រដ្ឋចិនប្រកាសប្រាប់ក្រុមហ៊ុនអភិវឌ្ឍដែលរងសម្ពាធខ្លាំងឱ្យក្ស័យធនទៅបើទប់មិនរួច
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយបញ្ហាត្រាំត្រែងដែលកំពុងបន្តអូសបន្លាយនៅក្នុងវិស័យអចលនទ្រព្យ ប្រទេសចិនបានប្រកាន់ជំហរច្បាស់លាស់ ដោយបានច្រានចោលការសង្គ្រោះអ្នកអភិវឌ្ឍន៍អចលនទ្រព្យណាដែលពុំមានលទ្ធភាពដោះបំណុលបាន នេះបើយោងតាម NBC New York ចុះផ្សាយកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤។
ឧស្សាហកម្មអចលនទ្រព្យរបស់ចិន ដែលធ្លាប់ជាមហាអំណាចដែលរួមចំណែកដល់ប្រមាណមួយភាគបួននៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស បានជួបប្រទះនឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ តួលេខថ្មីៗបង្ហាញពីការធ្លាក់ចុះដល់ប្រហែល ២២% នៃសេដ្ឋកិច្ច ស្របពេលដែលរដ្ឋាភិបាលកំពុងចាត់វិធានការកាត់បន្ថយអាទិភាពលើវិស័យអចលនទ្រព្យ។
“សម្រាប់ក្រុមហ៊ុនអចលនទ្រព្យណាដែលជួបបញ្ហាក្ស័យធនយ៉ាងធ្ងន់ធ្ងរ និងបាត់បង់សមត្ថភាពក្នុងការដំណើរការ ហើយបើត្រូវក្ស័យធន ក៏គួរតែក្ស័យធនចុះ ឬត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ ស្របតាមច្បាប់ និងគោលការណ៍ទីផ្សារ។” នេះជាប្រសាសន៍របស់លោក Ni Hong រដ្ឋមន្ត្រីក្រសួងលំនៅឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទរបស់ចិន ដែលបានផ្តល់បទសម្ភាសន៍ជូន NBC New York កាលពីថ្ងៃទី ០៩ ខែមីនា ដែលគូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការអនុវត្តទីផ្សារអចលនទ្រព្យដែលដំណើរការមិនប្រក្រតី និងសង្កត់ធ្ងន់លើការទទួលខុសត្រូវសម្រាប់អ្នកអភិវឌ្ឍន៍ដែលគាំទ្រវិបត្តិលំនៅឋាន។
“ជនណាប្រព្រឹត្តអំពើដែលប៉ះពាល់ដល់ផលប្រយោជន៍មហាជន នឹងត្រូវស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់និងផ្តន្ទាទោសតាមច្បាប់” លោករដ្ឋមន្ត្រីបន្ត។
ការលើកឡើងរបស់លោក Hong ធ្វើឡើងបន្ទាប់ពីមានការចាត់វិធានការដ៏តឹងរ៉ឹងដែលផ្តួចផ្តើមឡើងក្នុងឆ្នាំ ២០២០ លើការពង្រីកបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ដែលពឹងផ្អែកលើបំណុលដើម្បីរកចំណូល គឺមានភាពជ្រាលជ្រៅ ដែលនាំទៅដល់ការរំលាយក្រុមហ៊ុនល្បីៗដូចជាក្រុមហ៊ុន Evergrande និង Country Garden ជាដើម។
ប៉ុន្តែក្រោយចំណាត់ការនោះ មានអ្នកអភិវឌ្ឍន៍ជាច្រើនបានអស់ប្រាក់ដើម្បីបញ្ចប់ការសាងសង់គម្រោងអាផាតមិន ដែលត្រូវលក់ទៅឱ្យអ្នកទិញផ្ទះនៅក្នុងប្រទេសចិនមុនពេលបញ្ចប់ ហើយមានអ្នកទិញខ្លះទៀត ធ្វើពហិការឈប់បង់បំណុល។
មួយវិញទៀត សន្និសីទប្រចាំឆ្នាំរបស់រដ្ឋាភិបាលចិននៅក្នុងឆ្នាំនេះ បានសង្កត់ធ្ងន់ទៅលើការយកចិត្តទុកដាក់របស់រដ្ឋាភិបាលលើការវិនិយោគ និងកសាងសមត្ថភាពផលិតកម្មកម្រិតខ្ពស់។ ផ្ទុយទៅវិញ ថ្នាក់ដឹកនាំមិនបានលើកឡើងពីវិស័យអចលនទ្រព្យនោះទេ។
កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីចិនលោក Li Qiang បាននិយាយនៅក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាលថា នៅឆ្នាំខាងមុខ ប្រទេសចិននឹង “ជំរុញកំណើនឱ្យលឿនជាងមុន ដើម្បីជំរុញគំរូអភិវឌ្ឍន៍ថ្មីសម្រាប់វិស័យអចលនទ្រព្យ។ យើងនឹងពង្រីកការកសាង និងផ្គត់ផ្គង់លំនៅឋានដែលឧបត្ថម្ភដោយរដ្ឋាភិបាល និងកែលម្អប្រព័ន្ធមូលដ្ឋានសម្រាប់លំនៅដ្ឋានទំនិញ ដើម្បីបំពេញតម្រូវការចាំបាច់របស់មនុស្ស ដែលត្រូវការផ្ទះសម្រាប់រស់នៅ និងតម្រូវការផ្សេងៗរបស់ពួកគេសម្រាប់ការទទួលបានលំនៅឋានដែលមានគុណភាពកាន់តែប្រសើរឡើង”៕
- Video Advertisement -