រដ្ឋាភិបាលគ្រោងលក់មូលបត្របំណុលរដ្ឋក្នុងទំហំ ៣០០លានដុល្លារ នៅឆ្នាំក្រោយ
នៅឆ្នាំ២០២២ រាជរដ្ឋាភិបាល គ្រោងនឹងបោះផ្សាយលក់មូលបត្របំណុលរដ្ឋ (government bond) ជាលើកដំបូងក្នុងទំហំទឹកប្រាក់សរុប ៣០០លានដុល្លារ ដើម្បីរកថវិកាមកគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។
នេះបើយោងតាម ខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលប្រកាសកាលពីថ្ងៃទី២២ ខែតុលា កន្លងទៅ។
ការលក់មូលប័ត្របំណុលរបស់រដ្ឋាភិបាលនេះ បើពន្យល់និយាយឱ្យងាយយល់ គឺស្រដៀងគ្នានឹងរដ្ឋខ្ចីលុយពីអ្នកវិនិយោគដូច្នោះដែរ តែធ្វើឡើងក្នុងទ្រង់ទ្រាយជាការវិនិយោគ។
ពោលគឺ រដ្ឋខ្ចីលុយពីអ្នកវិនិយោគ ហើយសន្យាថានឹងសងក្នុងអត្រាការប្រាក់ណាមួយ។ អ្នកវិនិយោគភាគច្រើនចូលចិត្តទិញមូលប័ត្រ ដោយសារតែហានិភ័យទាបជាងទិញភាគហ៊ុន ហើយការប្រាក់ខ្ពស់ជាងដាក់លុយនៅធនាគារ។
ជាក់ស្ដែង ការលក់មូលបត្របំណុលរបស់រដ្ឋាភិបាល គឺវិធីសាស្រ្តពេញនិយមមួយ ដែលប្រទេសផ្សេងៗប្រើប្រាស់ដើម្បីរកថវិកាមកអភិវឌ្ឍប្រទេសជាតិ ប៉ុន្តែកម្ពុជានៅមិនទាន់ធ្វើនៅឡើយ។ UNDP ក៏ធ្លាប់បានណែនាំថា កម្ពុជាគួរបោះពុម្ពមូលបត្របំណុលរដ្ឋជាប្រាក់រៀលផងដែរ ដើម្បីពង្រីកប្រភពហិរញ្ញវត្ថុ។ (អានបន្ថែម)
យោងតាមក្រសួងសេដ្ឋកិច្ច ការលក់មូលបត្របំណុលរដ្ឋលើកដំបូងនេះ គឺជាការសាកល្បង ហើយសង្ឈឹមថាវានឹងជាការចូលរួមកាត់បន្ថយកម្ចីឥណទានពីក្រៅប្រទេស ដោយរាជរដ្ឋាភិបាលនឹងផ្តោតលើការគៀងគរប្រភពហិរញ្ញប្បទានពីខាងក្នុងប្រទេសវិញ។
ហិរញ្ញប្បទានពីការបោះផ្សាយមូលបត្ររដ្ឋ នឹងយកទៅប្រើបន្ថែមលើផែនការកម្ចីពីដៃគូឆ្នាំ២០២២ ក្នុងកម្រិត ១ ៦០០លាន SDR (កញ្ចប់ថវិកាអន្តរជាតិរបស់IMF) ឬប្រមាណ ២.២ ០០លានដុល្លារ ដើម្បីគាំទ្រគម្រោងវិនិយោគសាធារណៈ ប្រមាណ ៣៥គម្រោង។ (អានបន្ថែម)
ក្រសួងសេដ្ឋកិចុ្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា ការបោះពុម្ពផ្សាយលក់មូលបត្ររដ្ឋលើកដំបូង និងការខ្ចីក្នុងទំហំខាងលើនេះ នឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌករដល់កម្ពុជាទេ។
ស្ថានភាពបំណុលសាធារណៈកម្ពុជានៅតែមានចីរភាព និងហានិភ័យកម្រិតទាប ដែលរាល់សូចនាករបំណុលគន្លឹះៗរបស់កម្ពុជា សុទ្ធតែស្ថិតនៅក្រោមអនុបាតគោលទាំងអស់។
- Video Advertisement -