រដ្ឋប្រកាសបិទចរាចរណ៍លើផ្លូវក្រវាត់ក្រុងទី៣ រយៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃទី១ កញ្ញា ២០២៥នេះតទៅ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសបិទចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន លើមហាវិថី ស៊ី ជីនពីង ដែលជាផ្លូវក្រវាត់ក្រុងទី៣ ដើម្បីដំណើរការអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)។
ក្រសួងសារធារណការ នៅថ្ងៃទី១ កញ្ញា ឆ្នាំ២០២៥នេះ បានជម្រាបជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ដែលធ្វើដំណើរឆ្លងកាត់តាម មហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ថា ក្រសួង បាននិងកំពុងអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានទីតាំងផ្នែកខាងលិច នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងខាងកើតស្ថិតនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ដោយបច្ចុប្បន្នគម្រោងនេះសម្រេចការសាងសង់បានប្រមាណ ២០% ហើយ។ (អានបន្ថែម)
ក្រសួងបន្តថា ក្នុងអំឡុងពេលនៃការសាងសង់នេះ កំណាត់ផ្លូវមហាវិថី ស៊ី ជីនពីង ដែលគិចចាប់ពីផ្លូវបំបែកផ្លូវលេខ១១៦ A (គ.ម២+៨០០) ដល់ផ្លូវជាតិលេខ១ ត្រូវបានបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៧ព្រឹក តទៅរហូតដល់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៨។
ជាថ្មីម្តងទៀត ដើម្បីឱ្យគម្រោងសាងសង់ស្ពានខាងលើប្រព្រឹត្តទៅដោយរលូន ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំដើម្បីបង្វែរទិសចរាចរណ៍ជាបណ្តោះអាសន្ន ដូចខាងក្រោម៖ ១. ប្រភេទយានយន្តធុនស្រាល អាចធ្វើចរាចរណ៍តាមផ្លូវលេខ ១១៦ A។ ២. ប្រភេទយានយន្តធុនធ្ងន់ ត្រូវធ្វើចរាចរណ៍តាមផ្លូវលេខ ១២ A។ ៣. សម្រាប់ផ្លូវជាតិលេខ ១ ដែលទីតាំងគម្រោងឆ្លងកាត់ ការធ្វើចរាចរណ៍នៅរក្សាធម្មតា។
គួររំលឹកថា ផ្លូវក្រវាត់ក្រុងទី៣ នេះ ត្រូវបានបើកការដ្ឋានកាលពីអំឡុងខែមករា ឆ្នាំ២០១៩ ដែលឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ និងភូមិសាស្រ្តរាជធានីភ្នំពេញប្រមាណ១៥គីឡូម៉ែត្រ៕ផ្លូវមួយខ្សែនេះ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ (អានបន្ថែម)
- Video Advertisement -