អាជ្ញាធរចេញវិធាន៧ចំនុច ដើម្បីបង្ក្រាបបទល្មើសធនធម្មជាតិ នៅខេត្តមណ្ឌលគីរី
អាជ្ញាធរខេត្តមណ្ឌលគីរី បានសម្រេចដាក់ចេញនូវវិធានការសំខាន់ៗចំនួន៧ចំនុច ដើម្បីទប់ស្កាត់ នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសនៅក្នុងតំបន់ដែនជម្រកសត្វព្រៃណាមលៀរ ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា និងស្រុកអូររាំង ខេត្តមណ្ឌលគិរី។
នេះតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល នៃការចុះអនុវត្តការងាររបស់គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា គណៈកម្មាធិការថ្នាក់ជាតិ ក៏បានចុះពិនិត្យដោយផ្ទាល់នៅទីតាំងដីដែលរងការកាប់រានបំផ្លាញព្រៃ ការពារ អភិរក្ស និងការទន្ទ្រានដីរដ្ឋក្នុងដែនជម្រកសត្វព្រៃណាមលៀរ ខេត្តមណ្ឌលគីរី ហើយបានរកឃើញថា នៅមានការកាប់រានព្រៃពីបងប្អូនប្រជាពលរដ្ឋមូលដ្ឋាន (បងប្អូនជនជាតិដើមភាគតិច)៕
ម៉្យាងទៀត បើតាមការពិនិត្យ និងស្តាប់នូវមតិយោបល់នៅមូលដ្ឋាន គឺគ្រប់គ្នាទាំងស្ថាប័នរដ្ឋ និងសហគមន៍ មិនទាន់បានយល់ដឹងច្បាស់អំពីដំណើរការ និងនីតិវិធី នៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងតួនាទី នៃការគ្រប់គ្រងដីសហគមន៍ ដូច្នេះរដ្ឋបាលខេត្តមណ្ឌលគិរី ក៏បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ ដាក់ចេញនូវវិធានការសំខាន់ៗ ៧ចំនុច ដូចខាងក្រោម៖
១. ត្រូវអប់រំ ណែនាំ និងផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបានយល់ដឹងអំពីតម្លៃ នៃធនធានធម្មជាតិ ច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីបរិស្ថាន ។
២. ចាតវិធានការរដ្ឋបាលចំពោះមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អារុធដែលពាក់ព័ន្ធនិងបទល្មើស ដោយត្រូវតម្លើងបញ្ជីឈ្មោះ និងផ្ញើជូនក្រសួង ស្ថាប័ពាក់ព័ន្ធ។
៣. អនុវត្តវិធានការច្បាប់ ដោយចុះស្រាវជ្រាវស្វែងរកជនល្មើស មេក្លោង មេខ្យល់ នៅពីក្រោយខ្នង អ្នកផ្តល់ថវិកាគាំទ្រការប្រព្រឹទ្ធបទល្មើស និងអ្នកពាក់ព័ន្ធបទល្មើសទាំងអស់។
៤. ធ្វើការតម្លើងផែនទីកំណត់ព្រំ រៀបចំបោះបង្គោលព្រំដី ចុះបញ្ជីដី ដើម្បីឱ្យសាធារណជនបានយល់ដឹង អំពីដីព្រៃអភិរក្ស និងតំបន់ការពារធនធានធម្មជាតិ។
៥. ត្រូវស្នើសុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ចូលរួមផ្សព្វផ្សាយជូនដល់ពលរដ្ឋឱ្យបានយល់ជ្រាប និងជួយឧបត្ថមគាំទ្រផ្តល់តាមលទ្ធភាពដល់ប្រជាការពារ ដើម្បីចូលរួមការពារធនធានធម្មជាតិក្នុងមូលដ្ឋានរបស់ខ្លួន។
៦. ស្នើដល់អាជ្ញាធរស្រុក ឃុំ ភូមិ ត្រូវបញ្ឈប់ជាបន្ទាន់លើការបញ្ជាក់លើឯកសារសុំសិទ្ធិកាន់កាប់ និងឯកសារទិញលក់ ផ្ទេរដី នៅក្នុងតំបន់ការពារធនធានធម្មជាតិ។
៧. ស្នើសុំពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានច្បាស់លាស់ផងដែរ។
- Video Advertisement -