វិនិយោគិនបរទេសចាប់ផ្តើមប្រុងប្រយ័ត្នឡើងវិញ ខណៈទីផ្សារអចលនទ្រព្យចិនប្រឈមមុខនឹងបញ្ហាជាថ្មី
ចំពេលមានការកើនឡើងនៃភាពមិនច្បាស់លាស់នៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន អ្នកវិនិយោគបរទេសកំពុងមានការប្រយ័ត្នប្រយែងលើការជ្រើសយកគម្រោងវិនិយោគកាន់តែខ្លាំងជាងមុន ជាពិសេសគឺមានវិនិយគិនជាច្រើន បង្ហាញការក្រែងរអែងលើការទិញអចលនទ្រព្យប្រភេទពាណិជ្ជកម្ម (commercial properties) នេះបើយោងតាម Asia.nikkei ចុះថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤។
នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងព្រំដែនក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចុះ ១៣% នៃអត្រាប្រចាំឆ្នាំ បើគិតជាទំហំទឹកប្រាក់មានចំនួន ៣,៣ ពាន់លានដុល្លារ។ ការធ្លាក់ចុះនេះ ឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែទូលំទូលាយអំពីស្ថិរភាពរបស់ទីផ្សារអចលនទ្រព្យ ជាពិសេសក្នុងចំណោមវិនិយោគិនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលម្នាក់ៗបានលើកឡើងពីការព្រួបារម្ភ ថា តើពួកគេអាចចាកចេញពីទីផ្សារចិនត្រឡប់ទៅវិញដោយចំណេញនៅពេលអនាគតដែរឬទេ។
ទន្ទឹមនឹងនេះដែរ បន្ទាប់ពីចិន ប្រទេសជប៉ុន បាននាំមុខប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងអត្រាធ្លាក់ចុះនៃសកម្មភាពពាណិជ្ជកម្មផ្នែកអចលនទ្រព្យ ៣៥% ក្នុងទំហំទឹកប្រាក់ចំនួន ៣,៧ ពាន់លានដុល្លារ។
ទោះមានការថយចុះពីវិនិយោគិនអាមេរិក ចំណែកវិនិយោគិនសិង្ហបុរីវិញ នៅតែបន្តជាតួអង្គដ៏សំខាន់នៅក្នុងទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ប្រទេសចិន ដោយបានរួមចំណែកប្រហែល ១ពាន់លានដុល្លារ នៅឆមាសទីមួយនៃឆ្នាំ ២០២៤ ទោះបីជាមានការព្រួយបារម្ភអំពីស្ថានភាពភូមិសាស្ត្រនយោបាយទូទៅក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ ទំហំវិនិយោគ ១ពាន់លានដុល្លារនេះ ក៏នៅតែតំណាងឱ្យការធ្លាក់ចុះនៃការវិនិយោគខ្ពស់បំផុតរបស់ជនជាតិសិង្ហបុរីដែរ បើធៀបនឹងឆ្នាំ ២០១៩។ ការធ្លាក់ចុះនេះបង្ហាញពីការភ័យខ្លាចកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកសុទិដ្ឋិនិយមចិនដែលប្រមើលមើលពីអនាគតសេដ្ឋកិច្ចវែងឆ្ងាយ ដែលធ្លាប់មានបទពិសោធន៍ឆ្លងកាត់វដ្តទីផ្សារច្រើនដងច្រើនគ្រា។
ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនបានប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ចាប់តាំងពីពេលដែលរដ្ឋាភិបាលបានអនុវត្តវិធានការទប់ស្កាត់ការខ្ចីប្រាក់របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យក្នុងឆ្នាំ ២០២០មក ដែលនាំឱ្យមានការដួលរលំមូលដ្ឋានគ្រឹះទីផ្សារ ដូចជាករណីក្រុមហ៊ុន Evergrande ជាដើម។ ប្រការនេះ បានអង្រួនទំនុកចិត្តរបស់គ្រួសារ និងអ្នកវិនិយោគចិន ដោយការវិនិយោគអចលនទ្រព្យសរុបនៅក្នុងប្រទេសចិនបានធ្លាក់ចុះ ១០,១% គិតជាទឹកប្រាក់ គឺមានចំនួន ៥២៥,៣ ពាន់ពាន់លានយន់ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០២៤។
មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់សិង្ហបុរីឈ្មោះ GIC ដែលជាអ្នកទិញកំពូលនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន បានសម្តែងការព្រួយបារម្ភដែរថា ប្រទេសនេះបានឈានដល់ទីបញ្ចប់នៃគំរូកំណើនសេដ្ឋកិច្ចរបស់ខ្លួន ដែលពឹងផ្អែកខ្លាំងលើអចលនទ្រព្យ។ អារម្មណ៍ទីផ្សារនេះ ត្រូវបានបន្ទរដោយអ្នកវិនិយោគផ្សេងទៀតដែលឥឡូវនេះមានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងអំពីសក្តានុពលរយៈពេលវែងនៃការវិនិយោគអចលនទ្រព្យរបស់ប្រទេសចិន។
ជាការឆ្លើយតបទៅនឹងសក្ដានុពលទីផ្សារដែលកំពុងវិវត្ត អ្នកវិនិយោគមួយចំនួនកំពុងផ្លាស់ប្តូរការផ្តោតអារម្មណ៍លើទីផ្សារ។ ក្រុមហ៊ុន Keppel Corp. ដែលគាំទ្រដោយក្រុមហ៊ុន Temasek Holdings របស់ប្រទេសសិង្ហបុរី បាននឹងកំពុង “កាត់បន្ថយហានិភ័យ” ផលប័ត្ររបស់ខ្លួននៅក្នុងប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុនបានលក់ធនាគារដីរបស់ខ្លួននៅក្នុងប្រទេសចិនក្នុងតម្លៃប្រហែល ៣ ពាន់លានដុល្លារសិង្ហបុរី (ប្រហែល ២,២ ពាន់លានដុល្លារ) និងបានកក់ប្រាក់ចំណេញយ៉ាងច្រើន។ ទោះបីជាយ៉ាងនេះក្តី នាយកប្រតិបត្តិក្រុមហ៊ុន Keppel លោក Loh Chin Hua បានទទួលស្គាល់ថា “ឱកាសរកស៊ីនៅក្នុងប្រទេសចិននៅតែមានភាពលំបាកបើប្រៀបធៀបទៅនឹងទីផ្សារផ្សេងទៀតដូចជាសិង្ហបុរី និងវៀតណាម។”
ឥឡូវនេះ ក្រុមហ៊ុន Keppel កំពុងផ្តោតលើសេវាកម្មអចលនទ្រព្យដែលឆ្លើយតបទៅនឹងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដូចជាការជួសជុលអគារចាស់ៗឡើងវិញ ដើម្បីបំពេញតាមស្តង់ដារបរិស្ថាន។ នៅក្នុងខែតុលា ក្រុមហ៊ុនបានបិទមូលនិធិវិនិយោគដែលផ្តោតលើប្រទេសចិនចំនួន ១,៦ ពាន់លានយន់ សម្រាប់កម្មវិធីបន្តជាថ្មីសម្រាប់ទីក្រុងប្រកបដោយនិរន្តរភាព ដែលជាសញ្ញានៃការផ្លាស់ប្តូរយុទ្ធសាស្រ្តវិនិយោគឆ្ពោះទៅរកតំបន់ណា ដែលមានតម្រូវការកើនឡើង ដូចជាតំបន់ដែលមានការផ្លាស់ប្តូរថាមពល និងតំបន់ដែលមានមជ្ឈមណ្ឌលទិន្នន័យជាដើម។
ទោះបីជាមានលក្ខខណ្ឌលំបាកក៏ដោយ វិនិយោគិនមួយចំនួនមើលឃើញឱកាសនៅក្នុងទីផ្សារបច្ចុប្បន្ន។ ក្រុមហ៊ុន Principal Financial Group ក្នុងភាពជាដៃគូជាមួយធនាគារ China Construction Bank កំពុងផ្តោតលើការវិនិយោគលើគម្រោងទទួលបានមជ្ឈមណ្ឌលដឹកជញ្ជូននៅតំបន់ដីសណ្ដទន្លេ Yangtze និង Pearl River Delta របស់ប្រទេសចិន ក្នុងគោលបំណងបង្កើនទ្រព្យសម្បត្តិសរុប ឱ្យឡើងដល់ ៤ ពាន់លានយន់នៅចុងឆ្នាំ ២០២៤។ ក្រុមនេះជឿជាក់ថា ក្នុងបរិបទនាពេលបច្ចុប្បន្ននេះ ការទទួលបានទ្រព្យសកម្មប្រកបដោយគុណភាព និងការធ្វើពិពិធកម្មផលប័ត្រនៅតែអាចធ្វើទៅបាន ជាពិសេសតាមរយៈការបង្កើនមូលនិធិពីក្រុមហ៊ុនឯកត្តបុគ្គលធំៗ និងការបង្កើនទំនុកចិត្ត។
ទោះយ៉ាងណាក៏ដោយ ទស្សនវិស័យសម្រាប់អចលនទ្រព្យពាណិជ្ជកម្មក្នុងប្រទេសចិននៅតែកំពុងស្ថិតក្នុងស្ថានភាពលាយឡំជាមួយនឹងបញ្ហាប្រឈមនានា ដែលគេរំពឹងថា នឹងនៅតែបន្តមានទៀត យ៉ាងហោចណាស់ក្នុងមួយរយៈពេលខ្លីខាងមុខ។ ចំពោះមុខស្ថានភាពនេះ វិនិយោគិនទំនងជានឹងបន្តរក្សាវិធីសាស្រ្តវិនិយោគដោយប្រុងប្រយ័ត្ន ដោយផ្តោតអាទិភាពចំនួន ០៣ មុននឹងសម្រេចចិត្តវិនិយោគ៖ (១) អត្រាកាន់កាប់ (២) ការពង្រីកវិសាលគម្រោងអភិវឌ្ឍន៍ និង(៣)ការសម្របតាមយុទ្ធសាស្រ្តធ្វើយ៉ាងណាឱ្យរស់បានក្នុងទិដ្ឋភាពទីផ្សារដែលមានលក្ខណៈស្មុគស្មាញជាងមុន៕
- Video Advertisement -