រយៈពេលពីរខែដំបូង ឆ្នាំ២០២៤នេះ ការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅចិនធ្លាក់ចុះ ៩%
នៅឆ្នាំ ២០២៤ នេះ ទីផ្សារលំនៅឋានដ៏ផុយស្រួយរបស់ប្រទេសចិន បានចាប់ផ្តើមដំណើរការជាមួយនឹងអត្រាវិនិយោគ និងការលក់អចលនទ្រព្យធ្លាក់ចុះ តែមានលក្ខណៈយឺតជាងមុនឆ្នាំមុន។ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យវិស័យនេះមានស្ថិរភាពក៏ដោយ អ្នកវិភាគនៅតែមានការប្រុងប្រយ័ត្នក្នុងកាសន្និដ្ឋានពីពេលវេលាពិតប្រាកដដែលនិន្នាការធ្លាក់ចុះនេះនឹងឈានដល់ទីបញ្ចប់ហើយឬនៅ! នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពដោយ Finance.yahoo កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤។
ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសចិនបានធ្លាក់ចុះ ៩% ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២៤ ធៀបនឹងការធ្លាក់ចុះ ២៤% នៅក្នុងខែធ្នូ ឆ្នាំ ២០២៣ យោងតាមប្រភពទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS)។
អត្រាលក់អចលនទ្រព្យប្រភេទអគារ បានធ្លាក់ចុះ ២០,៥% ក្នុងខែមករាដល់ខែកុម្ភៈ ធៀបនឹងការធ្លាក់ចុះ ២៣% ក្នុងខែធ្នូ ឆ្នាំមុន។
តួលេខអចលនទ្រព្យផ្លូវការដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញពីស្ថានភាពដែលវិស័យអចលនទ្រព្យកំពុងតស៊ូរើឡើងវិញក្នុងស្ថិរភាពជាមួយនឹងតម្លៃផ្ទះធ្លាក់ចុះ បន្តគ្នាក្នុងកម្រិត ០,៣% ក្នុងខែកុម្ភៈ និងខែមករា។
លោក Nie Wen សេដ្ឋវិទូនៃក្រុមហ៊ុន Hwabao Trust បាននិយាយថា វិស័យអចលនទ្រព្យនៅតែស្ថិតក្នុងនិន្នាការធ្លាក់ចុះ ហើយថាការធ្លាក់ចុះនៃការវិនិយោគ នឹងទំនងជាមិនមានផ្លាស់ប្តូរនោះទេ ដោយអ្នកអភិវឌ្ឍន៍នៅតែជួបការលំបាកក្នុងការធានាលំហូរសាច់ប្រាក់របស់ខ្លួន។
លោក Nie បាននិយាយថា “ប៉ុន្តែដំណាក់កាលដែលវិស័យអចលនទ្រព្យមានផលប៉ះពាល់អវិជ្ជមានខ្លាំងបំផុតលើសេដ្ឋកិច្ច បានកន្លងផុតទៅហើយ។ ឥឡូវនេះអ្វីដែលចាំបាច់យើងត្រូវមើលឱ្យឃើញថាតើពេលណាទើបជាពេលវេលាដ៏សមស្របសម្រាប់វិស័យមួយនេះត្រូវងើបឡើងមកវិញ” ។
ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងទីផ្សារអចលនទ្រព្យ អាជ្ញាធរចិនបានអនុវត្តវិធានការផ្សេងៗដើម្បីជំរុញកំណើន។ វិធានការទាំងនេះ រួមបញ្ចូលការបើកដំណើរការយន្តការ “បញ្ជីស” ដើម្បីបញ្ជូនមូលនិធិពីធនាគាររដ្ឋទៅក្នុងគម្រោងអចលនទ្រព្យក្នុងស្រុកដែលបានជ្រើសរើស និងចំពោះតែគម្រោងអចលនទ្រព្យណាដែលចាត់ទុកថា មានសម្បទាសមរម្យសម្រាប់ផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទាន។ លើសពីនេះ ថ្មីៗនេះ ប្រទេសចិនបានប្រកាសពីការកាត់បន្ថយអត្រាកម្ចីប្រាក់ក្នុងទ្រង់ទ្រាយធំ ដើម្បីគាំទ្រដល់វិស័យនេះផងដែរ។
យោងតាមការគណនារបស់ Reuters ដោយផ្អែកលើទិន្នន័យរបស់ធនាគារកណ្តាលបានឱ្យដឹងថា ទំហំទឹកប្រាក់កម្ចីពីសំណាក់វិស័យលំនៅឋានសរុបដែលបានកត់ត្រា មានចំនួន ៥៩០,៧ ពាន់លានយន់ (៨២,០៨ ពាន់លានដុល្លារ) នៅក្នុងខែកុម្ភៈ។ ការសាងសង់ថ្មី ( គិតជាផ្ទៃក្រឡាតាមជាន់) ធ្លាក់ចុះ ២៩,៧% នៃអត្រាប្រចាំឆ្នាំ បន្ទាប់ពីធ្លាក់ចុះ ១១,៥៦% ក្នុងខែធ្នូ ឆ្នាំ ២០២៣។
លោក Nie បាននិយាយបន្តថា “អនាគតនៃវិស័យអចលនទ្រព្យអាស្រ័យទៅលើការវិនិយោគនៅក្នុងគម្រោងធំៗចំនួន ៣ រួមមាន (១) គម្រោងសាងសង់លំនៅឋានតម្លៃសមរម្យ (២) គម្រោងកែលម្អនិវាសដ្ឋានក្នុងទីក្រុង និង (៣) ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈបន្ទាន់។ ម្យ៉ាងទៀត វាអាស្រ័យលើថាតើការវិនិយោគលើប្រភេទគម្រោង៣ធំៗនេះ អាចប៉ះប៉ូវការធ្លាក់ចុះនៃការវិនិយោគអចលនទ្រព្យ និងបញ្ចេញតម្រូវការទិញផ្ទះដែលកើនឡើងបានដែរឬអត់” ។
ចំពោះបញ្ហានេះ ប្រភពដដែលបានឱ្យដឹងថា មូលនិធិវិនិយោគដែលកៀរគរដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចុះ ២៤,១% នៃអត្រាប្រចាំឆ្នាំ បន្ទាប់ពីការធ្លាក់ចុះ ១៧,៨% នៅក្នុងខែធ្នូឆ្នាំមុន។
អ្នកសេដ្ឋកិច្ចនៅក្រុមហ៊ុន HSBC បាននិយាយនៅក្នុងកំណត់ត្រាស្រាវជ្រាវថា “ការគាំទ្របន្ថែមទៀតសម្រាប់វិស័យអចលនទ្រព្យនៅតែចាំបាច់។ និងបាននិយាយទៀតថាគោលនយោបាយបន្ថែមដើម្បីលុបចោលការរឹតបន្តឹងការទិញផ្ទះនៅក្នុងទីក្រុងជាច្រើន និងការគាំទ្រពីរដ្ឋាភិបាលដោយផ្ទាល់ ក្នុងការជំរុញការផ្គត់ផ្គង់លំនៅឋានសាធារណៈ នឹងជួយឱ្យមានស្ថិរភាពនៅក្នុងវិស័យនេះបាន៕
- Video Advertisement -