ធនាគារពិភពលោកប្តេជ្ញាជួយកម្ពុជាឆ្លងកាត់វិបត្តិសេដ្ឋកិច្ចពីកូវីដ១៩ នេះ

“វិបត្តិជាសាកលដោយសារកូវីដ–១៩ នេះ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា​រងផលប៉ះពាល់យ៉ាងដំណំ… ធនាគារពិភពលោកប្តេជ្ញាថា នឹងជួយកម្ពុជាដើម្បីដោះស្រាយបញ្ហាពីវិបត្តិកូវីដ–១៩នេះ និងជួយពង្រឹងសេដ្ឋកិច្ចឱ្យឆាប់ងើបឡើងវិញ និងឱ្យមានភាពធន់សម្រាប់អនាគត”។

នេះ ជាប្រសាសន៍របស់លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា ក្នុងរបាយការណ៍មួយចេញផ្សាយដោយធនាគារពិភពលោក នៅថ្ងៃនេះ ស្តីអំពីកូវីដ ១៩ គម្រាមកំហែងខ្លាំងមែនទែនដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដែលមិនធ្លាប់មានក្នុងរវាង ៣០ ឆ្នាំកន្លងមកនេះ។

ការរីករាលដាលកូវីដ–១៩ មួយរយៈកន្លងទៅនេះ បានធ្វើឱ្យក្បាលម៉ាស៊ី​នសេដ្ឋកិច្ចរបស់កម្ពុជា សំខាន់ៗរួមមានវិស័យទេសចរណ៍ ឧស្សាហកម្មនាំចេញ និងវិស័យសំណង់ ដែលតំណាងឱ្យ ៧០ ភាគរយ នៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារប្រមាណ ៤០ ភាគរយ នៃការងារសរុបរបស់ប្រទេសកម្ពុជា ត្រូវរងផលប៉ះពាល់យ៉ាងខ្លាំង។

ជាលទ្ធផល កម្រិតភាពក្រីក្ររបស់កម្ពុជា​ក្នុងឆ្នាំ ២០២០ នេះ អាចនឹងកើនឡើងពី ៣ ទៅ ១១ ភាគរយ ធៀបទៅនឹងកម្រិតស្ថានភាពនៅពេលដែលគ្មានជំងឺកូវីដ–១៩។ កំណើនភាពក្រីក្រនេះ នឹងមានចំពោះគ្រួសារដែលមានជីវភាពពឹងផ្អែកលើវិស័យទេសចរណ៍ សំណង់ អ្នកប្រកបរបរលក់ដូរ ឧស្សាហកម្មផលិតកម្ម និងកម្មករកាត់ដេរ ។

របាយការណ៍ដដែលបានព្រមានថា “លំហូរវិនិយោគទុនរកស៊ី​ កំពុងតែបន្ថយល្បឿនបន្តិចៗរហូតដល់កម្រិតដែលនៅសល់ទាបបំផុត ហើយជាលទ្ធផល នឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃអចលនទ្រព្យ ដែលទំនងជានឹងបញ្ចប់ការផ្ទុះឡើងនៃវិស័យសំណង់”។

ការប៉ះបង្គិចក្បាលម៉ាស៊ីនសេដ្ឋកិច្ចសំខាន់ៗ ជាពិសេសទេសចរណ៍ និងវិស័យសំណង់នេះ នឹងធ្វើឱ្យមនុស្សប្រមាណ ១, ៧៦ លាននាក់បាត់បង់ការងារធ្វើ។ ទាំងប្រជាពលរដ្ឋ ពិបាករកការងារធ្វើ ទាំងធុរកិច្ចប្រឈមនឹងការកាត់បន្ថយចំណូល នឹងនាំមានឱនភាពសារពើពន្ធ ដែលនឹងមានកម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មានក្នុងកំឡុងពេល ២២ ឆ្នាំ កន្លងមក។

ដោយសារមូលហេតុនេះ កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២០ នេះ  នឹងថម​ថយរហូតដល់រវាង –១ និង –២,៩ ភាគរយ ដែលនេះ គឺជាល្បឿនយឺតបំផុតមិនដែលធ្លាប់ជួបប្រទះ តាំងពីឆ្នាំ ១៩៩៤ មក។

ជាការឆ្លើយតបទៅនឹងវិបត្តិកូវីដ–១៩នេះ របាយការណ៍ដដែល បានស្នើឡើងនូវអនុសាស​ន៍គោលនយោបាយមួយចំនួនផងដែរ។ សម្រាប់វិធានការជាដំណោះស្រាយក្នុងរយៈខ្លី ធនាគារពិភពលោក ស្នើឱ្យមានការចាត់វិធានការរំសាយភាពតានតឹងផ្នែកសេដ្ឋកិច្ច (economic relief)  និងការគាំពារសុខភាពសាធារណៈជាបន្ទាន់។

ទន្ទឹមនឹងនេះ ធនាគារពិភពលោក ជំរុញឱ្យមានវិធានការស្តារឡើងសេដ្ឋកិច្ចឲ្យងើបឡើងវិញ ក្នុងរយៈពេលខ្លី  និងជួយពង្រឹងភាពធន់នៃផ្នែកម៉ាក្រូសារពើពន្ធ និងសង្គម នៅក្នុងរយៈពេលមធ្យម។

ក្រៅពីអនុសាសន៍គោលនយោបាយខាងលើ របាយការណ៍នេះ  ចាប់អារម្មណ៍ជាពិសេស ទៅលើសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស ដែលត្រូវសម្រេចឡើងតាមរយៈការពង្រឹងគុណភាពអប់រំ សម្រាប់ធ្វើឱ្យមានកំណើនប្រកបដោយចីរភាព និងភាពធន់របស់សង្គមនៅកម្ពុជា។

វិសិដ្ឋកម្មគុណភាពអប់រំ ដែលរបាយការណ៍នេះ បានលើកឡើង ចង់សំដៅដល់ការពង្រឹងគណនេយ្យភាពនៅតាមសាលារដ្ឋ ការភ្ជាប់លក្ខខណ្ឌនៃការដំឡើងប្រាក់បៀវត្សរ៍ និងការដំឡើងមុខតំណែង ទៅនឹងការសម្រេចបានសមិទ្ធផលការ​ងារ និងការធ្វើបសិដ្ឋកម្មសមត្ថភាព បំណិនសម្បទា និងគុណភាពរបស់គ្រូបង្រៀននៅតាមសាលារៀន។

មានសាលារៀនរបស់កម្ពុជាចំនួន ០២ ដែលធនាគារពិភពលោកបានលើកឡើងថា មានគុណផលល្អ និងសម្រាប់អ្នកធ្វើគោលនយោបាយយកជាគំរូក្នុងការធ្វើវិសិដ្ឋកម្មគុណភាពអប់រំកម្ពុជា។ សាលារៀនពីរនោះ  គឺសាលារៀនជំនាន់ថ្មី (New Generation School) និង សាលារៀនដែលមានការគ្រប់គ្រងនៅកម្រិតសាលា (School Based Management)៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]