អគ្គិសនីកម្ពុជាណែនាំ៤ចំនុច ដើម្បីជួយសន្សំថាមពលអគ្គិសនី ខណៈការប្រើប្រាស់កើន ៣០% ក្នុងរដូវក្តៅនេះ!
អគ្គិសនីកម្ពុជា (EDC) បានធ្វើការណែនាំ ៤ចំនុច ដល់អ្នកប្រើប្រាស់ឱ្យជួយសន្សំសំចៃថាមពលអគ្គិសនី ខណៈការប្រើប្រាស់បានកើនឡើងប្រមាណជា ៣០% គិតចាប់ពីដើមខែមេសា មក។
នេះបើតាមសេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់ថាមពលអគ្គិសនីនៅចុងរដូវប្រាំងដែលមានអាកាសធាតុក្តៅហួតហែងខ្លាំង ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។
ដើម្បីជួយចូលរួមសន្សំសំចៃកាត់បន្ថយការចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនីដែលមានថ្លៃខ្ពស់ក្នុង រយៈពេលខ្លីនេះ អគ្គិសនីកម្ពុជាបានណែនាំដល់អ្នកប្រើប្រាស់អគ្គិសនីអនុវត្តន៍តាម ៤ចំនុច ខាងក្រោម៖
១. ត្រួតពិនិត្យ និងថែទាំ សម្ភារបរិក្ខារអគ្គិសនីទាំងអស់ឱ្យបានត្រូវតាមលក្ខណបច្ចេកទេស ក្នុងនោះរួមមាន បរិក្ខារត្រជាក់ ត្រូវធ្វើការលាងសម្អាត និងត្រួតពិនិត្យប្រព័ន្ធហ្គាសជាដើម។
២. បិទ/ផ្តាច់សម្ភារបរិក្ខារអគ្គិសនី ជាពិសេសបន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ក្នុងករណីមិនចាំបាច់។
៣. បន្ថយការបើកទ្វារចំហជាញឹកញាប់រយៈពេលយូរចំពោះបន្ទប់ ឬទូរទឹកកក ដែលធ្វើឱ្យខ្យល់ត្រជាក់ចេញ។
៤. ជ្រើសរើសសម្ភារបរិក្ខារប្រើប្រាស់ណាដែលមានប្រសិទ្ធភាពខ្ពស់ ប្រើប្រាស់ថាមពលអគ្គិសនីតិច។
ការណែនាំខាងលើនេះ ត្រូវបានអគ្គិសនីកម្ពុជា បញ្ជាក់ថា អាកាសធាតុ ក្នុងរដូវប្រាំង ឆ្នាំ២០២៤ នេះ ស្ថិតក្នុងបាតុភូត អែលនីញ៉ូ (El Nino) ដែលចាប់ពីដើមខែមេសានេះ សីតុណ្ហភាពកើន កំដៅជាខ្លាំង បណ្តាលឱ្យការប្រើប្រាស់អគ្គិសនីចេញពីប្រព័ន្ធផ្គត់ផ្គង់របស់អគ្គិសនីកម្ពុជាកើនឡើងប្រមាណជា ៣០% បើប្រៀបធៀបជាមួយឆ្នាំមុន។ ដើម្បីដោះស្រាយបំពេញបង្គ្រប់នូវតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីដែលកើនឡើងយ៉ាង គំហុកនេះ អគ្គិសនីកម្ពុជាចាំបាច់ត្រូវផលិតអគ្គិសនីចេញពីរោងចក្រប្រើប្រេងឥន្ធនៈ ដែលចំណាយថ្លៃដើមខ្ពស់ខ្លាំង។
អគ្គីសនីកម្ពុជា បន្តអះអាងទៀតថា ការជួយសន្សំសំចៃតាមវិធីខាងលើ មិនត្រឹមតែបានកាត់បន្ថយចំណាយផ្ទាល់ខ្លួនប៉ុណ្ណោះទេ វាក៏រួមចំណែកក្នុងការជួយកាត់បន្ថយការចំណាយរបស់អគ្គិសនី កម្ពុជាក្នុងការផលិតថាមពលដែលមានថ្លៃដើមខ្ពស់ ជាពិសេសជៀសវាងបញ្ហាខ្វះប្រភពផ្គត់ផ្គង់ក្នុងករណីម៉ាស៊ីនផលិត អគ្គិសនីខ្នាតធំណាមួយខូច ដែលអាចកើតមានឡើងជាយថាហេតុក្នុងស្ថានភាពអាកាសធាតុក្តៅហួតហែងបែបនេះ៕
- Video Advertisement -