រដ្ឋដូរដីជិត ៤ពាន់ហិកតា ក្នុងខេត្តកណ្តាល ឱ្យឯកជនជាថ្នូរនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដោះដូរដីរដ្ឋចំនួន៤កន្លែង ដែលមានទំហំសរុបជាង ៣.៧៥៦ហិកតា នៅក្នុងស្រុកកោះធំ ស្រុកលើកដែក និងក្រុងសំពៅពូន នៃខេត្តកណ្តាល ឱ្យទៅក្រុមហ៊ុនឯកជនមួយ ជាថ្នូរនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាននិងអគាររដ្ឋបាល មានតម្លៃសរុបចំនួន ៤៥លានដុល្លារ។

នេះបើយោងតាមលិខិតមួយច្បាប់ចុះលេខ៧៨៥ សជណ.ហធ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានចុះហត្ថលេខាដោយឯកឧត្តម ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។

លិខិតនេះបានបញ្ជាក់ឱ្យដឹងពីសំណើសុំលក់ផ្តាច់នូវទីតាំងដីរដ្ឋចំនួន៤កន្លែង នៃរដ្ឋបាលខេត្តកណ្តាល ដែលមានទំហំសរុបចំនួន ៣៧.៥៦៩.០៧២ម៉ែត្រការ៉េ ស្មើនិងជាង ៣.៧៥៦ហិកតា ទៅឱ្យក្រុមហ៊ុនឯកជនមួយគឺក្រុមហ៊ុន ខេធី ឆាយណា អេស៊ា ហ្រ្គីនស៊ីធី អ៊ិនវេសម៉ិន ឯ.ក ជាថ្នូរនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងអគាររដ្ឋបាលរបស់ក្រុងសំពៅពួន ខេត្តកណ្តាល សរុបជាទឹកប្រាក់មានតម្លៃជាង ៤៥លានដុល្លារ។

ទីតាំងដីរដ្ឋទាំង ៤កន្លែងនោះ រួមមាន ទីតាំងដីមួយផ្នែកនៃអាងទឹកក្របីកូន អាងទឹកម្លេច អាងទឹកបឹងធំ និងអាងទឹកស្រះ៨ ស្ថិតនៅស្រុកកោះធំ និងក្រុងសំពៅពូន ដោយត្រូវអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចខាងក្រោម៖

១. ស្ថាបនាផ្លូវដី “ស” ចំនួន ២ខ្សែ ប្រវែងសរុបប្រមាណ ២០គីឡូម៉ែត្រ តម្លៃ ១២លានដុល្លារ ដោយតភ្ជាប់ពីផ្លូវជាតិលេខ២៣ មកដល់ស្ពានឆ្លងកាត់ទន្លេបាសាក់ថ្មី ក្រុងសំពៅពូន។

២. ស្ថាបនាផ្លូវ “ស” ចំនួន ២ខ្សែ ប្រវែងប្រមាណ ៣០គីឡូម៉ែត្រ តម្លៃសរុប ៨លានដុល្លារ ចាប់ពីចំណុបប្រសព្វផ្លូវជាតិលេខ២៣ រហូតដល់ផ្លូវប៉ាក់ណាម ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ និងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន។

៣. ស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ ប្រវែង ៥០០ម៉ែត្រ ទទឹង ១២ម៉ែត្រ តម្លៃ ២៤លានដុល្លារ ឆ្លងកាត់ពីសង្កាត់សំពៅពូន ទៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន។

៤. អគាររដ្ឋបាលក្រុងសំពៅពួនទំហំ ៣០ម៉ែត្រ គុណ ១៥ម៉ែត្រ កម្ពស់ ៣ដាន់ រួមទាំងជាន់ផ្ទាល់ដី ដែលមានតម្លៃ ១.០៥០.០០០ដុល្លារ។

នៅក្នុងលក្ខខណ្ឌនៃការដោះដូរនេះ ក្រសួងមហាផ្ទៃ  និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងចេញប្រកាសរួមមួយ ដើម្បីផ្ទេរកម្មសិទ្ធជូនក្រុមហ៊ុនខាងលើមុនពេលចាប់ផ្តើមដំណើរការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដោយពន្ធនៃការផ្ទេរកម្មសិទ្ធជាបន្ទុករបស់រដ្ឋ។ ចំណែកក្រុមហ៊ុនត្រូវធ្វើការដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋប៉ះពាល់ ក្នុងអត្រា ០.‌១៥ ទៅ០.២ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ជាជំហានបន្ទាប់ ក្រសួងមហាផ្ទៃត្រូវដឹកនាំភាគីរដ្ឋាភិបាលនិងភាគីឯកជនដែលពាក់ព័ន្ធ ក្នុងការចាប់ផ្តើមសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ​មុននឹងឈានទៅកាន់ការប្រគល់ទទួល ជាកិច្ចបញ្ជប់នីតិវិធីស្តីពីការដោះដូរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]