទីក្រុងដូចជាទីក្រុងហាណូយ និងទីក្រុងហូជីមិញ នេះបើតាម VnExpress International ដដែល។
យីហោសណ្ឋាគារអន្តរជាតិធំៗកំពុងពង្រីកវត្តមានរបស់ខ្លួនជាបន្តបន្ទាប់នៅក្នុងប្រទេសវៀតណាម ក្នុងនោះរួមមាន៖ Marriott International បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់សណ្ឋាគារ និងរមណីយដ្ឋានចំនួនប្រាំពីរបន្ថែមទៀត ដែលរួមមានបន្ទប់ជាង ២.៥០០បន្ទប់។
Lodgis Hospitality Holdings ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ក៏បានសហការជាមួយក្រុមហ៊ុន Hanwha Group របស់កូរ៉េខាងត្បូង គ្រោងនឹងពង្រីកប្រតិបត្តិការរបស់ខ្លួន ដោយមានបំណងគ្រប់គ្រងបន្ទប់សណ្ឋាគារចំនួន ១០.០០០បន្ទប់ទៀត នៅឆ្នាំ២០២៥។
ទាំងអស់ខាងលើនេះ បានបង្ហាញយ៉ាងច្បាស់ពីសក្តានុពលនៃការងើបឡើងវិញ និងកំណើនរយៈពេលវែងក្នុងទីផ្សារអចលនទ្រព្យវៀតណាម។
សរុបមក កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរៀតណាមក្នុងការធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌច្បាប់ រួមជាមួយនឹងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ គឺជាការពង្រឹងបន្ថែមទៀតនូវភាពទាក់ទាញរបស់ទីផ្សារ។ ខណៈដែលវៀតណាមកំពុងបន្តអភិវឌ្ឍមជ្ឈមណ្ឌលសំខាន់ៗក្នុងទីក្រុងរបស់ខ្លួន ដែលនឹងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ វិស័យអចលនទ្រព្យដែលបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ឱកាសយ៉ាងច្រើនសម្រាប់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ។
ប្រែសម្រួលពីអត្ថបទដើម asiapropertyawards
- Video Advertisement -