អ្នកជំនាញបង្ហាញក្តីបារម្ភ៖ កំណើននៃការនាំចេញដែករបស់ចិនទៅកាន់ប្រទេសអាស៊ាន អាចបង្កការគំរាមកំហែងដល់អ្នកផលិតក្នុងតំបន់
យោងតាមរបាយការណ៍មួយបានបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ការនាំចេញដែកថែបរបស់ចិនទៅកាន់បណ្តាប្រទេសអាស៊ានមានការកើនឡើងរហូតដល់ ៣៦,៥៥លានតោន ស្មើនឹងប្រមាណជា ៧០% នៃការនាំចេញដែកថែបសរុបរបស់ចិន ដែលតួលេខនេះមានការកើនឡើងរហូត ៣២%។ នេះបើយោងតាមរបាយការណ៍ថ្មីៗនេះដោយ Yieh News ។
របាយការណ៍ដដែលបង្ហាញទៀតថា ដែកថែបរបស់ចិនត្រូវបាននាំចេញទៅកាន់ប្រទេសម៉ាឡេស៊ីកើនឡើងដល់ ៧១,៣% និងទៅកាន់ប្រទេសវៀតណាមកើនឡើងដល់ ៦៨,៥% ។
ដោយមើលឃើញពីកំណើនទាំងនេះ គណៈកម្មាធិការដែកថែបអាស៊ាន (AISC) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួន ដោយជំរុញឱ្យរដ្ឋាភិបាលចិនពិចារណាឡើងវិញនូវគោលនយោបាយបច្ចុប្បន្នរបស់ខ្លួនស្តីពីការលើកលែងពន្ធនាំចេញ។ AISC ព្រមានថា បើគ្មានការកែសម្រួលគោលនយោបាយនេះទេ និន្នាការ កើនឡើងនៃការនាំចេញដែកថែបរបស់ប្រទេសចិនទំនងជាការដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់អ្នកផលិតដែកក្នុងស្រុកនៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន។
ទន្ទឹមនឹងនេះ AISC ជឿជាក់ថា ទោះបីជាតម្លៃដែករបស់ចិនជួយប្រទេសអាស៊ានក្នុងការរក្សាតម្លៃសំណង់ទាបក៏ដោយ តែវាមិនសំខាន់នោះទេ ខណៈតម្លៃដែកថែបដែលចិននាំចេញទៅកាន់ប្រទេសអាស៊ាន មានតម្លៃទាបជាងផលិតកម្មក្នុងស្រុកដល់ទៅ ៣% -៥% ឯណោះ ។
AISC ជឿជាក់ថា ប្រទេសចិនគួរតែចាត់វិធានការដោះស្រាយជាបន្ទាន់ដោយកំណត់ការនាំចេញសម្ភារៈដែលអាស៊ានអាចផលិតដោយខ្លួនឯង និងលុបចោលនូវគោលនយោបាយដកពន្ធនាំចេញដែកថែបដែលមានស្រាប់នេះ។
ដោយមើលឃើញពីការវិវឌ្ឍន៍ទាំងនេះ AISC កំពុងអំពាវនាវឱ្យមានសកម្មភាពភ្លាមៗពីប្រទេសចិន រួមទាំងការកំណត់លើការនាំចេញផលិតផលដែកដែលបណ្តាប្រទេសអាស៊ានមានលទ្ធភាពផលិតខ្លួនឯងបាន ក៏ដូចជាការលុបចោលនូវគោលនយោបាយលើកលែងពន្ធនាំចេញផងដែរ។ គណៈកម្មាធិការ AISC សង្កត់ធ្ងន់ថាការចាត់វិធានការទាំងនេះគឺចាំបាច់ដើម្បីធានាបាននូវទិដ្ឋភាពប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់អ្នកផលិតដែកថែបនៅក្នុងតំបន់ ខណៈពេលដែលរក្សាបាននូវការអនុវត្តឧស្សាហកម្មប្រកបដោយនិរន្តរភាព។
- Video Advertisement -