ពីរចនាបថខ្មែរឆ្លើយតបតាមស្តង់ដារអន្តរជាតិ

ទោះបីជាត្រូវបានរចនាឡើងដោយគំនិតស្ថាបត្យកម្មរចនាបថខ្មែរ ក៏ពហុកីឡដ្ឋានជាតិមរតកតេជោនឹងត្រូវបាន ស្ថាបនាឡើងអនុលោមតាមស្តង់ដារអន្តរជាតិផងដែរ។

ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ក្នុងឆ្នាំ២០២៣ នេះកម្ពុជាបានចាប់ផ្តើមសាងសង់ ពហុកីឡដ្ឋានខ្នាតអន្តរជាតិមួយដែលនឹងបញ្ចប់នៅឆ្នាំ២០១៣ មានឈ្មោះថា ពហុកីឡដ្ឋានជាតិមរតកតេជោ។ ពហុកីឡដ្ឋានដែលធំ និងទំនើបជាងគេនៅកម្ពុជានេះ មានទីតាំងស្ថិតនៅឃុំព្រែកតាសេក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដើម្បីសិក្សាស៊ីជម្រៅពីទិដ្ឋភាពស្ថាបត្យកម្ម និងការប្រឈមក្នុងការសាងសង់នៃគម្រោងដ៏មហិមានេះ លោក វ៉ាហេង ដាវុធប្រធានស្ថាបត្យករនៃក្រុមហ៊ុន Architect Solutions បានផ្តល់កិច្ចសម្ភាសន៍ជាមួយលោក ឈុត ប៊ុនធឿន ដែលជាអ្នកយកព័ត៌មានរបស់ទស្សនាវដ្តីសំណង់ និង អចលនទ្រព្យបានផ្តល់ការអត្ថាធិប្បាយដូចខាងក្រោម៖

១) តើលោកបានប្រឡូកក្នុងវិស័យសំណង់ អស់រយៈពេលប៉ុន្មានឆ្នាំហើយ? តើលោកមានតួនាទីអ្វីនៅក្នុងការសាងសង់គម្រោងពហុកីឡដ្ឋាននេះ?

ខ្ញំបានបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្មនៅ​ ទីក្រុងសៃហ្គន​ នៃប្រទេសវៀតណាម ក្នុងឆ្នាំ ១៩៩៥។ ក្រោយបញ្ចាប់ការសិក្សាខ្ញុំបាន​ឈានជើងចូលក្នុវិស័យមួយនេះអស់រយៈពេលជាង២០ឆ្នាំមកហើយ ហើយបានរចនា​ប្លង់គម្រោងជាច្រើនដូចជា សណ្ឋាគារ រោងចក្រអាផាតមែន ការិយាល័យសាធារណៈ និងគេហ- ដ្ឋានជាដើម។ ក្នុងនាមជាប្រធានស្ថាបត្យករ នៃគម្រោងនេះ ខ្ញុំគិតថាគ្មានអ្វីដែលត្រូវឆ្ងល់នោះទេ ដែលថាពហុកីឡដ្ឋានជាតិមរតកតេជោនេះគឺជាឧបសគ្គដ៏ធំបំផុតដែលស្ថាបត្យករត្រូវពុះពារ។

២) តើការសាងសង់នៃពហុកីឡដ្ឋាននេះ ត្រូវបានចែកចេញជាប៉ុន្មានដំណាក់កាល?

ការសាងសង់នៃគម្រោងពហុកីឡដ្ឋាននេះគ្រប់ដណ្តប់ លើផ្ទៃដីទំហំ៨៥ហិកតា និងចែក ចេញជាបីដំណាក់កាល។ ដំណាក់កាលទី១ ចាប់ផ្តើមនៅឆ្នាំ២០១៣ ទទួលការសាងសង់ ដោយក្រុមហ៊ុន លីយុ៉ងផាត់គ្រុប (L.Y.P. Group) ចំណាយទឹកប្រាក់អស់៣៨លានដុល្លារអាមេរិក ដែលជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។ ដំណាក់កាលទី២ ដែលជា​ការសាងសង់អគារពហុកីឡដ្ឋានធំ ដែលអាច​ផ្ទុកទស្សនិកជនបាន ៦មឺុននាក់ និងបំពាក់​ដោយប្រព័ន្ធជំលៀសខ្លួនពេលមានអាសន្នលំដាប់ថ្នាក់អន្តរជាតិ បានចាប់ផ្តើមសាងសង់ កាលពីខែមេសា ឆ្នាំ២០១៧ ដោយប្រើរយៈពេល៤០ខែដើម្បីបញ្ចប់។ ហើយដំណាក់កាលនេះមានតម្លៃ១៥៧ លានដុល្លារអាមេរិក​ ដែលជា​ជំនួយរបស់រដ្ឋាភិបាល ចិន។ ខណៈដែលការរៀបចំផែនមេត្រូវបានបញ្ចប់ជាស្ថាពរ សម្រាប់ ដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២១ កំពុងរង់ចាំថវិកាពីរាជរដ្ឋាភិបាលដើម្បី ចាប់ផ្តើមការងារសាងសង់។

៣)តើការសាងសង់ដំណាក់កាលនីមួយៗ មានលក្ខណៈពិសេសអ្វីខ្លះ? តើបច្ចុប្បន្នកំពុង ស្ថិតនៅក្នុងការសាងសង់នៃដំណាក់កាលទីប៉ុន្មាន?

ការសាងសង់ក្នុងដំណាក់កាលទី១ គឺជាកីឡាក្នុងមណ្ឌលសាលកីឡា មានដូចជា សាលហ្វឹកហាត់ មណ្ឌលកីឡាហែលទឹក អគារស្នាក់នៅ អាហារដ្ឋាន និងទីលានហ្វឹកហាត់។ យ៉ាងណាមិញក្នុងដំណាក់កាលទី២ គឺផ្តោតលើការសាងសង់អគារពហុកីឡដ្ឋាន មេ។ ដោយឡែកដំណាក់ទី៣ មានដូចជាមណ្ឌលថែទាំសុខភាព មជ្ឈមណ្ឌលវិជ្ជសាស្រ្តនិងទីលានវាយកូនបាល់ ទីលានហុកគី សាលកីឡាប្រពៃណី សាលកាយសម្ព័ន្ធ និងសាលកីឡាបាញ់កាំភ្លើង។ យើងព្យាយាមប្រើប្រាស់សម្ភារសំណង់ និងកម្មករសំណង់ក្នុងស្រុកឲ្យបានច្រើនតាមដែលអាចធ្វើបានដើម្បីចំណេញដល់សេដ្ឋកិច្ចជាតិ។

៤)តើក្រុមហ៊ុនណាជាអ្នកទទួលសាងសង់ លើគម្រោងនេះ? ហើយក្រុមហ៊ុនណាដែលជាអ្នករចនាប្លង់នៃគម្រោង? តើមានក្រុមហ៊ុនខែ្មរចូលរួមការសាង សង់ដែរឬទេ ឬក៏មានតែ​ក្រុមហ៊ុនម៉ៅការរបស់ចិនទេ?

ដោយសារតែដំណាក់កាលទី២ ទទួលបានជំនួយពីរដ្ឋាភិបាលចិន ដូច្នេះក្រុមហ៊ុនចិនត្រូវ បានជ្រើសរើសដើម្បីធ្វើជាអ្នកម៉ៅការសាង់សង់សម្រាប់ដំណាក់ទី២។ ដោយឡែកសម្រាប់ក្រុមហ៊ុន Architect Solutions ដែលដឹកនាំដោយរូបខ្ញុំផ្ទាល់ទទួលខុសត្រូវជាសំខាន់លើការផ្តួចផ្តើមគំនិតរចនាលើប្លង់មេនៃគម្រោងនេះ។ ការសាងសង់ពហុកីឡដ្ឋាននេះបានស្រូបយកកម្លាំងកម្មករក្នុងស្រុកជាង៤០០នាក់ ហើយក៏មានបុគ្គលិកជំនាញក្នុងស្រុកចំនួន ២៥នាក់ផងដែរ។

៥) តើអ្វីជាបញ្ហាប្រឈមក្នុងការសាងសង់ អគារពហុកីឡដ្ឋានដ៏ធំមួយនេះ?

ពហុកីឡដ្ឋានចុងក្រោយរបស់យើង ដែលជាពហុកីឡដ្ឋានជាតិអូឡាំពិកត្រូវបានស្ថាបនាឡើងកាលពី៥០ឆ្នាំមុន។ ដើម្បីធានាថា ពហុ-កីឡដ្ឋានថ្មីរបស់យើងនឹងមានស្តង់ដារទំនើបៗ សម្រាប់កីឡាចំនួន៣៥ប្រភេទ នោះយើងបានធ្វើការយ៉ាងលំបាកពីចំណុចសូន្យឡើងទៅ។យើងចាំបាច់ត្រូវសិក្សាស្វែងយល់ពីប្រទេសជាមិត្តនានាក្នុងតំបន់អាស៊ាន ដូចជាប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម និងភូមា ប៉ុន្តែវានៅតែមិនទាន់គ្រាប់គ្រាន់នោះទេ។ យើងត្រូវបន្តដំណើរទៅទ្វីបអឺរ៉ុបដូចជា អេស្ប៉ាញ បារាំងអ៊ីតាលី ដើម្បីសិក្សាពីស្តង់ដារបស់ពួកគេផង ដែរ។ ដូច្នេះយើងបានចំណាយពេលវេលាជាច្រើន ដើម្បីទៅសិក្សាពីពហុកីឡដ្ឋានលំដាប់អន្តរជាតិជាច្រើន ដោយត្រូវសិក្សាពីដំណាក់កាលសាងសង់នីមួយៗយ៉ាងលំអិត ដើម្បីធ្វើឲ្យប្រាកដថា ពហុកីឡដ្ឋានដ៏មហិមានេះ និងត្រូវស្ថាបនាឡើងស្របទៅតាមស្តង់ដារអន្តរ-ជាតិសម្រាប់ប្រារព្ធកម្មវិធីប្រកួតកីឡាស៊ីហ្គែមនៅកម្ពុជានៅឆ្នាំ២០២៣ ក៏ដូចជាការប្រកួតកីឡាធំៗដទៃទៀតដែរ។

៦)តើអ្វីជាចំនុចពិសេសនៃពហុកីឡដ្ឋានជាតិមរតកតេជោ បើធៀបនឹងពហុកីឡដ្ឋាន អន្តរជាតិដទៃទៀត?

ប្លង់ទាំងមូលនៃពហុកីឡដ្ឋាននេះគឺត្រូវបានជម្រុញដោយប្រវត្តិសាស្រ្តស្ថាបត្យកម្មជាប្រពៃណីដ៏អស្ចារ្យនៃកម្ពុជា។ ធាតុផ្សំមួយចំនួនផ្សេងទៀតនៃប្លង់គំរូ ចាប់តាំងពីប្រព័ន្ធទឹករហូតដល់ប្រព័ន្ធផ្លូវ ក៏ទទួលបានការជម្រុញពីរចនាសម័្ពន្ធនៃប្រាង្គប្រាសាទអង្គរវត្តដ៏ល្បីល្បាញផងដែរ។ ក្រៅពីប្លង់គំរូនេះ ការរចនាអគារនីមួយៗក៏ចម្លងពីរចនាបថស្ថាបត្យកម្មនិងនិមិត្តរូបផ្សេងៗពីអតីតកាលដែលរាប់ចាប់ពីប្រាសាទអង្គរវត្ត ទៅប្រាសាទបន្ទាយស្រីដ៏ល្អវិចិត្រ រហូតដល់ទៅរូបតំណាងនៃសត្វនាគ និងសត្វដំរីជាដើម។ល។ ម្យ៉ាងវិញទៀត ពហុកីឡដ្ឋានជាតិមរតកតេជោ ក៏មានបំពាក់ដោយបរិក្ខារកីឡាលក្ខណៈស្តង់ដារ និងមានឯកទេសច្បាស់លាស់ផង ដែរ។ ហើយវាក៏នឹងក្លាយទៅជាទីតាំងកីឡាបែបធម្មជាតិមួយដែលពោរពេញទៅដោយទេសភាពស្រស់ត្រកាល និងខ្យល់អាកាសបរិសុទ្ធផងដែរ ដោយសារ តែសួនច្បារ និង ដើមឈើនឹងគ្រប ដណ្តប់លើផ្ទៃ៧០ភាគរយនៃផ្ទៃដីទំហំ ៨៥ ហិកតា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]