រោងចក្រថាមពលដើរដោយឧស្ម័នធម្មជាតិដ៏ធំតម្លៃ ១,៣៤១ដុល្លារ នៅកោះកុង បើកការដ្ឋានសាងសង់ហើយ
ក្រុមហ៊ុន Royal Group Power ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង បានបើកការដ្ឋានសាងសង់រោងចក្រថាមពលដើរថាមពលឧស្ម័នធម្មជាតិ មានអនុភាព៩០០មេហ្គាវ៉ាត នៅស្រុកបទុមសាគរ ក្នុងខេត្តកោះកុង។
ពិធីបើកការដ្ឋានរោងចក្រថាមពលខាងលើនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ដោយមានការចូលរួមជាអធិបតីដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, អ្នកឧកញ៉ា គិត ម៉េង, លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងមន្រ្តីរាជរដ្ឋាភិបាលជាច្រើនរូបទៀត។
រោងចក្រដ៏ធំមួយនេះ នឹងត្រូវបំពាក់ដោយទូរប៊ីន ៤៥០មេហ្គាវ៉ាត់ ចំនួនពីរ។ ទូរប៊ីនទីមួយនឹងផលិតថាមពលចាប់ពីខែមេសា ឆ្នាំ ២០២៧ និងទីពីរ នៅខែធ្នូ ឆ្នាំ២០២៧ តទៅ ។
បន្ថែមពីលើរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ គម្រោងមួយនេះនឹងរួមបញ្ចូលនូវចំណតកំពង់ផែសម្រាប់ផ្ទុកឧស្ម័នធម្មជាតិ (LNG) ចេញពីកប៉ាល់ដែលមានលទ្ធភាពផ្ទុក ១៨៥.០០០ម៉ែត្រគូប ធុងផ្ទុក LNG ដែលមានលទ្ធភាពផ្ទុក ២០ម៉ឺនម៉ែត្រគូប និងខ្សែបញ្ជូន ៣៦គីឡូម៉ែត្រ ២៣០kV។
ថ្លែងក្នុងពិធីបើកការដ្ឋានខាងលើនេះ លោក Pianka Thomas Joseph អគ្គនាយកក្រុមហ៊ុន Royal Group Power បានលើកឡើងថា រោងចក្រថាមពលអគ្គិសនីដើរដោយឧស្ម័នធម្មជាតិនេះ ហៅកាត់ថា LNG មានអនុភាពរហូតដល់ទៅ ៩០០មេហ្គាវ៉ាត់ ខ្នាតធំបំផុតរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដោយបានបោះទុនវិនិយោគសរុបប្រមាណ ១.៣៤១ លានដុល្លារ។
លោកបញ្ជាក់ថា រោងចក្រដ៏ធំនេះនឹងរួមចំណែកដល់ការពង្រឹងស្ថិរភាពបណ្តាញ ភាពជឿទុកចិត្ត និងភាពធន់នៅក្នុងវិស័យអគ្គិសនីកម្ពុជា ព្រមទាំងជួយគាំទ្រដល់ការបង្កើនចំណែកនៃថាមពលស្អាតរហូតដល់ ៧០% របស់កម្ពុជា នៅឆ្នាំ ២០៣០។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានបង្កើតគម្រោងវិនិយោគលើវិស័យថាមពលដើរដោយឧស្ម័នធម្មជាតិដំបូងគេ និងធំជាងគេនៅកម្ពុជា នេះជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ជាលើកទីពីរ បន្ទាប់ពីជោគជ័យលើគម្រោងវិនិយោគជាប្រវត្តិសាស្ត្រលើកទី១ គឺវារីអគ្គិសនីសេសានក្រោម ២កម្លាំង ៤០០មេហ្គាវ៉ាត់ ដែលជាប្រភពថាមពលស្អាតធំជាងគេបំផុតនៅកម្ពុជា នាពេលបច្ចុប្បន្ន។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា៖ “រោងចក្រនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរក្សាស្ថិរភាពអគ្គិសនីនៅកម្ពុជា និងបង្កើនការទាក់ទាញការវិនិយោគថ្មីៗ ពិសេសក្នុងឧស្សាហកម្មបៃតង”។
គួរបញ្ជាក់ថា ក្រុមហ៊ុនRoyal Group ទទួលបានការអនុញ្ញាតវិនិយោគលើគម្រោងថាមពលដើរដោយដុតធ្យូងថ្ម អនុភាព ៧០០មេហ្គាវ៉ាត់ មានទីតាំងស្ថិតនៅស្រុកបទុមសាគរ ខេត្តកោះកុង។ ប៉ុន្តែក្រុមហ៊ុន បានបញ្ឈប់គម្រោងខាងលើ ដោយផ្លាស់ប្តូមកវិនិយោគលើគម្រោងថាមពលដើរដោយឧស្ម័នធម្មជាតិជំនួសវិញ។




- Video Advertisement -