លទ្ធផលប្រជុំវេទិកា BRI៖ អនាគត…ចិននឹងប្តូរពីសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗមកផ្តោតលើការតភ្ជាប់ឌីជីថល
លទ្ធផលនៃវេទិកាគម្រោងខ្សែក្រវាត់និងផ្លូវ (BRI) កាលពីដើមសប្តាហ៍នេះ ចិនបានបញ្ជាក់ច្បាស់ថា ខ្លួននឹងបន្តគំនិតផ្តួចផ្តើមនេះទៀត ប៉ុន្តែទសវត្សរ៍ទីពីរនេះ អាចនឹងមិនមានទិសដៅដូចកាលពីដប់ឆ្នាំដំបូងនោះទេ។ ប្រធានាធិបតីចិន លោក ស៊ី ជីងពីង កាលពីថ្ងៃពុធ បាននិយាយក្នុងវេទិកាប្រជុំBRI ជាមួយថ្នាក់ដឹកនាំអន្តរជាតិថា “គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនាពេលអនាគត នឹងមានលក្ខណៈតូចប៉ុន្តែមានភាពឆ្លាតវៃ។” សារនេះ ជាសញ្ញាប្រាប់ពីការផ្លាស់ប្តូរទិសដៅគំនិតផ្តួចផ្តើមគម្រោងខ្សែក្រវាត់និងផ្លូវនេះ ដែលជារឿយៗក្នុងរយៈពេល១០ឆ្នាំមកនេះ ត្រូវបានរិះគន់ថា មានការរួមចំណែកដល់វិបត្តិបំណុលនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។
អនាគតនៃគម្រោងខ្សែក្រវាត់និងផ្លូវ នៅពេល១០ឆ្នាំខាងមុខ
ធនាគារចិន បានដកស្រង់បទពិសោធន៍ពីមេរៀនដែលបានអនុវត្តគម្រោងនេះ អស់រយៈពេល១០ឆ្នាំកន្លងមកហើយ និងបានយល់ច្បាស់ថា ការវិនិយោគលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសជាមួយប្រទេសក្រីក្រ គឺជារឿងដ៏លំបាក។ ការលំបាកទាំងនោះបានបង្ហាញថា គម្រោងជាងមួយភាគបីនៃគម្រោងសរុបរបស់ BRI ជាមួយប្រទេសកំពុងអភិវឌ្ឍនាពេលកន្លងមក បានជួបប្រទះបញ្ហាធំៗជាច្រើន ដូចករណីដែលអ្នកស្រាវជ្រាវ បានបង្ហាញ ពីការវាយតម្លៃលើហានិភ័យ និងការវិភាគលើនិរន្តរភាពបំណុល ដោយអ្នកផ្តល់ហិរញ្ញវត្ថុចិនបានធ្វើឡើងដោយមិនមានតម្លាភាព និងត្រឹមត្រូវតាមស្តង់ដារដែលបានកំណត់នោះទេ។ របកគំហើញនេះ ធ្វើសេចក្តីរាយការណ៍ដោយ សារព័ត៌មាន Council on Foreign Relations ចុះផ្សាយថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០២៣។
ផ្អែកតាមបទពិសោធន៍ខាងលើ ធនាគារចិនទាំងនេះ បានបង្កើនប្រសិទ្ធភាពក្នុងការវាយតម្លៃលើលក្ខខណ្ឌផ្តល់មូលនិធិនាពេលអនាគត ឱ្យមានភាពជាក់លាក់ និងច្បាស់លាស់ជាងមុន ដែលជាលទ្ធផល អនាគតនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្សជាមួយប្រទេសកំពុងអភិវឌ្ឍ ដែលស្ថិតក្រោមក្របខណ្ឌ BRI នឹងត្រូវរឹតបន្តឹង។
ផ្អែកលើខ្លឹមសារនៃសៀវភៅស (White paper) ដែលបានចុះផ្សាយក្នុងវេទិកានេះ និងសេចក្តីថ្លែងការណ៍ដោយលោកប្រធានាធិបតីចិន គំនិតផ្តួចផ្តើម BRI នេះ ទោះបីជានឹងបន្តអនុវត្តរយៈពេល១០ឆ្នាំទៅមុខទៀតក្តី តែទំនងជាមានវិសាលភាពតូចជាងមុន និងមានលក្ខណៈកំណត់គោលដៅជាក់លាក់ជាងមុន និងគិតគូរពីប្រសិទ្ធភាពចំណាយ (Cost-Effective) ខ្លាំងជាងមុន ហើយភាគច្រើននឹងផ្តោតលើគម្រោងដែលមានហានិភ័យតិចតួចជាងមុនផងដែរ ។
វេទិកាឆ្នាំនេះ ផ្តោតអាទិភាពខ្លាំងលើ៖ ការតភ្ជាប់ ការអភិវឌ្ឍន៍បៃតង និងសេដ្ឋកិច្ចឌីជីថល ហើយតាមរយៈសសរស្តម្ភទាំងបីនេះ គេពិតជាអាចដឹងជាមុនថា ទីក្រុងប៉េកាំង នឹងអនុវត្តគម្រោង BRI ជាមួយបណ្តាប្រទេសដៃគូ ក្នុងទិសដៅណាខ្លះ រវាង១០ឆ្នាំខាងមុខ។
អ្វីដែលច្បាស់នោះគឺថា អនាគត ទំនងជានឹងមានគម្រោងអភិវឌ្ឍផ្លូវដែក កំពង់ផែ និងព្រលានយន្តហោះតិចជាងកាលពីគម្រោង BRI ១០ឆ្នាំមុន តែគេនឹងឃើញចិនផ្តោតសកម្មភាពច្រើនលើការតភ្ជាប់ឌីជីថល ការកំណត់ស្តង់ដារ វគ្គបណ្តុះបណ្តាល និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
ប៉ុន្តែគ្រាន់តែដោយសារតែចិនប្តូរទិសដៅគម្រោង BRI ក៏មិនមានន័យថា វានឹងមានផលវិបាកតិចជាងមុននោះក៏មិនមែនដែរ។ ជាការពិតណាស់ “ការតភ្ជាប់ផ្នែកឌីជីថល” អាចផ្តល់ឱ្យចិននូវអត្ថប្រយោជន៍សំខាន់ៗលើការប្រកួតប្រជែងរបស់ខ្លួន ព្រមជាមួយនឹងការលើកកម្ពស់បទដ្ឋានអភិបាលកិច្ចសកលរបស់ចិនផងដែរ។
ចិននឹងចាប់ផ្តើមប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលបានអភិវឌ្ឍក្នុងបណ្តាប្រទេសកាលពីមុន ដើម្បីពង្រឹងអំណាចសកល
ប្រទេសចិនអាចនឹងកាត់បន្ថយការផ្តល់មូលនិធិដល់គម្រោងខ្នាតយក្សផ្សេងទៀត ប៉ុន្តែចិនក៏ទំនងជានៅតែចាត់ទុកគម្រោងខ្សែក្រវាត់និងផ្លូវនេះ ជាឧបករណ៍ដ៏សំខាន់ដែលខ្លួនអាចប្រើប្រាស់ក្នុងពេលដែលមានការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិនកាន់តែឡើងកម្តៅខ្លាំងនាពេលដែលចាំបាច់ណាមួយ។ ជាពិសេស ប្រទេសចិនទំនងជានឹងងាកទៅរកការបង្វែរប្រើប្រាស់ផលប្រយោជន៍ពីហេដ្ឋារចនាសម្ព័ន្ធស្ថិតក្រោមគម្រោង BRI ដែលមានស្រាប់ ដើម្បីបន្តកសាងការគាំទ្ររបស់ខ្លួននៅក្នុងបណ្តាប្រទេសក្រីក្រ ក្នុងក្តីរំពឹងនៃការបង្កើតទម្ងន់ទល់នឹងលំនាំនយោបាយអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិក។
សៀវភៅសដែលចុះផ្សាយថ្មីរបស់ចិន អាចត្រូវបានគេមើលឃើញថា មានសារសំខាន់ដែល និយាយសំដៅទៅកាន់តែប្រទេសតូចៗទាំងនោះច្រើនជាងគេ។ ផ្នែកមួយនៃសៀវភៅសនៃគម្រោង BRI មានខ្លឹមសារថា “សកលភាវូបនីយកម្មសេដ្ឋកិច្ចដែលគ្រប់គ្រងដោយប្រទេស(មហាអំណាច)មួយចំនួន មិនបានរួមចំណែកដល់ការអភិវឌ្ឍរួមដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សទាំងអស់នោះទេ… ប្រទេសកំពុងអភិវឌ្ឍជាច្រើនបានទទួលផលប្រយោជន៍តិចតួចពីសកលភាវូបនីយកម្មសេដ្ឋកិច្ច ហើយថែមទាំងបាត់បង់សមត្ថភាពរបស់ពួកគេសម្រាប់ការអភិវឌ្ឍដោយឯករាជ្យថែមទៀតផង ដែលធ្វើឲ្យពួកគេពិបាកក្នុងការចូលទៅកាន់ផ្លូវនៃទំនើបកម្ម។”
ថែមពីលើនេះ លោកប្រធានាធិបតីស៊ី ជីងពីង បានរំលឹកឡើងវិញពីសារៈសំខាន់នៃ “ការលើកកម្ពស់សាមគ្គីភាពរវាងប្រទេសក្រីក្រ (South-South countries) និងបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់គាត់ចំពោះបញ្ជីសកម្មភាពមួយចំនួន ដូចជាការបង្កើតតំបន់សាកល្បងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការបន្ថែមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀតជាមួយប្រទេសដែលបានចូលរួមក្នុងគម្រោង BRI វគ្គទីពីរនេះ។ ពាណិជ្ជកម្មខាងក្រៅរបស់ប្រទេសចិនត្រូវបានគេរំពឹងថានឹងលើសពី ៣២ពាន់ពាន់លានដុល្លារនៅចន្លោះឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៨ បន្ទាប់ពីបានបូកទំហំពាណិជ្ជកម្មសរុបរបស់ខ្លួនចំនួន ៦,៣ ពាន់ពាន់លានដុល្លារកាលពីឆ្នាំមុន៕
- Video Advertisement -