រដ្ឋចិនចំណាយ $៤២ពាន់លាន ដើម្បីស្តារវិស័យអចលនទ្រព្យដែលកំពុងជួបការលំបាកខ្លាំង
ក្នុងចំណាត់ការដ៏បន្ទាន់ថ្មីមួយ ធនាគារប្រជាជនចិន (PBOC) កំពុងបង្កើតកម្មវិធីទ្រង់ទ្រាយធំទូទាំងប្រទេស ដែលផ្តល់ប្រាក់កម្ចីដល់ទៅ ៣០០ពាន់លានយន់ (៤១,៥ ពាន់លានដុល្លារ) ដើម្បីស្តារទីផ្សារអចលនទ្រព្យដែលកំពុងជួបការលំបាក ឲ្យមានស្ថិរភាពឡើងវិញ នេះបើយោងតាមប្រភពពី CNN ចុះថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០២៤។
ចំពោះចំណាត់ការនេះ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានប៉ាន់ប្រមាណថា ការបញ្ចេញលុយរដ្ឋដើម្បីដោះស្រាយបញ្ហាជាលើកដំបូងនេះ នឹងអាចប្រែក្លាយទៅប្រភពឥណទានដែលមានទំហំប្រមាណ ៥០០ពាន់លានយន់ (៦៩ពាន់លានដុល្លារ)។ ការជំរុញហិរញ្ញវត្ថុដ៏សំខាន់នេះ ធ្វើឡើងក្នុងរូបភាពជាការផ្តល់លទ្ធភាពដល់រដ្ឋបាលមូលដ្ឋានទូទាំងប្រទេស អាចទិញផ្ទះដែលមិនទាន់បានលក់ពីក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលកំពុងជាប់គាំងទុនបង្វិល។ អចលនទ្រព្យ (ផ្ទះ) ដែលទទួលបានពីលទ្ធកម្មរដ្ឋទាំងនេះ នឹងត្រូវបានបំប្លែងទៅជាលំនៅឋានសង្គមដែលមានតម្លៃសមរម្យ សម្រាប់ប្រជាជនដែលកំពុងស្វែងឱកាសក្នុងទីផ្សារលំនៅឋាន។
សេចក្តីប្រកាសនេះ គឺជាចំណុចរបត់ដ៏មានសក្ដានុពលមួយសម្រាប់វិស័យអចលនទ្រព្យ ដែលជាផ្នែកដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះនៃការលក់ និងទំហំវិនិយោគ នៅតែបន្តជាបញ្ហាចាក់ស្រេះដែលត្រូវការវិធីសាស្រ្តដោះស្រាយច្រើនជាងនេះ។
ប្រតិកម្មចំពោះចំណាត់ការថ្មីនេះ លោក Larry Hu ប្រធានសេដ្ឋវិទូចិនប្រចាំនៅក្រុមហ៊ុន Macquarie Group បានអត្ថាធិប្បាយថា “ជំហានថ្មី (របស់រដ្ឋ) ក្នុងការទិញយកផ្ទះដែលលក់មិនចេញនេះ គឺមានភាពវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យ” ។
ទោះជាយ៉ាងណាក៏ដោយ ក្តីបារម្ភនៅតែមានទាក់ទងនឹងភាពជាក់លាក់នៃផែនការ ជាពិសេសយុទ្ធសាស្ត្រផ្តល់មូលនិធិរយៈពេលវែង។ បញ្ហាគឺនៅត្រង់ថា រដ្ឋបាលមូលដ្ឋានរបស់ប្រទេសចិន មានបន្ទុករួចហើយជាមួយនឹងបំណុលដ៏ច្រើន ដែលការណ៍នេះ បានចោទជាសំណួរអំពីសមត្ថភាពរបស់ពួកគេក្នុងការគ្រប់គ្រងការចំណាយបន្ថែមទាំងនេះ។
សារព័ត៌មានអចលនទ្រព្យដ៏ល្បីរបស់ចិន China Real Estate Business ដែលជាកាសែតដែលគ្រប់គ្រងដោយក្រសួងលំនៅឋានរបស់ប្រទេស បានពិពណ៌នាវិធានការនេះថាជា “គោលនយោបាយជាប្រវត្តិសាស្ត្រដែលទទួលបន្ទុកធ្ងន់” សម្រាប់ដោះស្រាយវិបត្តិអចលនទ្រព្យ។
ការប្រកាសអំពីវិធានការថ្មីកាលពីថ្ងៃសុក្រនេះ កើតឡើងចំពេលមានការធ្លាក់ចុះជាបន្តបន្ទាប់ក្នុងវិស័យអចលនទ្រព្យ។ ទិន្នន័យដែលបានចេញផ្សាយនៅថ្ងៃដដែលបានបង្ហាញពីវិបត្តិកាន់តែស៊ីជម្រៅ ដោយការវិនិយោគអចលនទ្រព្យក្នុងប្រទេស បានធ្លាក់ចុះប្រមាណ ៩,៨% ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អត្រាការលក់អចលនទ្រព្យថ្មីក៏បានធ្លាក់ចុះយ៉ាងគំហុក ប្រមាណ ២៨,៣% ក្នុងអំឡុងពេលនេះ ដែលបញ្ជាក់ពីភាពបន្ទាន់សម្រាប់ការធ្វើអន្តរាគមន៍ពីរដ្ឋ។ ថែមពីលើនេះ តម្លៃផ្ទះ ក៏បានធ្លាក់ចុះក្នុងរយៈពេលដប់ខែជាប់ៗគ្នា ដែលជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីខែ វិច្ឆិកា ឆ្នាំ ២០១៤ មក។
អន្តរាគមន៍របស់រដ្ឋាភិបាល បានពង្រីកលើសពីការគ្រាន់តែឱ្យរដ្ឋបាលមូលដ្ឋានបញ្ជាទិញផ្ទះ។ ជាក់ស្តែង ធនាគារប្រជាជនចិន PBOC ដែលជាធនាការជាតិ បានអនុវត្តវិធានការបន្ថែមមួយចំនួនដែលត្រូវបានរចនាឡើងដើម្បីជំរុញទីផ្សារលំនៅឋាន រួមមាន៖
- ផ្តល់ឱ្យធនាគារនូវភាពបត់បែនកាន់តែច្រើនក្នុងការកំណត់អត្រាការប្រាក់បញ្ចាំ កាត់បន្ថយអប្បបរមាទូទាំងប្រទេសប្រកបដោយប្រសិទ្ធភាព។
- កាត់បន្ថយតម្រូវការបង់រំលោះអប្បបរមាសម្រាប់អ្នកទិញផ្ទះលើកទីមួយមកត្រឹម ១៥% និង ២៥%សម្រាប់អ្នកទិញលើកទីពីរ។
- កាត់បន្ថយអត្រាការប្រាក់សម្រាប់កម្ចីមូលនិធិផ្តល់លំនៅឋាន ត្រឹម ០,២៥%។
កិច្ចខិតខំប្រឹងប្រែងទាំងនេះ តំណាងឱ្យការឆ្លើយតបយ៉ាងទូលំទូលាយចំពោះវិបត្តិអចលនទ្រព្យដែលកំពុងបន្តក្នុងប្រទេសចិន។ ខណៈពេលវិធានការសម្រាប់ប្រសិទ្ធភាពរយៈពេលវែង នៅតែត្រូវបានគេរិះគន់ និងរង់ចាំមើលចំណាត់ការបន្ថែមពីរដ្ឋ ផលប៉ះពាល់ភ្លាមៗសម្រាប់រយៈពេលខ្លី គឺត្រូវបានគេមើលឃើញថាមានភាពវិជ្ជមាន ស្របជាមួយនឹងស្ថានភាពទីផ្សារភាគហ៊ុនរបស់ចិន កំពុងទទួលបានការកើនឡើងនូវទំនុកចិត្តរបស់វិនិយោគិនជាបណ្តើរៗ។ ភាពជោគជ័យនៃវិធានការទាំងនេះ នឹងត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ក្នុងប៉ុន្មានខែខាងមុខ ដើម្បីវាយតម្លៃផលប៉ះពាល់របស់វា លើស្ថិរភាពទីផ្សារអចលនទ្រព្យ និងជំរុញផ្លូវប្រកបដោយនិរន្តរភាពបន្ថែមទៀតសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន និងបណ្តាប្រទេសនានាដែលទទួលរងឥទ្ធិពលពីសេដ្ឋកិច្ចចិន៕
- Video Advertisement -