សហភាពអឺរ៉ុបអនុម័តច្បាប់ថ្មីតម្រូវឱ្យក្រុមហ៊ុនធំៗគោរពកាតព្វកិច្ចគ្រប់គ្រងដោយចីរភាព (CSDDD)

សហភាពអឺរ៉ុប (EU) ទើបនឹងបានបោះជំហានថ្មីដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ការទទួលខុសត្រូវបរិស្ថាននិងចីរភាពកម្រិតខ្ពស់ សម្រាប់ក្រុមហ៊ុនទាំងឡាយដែលធ្វើធុរកិច្ចនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារសកល ដោយបានអនុម័តគោលការណ៍ណែនាំថ្មីស្តីពី “កាតព្វកិច្ចចីរភាពរបស់ក្រុមហ៊ុន​  Corporate Sustainability Due Diligence Directive” ។ គោលការណ៍ណែនាំថ្មីនេះ មានលក្ខណៈជាប់កាតព្វកិច្ចត្រូវអនុវត្តចំពោះក្រុមហ៊ុនធំៗនៅក្នុងសហភាពអឺរ៉ុប និងកំណត់ការទទួលខុសត្រូវដ៏តឹងរ៉ឹងដែលតម្រូវឱ្យក្រុមហ៊ុនធ្វើអាជីវកម្មត្រូវតាមដាន ផ្ទៀងផ្ទាត់ និងរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងបញ្ហាបរិស្ថាននិងសិទ្ធិមនុស្ស នៅទូទាំងប្រតិបត្តិការផ្ទៃក្នុងរបស់ខ្លួន និងបណ្តាញផ្គត់ផ្គង់ក៏ដូចជាដៃគូអាជីវកម្មរបស់ពួកគេជាប្រចាំ នេះបើយោងតាមក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីខែឧសភា។

ទេសភាពថ្មីនៃកាតព្វកិច្ចចីរភាពរបស់ក្រុមហ៊ុន

សេចក្តីសម្រេចថ្មីរបស់ក្រុមប្រឹក្សាសហភាពអ៊ឺរ៉ុបនេះ បង្ខំឱ្យក្រុមហ៊ុនធំ ៗ ដែលមានបុគ្គលិកចាប់ពី ១០០០នាក់ឡើងទៅ និងមានចំណូលជាសកលលើសពី ៤៥០ លានអឺរ៉ូ ត្រូវជាប់កាតព្វកិច្ចអនុវត្ត ”កាតព្វកិច្ចចីរភាពរបស់ក្រុមហ៊ុន”។ ដំណើរការអនុវត្តគោលការណ៍ទាំងនេះ នឹងតម្រូវឱ្យក្រុមហ៊ុន៖

  1. បង្កើតភាពងាយតាមដាន (Traceability)៖ ត្រូវរៀបចំប្រព័ន្ធតាមដាន ដើម្បីមានទិន្នន័យគ្រប់ជ្រុងជ្រោយអំពីប្រភពដើម និងសមាសភាពនៃផលិតផលរបស់ខ្លួន។
  2. វាយតម្លៃហានិភ័យ៖ កំណត់ការរំលោភបរិស្ថាន និងបញ្ហាសិទ្ធិមនុស្សដែលអាចកើតមាននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន។
  3. យុទ្ធសាស្ត្រកាត់បន្ថយការរំលោភបញ្ហាចីរភាព៖ បង្កើត និងអនុវត្តវិធានការដើម្បីដោះស្រាយ និងកាត់បន្ថយហានិភ័យដែលអាចនឹងនាំឱ្យមានបញ្ហារំលោភបរិស្ថាននិងបញ្ហាចីរភាព។

សមាហរណកម្មប្រតិបត្តិការសម្រាប់ចីរភាព

តាមធម្មតាពីមុនមក នាយកដ្ឋាន ឬអង្គភាពក្រុមហ៊ុនដាច់ដោយឡែកពីគ្នាដែលជ្រកនៅក្រោមស្លាកយីហោនៃក្រុមហ៊ុនតែមួយ ត្រូវទទួលខុសត្រូវតាមផ្នែករបស់ខ្លួនរៀងៗខ្លួន ដូចជាបញ្ហាការអនុវត្តតាមច្បាប់ (compliance department) បញ្ហាការទទួលខុសត្រូវលើវត្ថុធាតុដើមនាំចូល  លទ្ធកម្ម បញ្ហាផ្ទៀងផ្ទាត់គុណភាពក្នុងសង្វាក់ផលិតកម្ម និងការការពារបរិស្ថានដែលជាបញ្ហាចីរភាពជាដើម។ ប៉ុន្តែតាមរយៈគោលការណ៍ចេញថ្មីនេះ នាយកដ្ឋាន ឬអង្គភាពក្រុមហ៊ុនផ្សេងៗគ្នាទាំងនោះ នឹងត្រូវសហការប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថាប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបាន អនុលោមតាមលក្ខខណ្ឌដូចមានកំណត់ក្នុងគោលការណ៍ណែនាំថ្មីនេះ។ និន្នាការនេះ បង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមានមួយកម្រិតធំបន្ថែមទៀតរបស់ក្រុមហ៊ុនចំពោះទំនួលខុសត្រូវសង្គមនិងបរិស្ថាន។

ពេលវេលានៃការអនុវត្ត

បន្ទាប់ពីរយៈពេលសម្រាប់អន្តរកាលពីរឆ្នាំសម្រាប់រដ្ឋជាសមាជិកដើម្បីដាក់បញ្ចូលគោលការណ៍ណែនាំថ្មីនេះ ទៅក្នុងច្បាប់ជាតិ (មានន័យថានឹងចាប់អនុវត្តចាប់ពីឆ្នាំ ២០២៦ទៅ) ក្រុមហ៊ុនធំៗនឹងមានពេលយ៉ាងតិចបីឆ្នាំ ដើម្បីសម្រេចឱ្យបានការអនុលោមតាមច្បាប់ថ្មីនេះ។ ដោយឡែកសម្រាប់ក្រុមហ៊ុនតូចៗ ដែលនឹងមានការបញ្ជាក់ពីទំហំច្បាស់លាស់ នឹងមានរយៈពេលប្រាំឆ្នាំសម្រាប់ការអនុវត្ត។

“ក្រុមហ៊ុនធំៗត្រូវតែទទួលយកទំនួលខុសត្រូវរបស់ពួកគេ ក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងយុត្តិធម៌សង្គមឱ្យបានកាន់តែច្រើនជាងនេះ។ គោលការណ៍ណែនាំថ្មីនេះ នឹងផ្តល់ឱ្យយើងនូវលទ្ធភាពក្នុងការដាក់ទណ្ឌកម្មតួអង្គ (ក្រុមហ៊ុន)ទាំងនោះ ដែលបំពានលើកាតព្វកិច្ចរបស់ពួកគេ។ វា​ជា​ជំហាន​ជាក់ស្តែង និង​សំខាន់​ឆ្ពោះ​ទៅ​រក​ការកសាងនិងសម្រេចឱ្យបាននូវកន្លែង​រស់នៅ​ដ៏​ប្រសើរ​សម្រាប់​មនុស្ស​គ្រប់​រូប។” ប្រសាសន៍របស់លោក Pierre-Yves Dermagne ឧបនាយករដ្ឋមន្ត្រីបែលហ្ស៊ិក និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងការងារ។

ក្រោយដាក់ឱ្យអនុវត្ត គោលការណ៍ថ្មីនេះ អាចនឹងជួបប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេសបញ្ហាការជំរុញចិត្តក្នុងការចូលរួម និងភាពមានកម្រិតនៃការយល់ដឹងពីសំណាក់ក្រុមហ៊ុន និងចូលរួមពីស្រទាប់មហាជន។ តែទោះជាយ៉ាងណាក៏ដោយ សមិទ្ធផលនេះ អាចរាប់បានថាជាជោគជ័យដ៏ធំមួយសម្រាប់ជំហានបន្ទាប់នៃវិស័យសេដ្ឋកិច្ចប្រកបដោយចីរភាព។ គោលការណ៍ណែនាំថ្មីនេះ របស់សហភាពអ៊ឺរ៉ុប នឹងក្លាយជាគំរូដ៏រឹងមាំសម្រាប់អនាគតប្រកបដោយការទទួលខុសត្រូវ និងវឌ្ឍនភាពផ្នែកចីរភាពនៃខ្សែច្រវាក់ពាណិជ្ជកម្មទូទាំងសកល៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]