ឥណ្ឌាជាប់លេខ៥ នៅអាស៊ីប៉ាស៊ីហ្វិកជាប្រទេសទទួលបានវិនិយោគអចលនទ្រព្យច្រើនជាងគេ
ឥណ្ឌា បានក្លាយជាប្រទេសទទួលបានការវិនិយោគអចលនទ្រព្យឆ្លងព្រំដែនធំជាងគេទី ០៥ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយទាក់ទាញបាន ៣ពាន់លានដុល្លារ ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤។ លំហូរចូលយ៉ាងខ្លាំងនេះ ជាមូលធនសកលដ៏សំខាន់ ដែលស្មើនឹង ៩% នៃទំហំវិនិយោគសរុបក្នុងតំបន់អាស៊ី និងបានគូសបញ្ជាក់អំពីភាពលេចធ្លោនៃប្រទេសឥណ្ឌានៅក្នុងទីផ្សារអចលនទ្រព្យអន្តរជាតិ នេះបើយោងតាម Businesstoday ចុះផ្សាយថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៤។
គួររំលឹកថា បច្ចុប្បន្ននេះ ការវិនិយោគឆ្លងព្រំដែនសរុបនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ឈានដល់ ១១,៥ ពាន់លានដុល្លារ យោងទិន្នន័យដែលបានចេញផ្សាយនៅក្នុងរបាយការណ៍ Look Beyond the Norms របស់ Knight Frank Asia Pacific Horizo។
សម្រាប់វិស័យអគារការិយាល័យ បានបង្ហាញពីភាពទាក់ទាញធំបំផុតសម្រាប់អ្នកវិនិយោគពិភពលោក ដោយបានរួមចំណែក ៣៦% នៃការបែងចែកដើមទុនសរុប។ តួលេខនេះឆ្លុះបញ្ចាំងពីតម្រូវការដ៏រឹងមាំសម្រាប់អចលនទ្រព្យពាណិជ្ជកម្មនៅក្នុងប្រទេសឥណ្ឌា។ បន្ទាប់ពីនេះ គឺវិស័យឧស្សាហកម្ម បានរួមចំណែកប្រមាណ ៣០% ខណៈដែលវិស័យលំនៅឋាន និងហាងលក់រាយ មានចំណែកប្រមាណ ១៥% និង ១០% រៀងគ្នា។
ទីតាំងរបស់ឥណ្ឌាជាគោលដៅកំពូលសម្រាប់លំហូរមូលធនឆ្លងព្រំដែន ត្រូវបានគូសបញ្ជាក់ជាមួយនឹងទីផ្សារសំខាន់ៗផ្សេងទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងនោះមានអូស្ត្រាលី ក៏នាំមុខគេដែរក្នុងការទទួលបានលំហូរវិនិយោគអចលនទ្រព្យឆ្លងដែន ដែលស្មើនឹង ៣៦% នៃការវិនិយោគឆ្លងព្រំដែនសរុប បន្ទាប់មកគឺជប៉ុន ២៣% សិង្ហបុរី ១១% ចិនធំ ១០% និងឥណ្ឌា ៩%។
លោក Shishir Baijal ប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Knight Frank India បានអត្ថាធិប្បាយពីទស្សនវិស័យអនាគតអចលនទ្រព្យឥណ្ឌាថា “ការផ្លាស់ប្តូរដែលរំពឹងទុកនៃសេដ្ឋកិច្ចពិភពលោកនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ ទំនងជានឹងលើកទឹកចិត្តអ្នកលេងភាគហ៊ុនឯកជនបរទេសកាន់តែច្រើន ដើម្បីទាញយកអត្ថប្រយោជន៍ពីភាពរឹងមាំនៃវិស័យម៉ាក្រូសេដ្ឋកិច្ចក្នុងស្រុករបស់ប្រទេសឥណ្ឌា។ លំហូរនៃការវិនិយោគនេះ នឹងជំរុញដំណើរការនៃអចលនទ្រព្យឥណ្ឌា និងរក្សាកំណើននៃទ្រព្យសកម្មឧស្សាហកម្ម។”
បន្ថែមពីលើនិន្នាការទីផ្សារទូទៅ របាយការណ៍ដាច់ដោយឡែករបស់ Knight Frank India បង្ហាញថា ទីក្រុង Delhi-NCR របស់ឥណ្ឌា ជាប់ចំណាត់ថ្នាក់ជាទីផ្សារជួលការិយាល័យថ្លៃបំផុតលំដាប់ទី ៥ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយរក្សាតម្លៃជួលការិយាល័យចំនួន $ ៤,១០ ក្នុងមួយហ្វីតការ៉េក្នុងមួយខែ។ ទន្ទឹមនឹងនេះ ទីក្រុងបុមបៃកាន់កាប់តំណែងទីប្រាំបីជាមួយនឹងការជួលការិយាល័យសំខាន់ចំនួន $៣,៦៥ ក្នុងមួយហ្វីតការ៉េក្នុងមួយខែ ដែលតួលេខនេះ បង្ហាញពីកំណើនគួរឱ្យកត់សម្គាល់នៅក្នុងសកម្មភាពជួលការិយាល័យ។
របាយការណ៍នេះ បានសង្កត់ធ្ងន់បន្ថែមទៀតអំពីផលប៉ះពាល់នៃមូលធនឆ្លងព្រំដែនលើទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងការព្យាករជាវិជ្ជមាននៃការកើនឡើងជាសក្តានុពលលើការវិនិយោគអចលនទ្រព្យឡើងវិញ ក្នុងកំឡុងពាក់កណ្តាលចុងក្រោយនៃឆ្នាំ ២០២៤។ កំណើននេះ ត្រូវបានគេរំពឹងថានឹងលើសពីឆ្នាំមុន និងជំរុញដោយការកាត់បន្ថយអត្រាការប្រាក់៕
- Video Advertisement -