ប្រាក់ខែត្រឹម ៥០០ ដុល្លារ អាចវិនិយោគលើអចលនទ្រព្យបានទេ?
អ្នកខ្លះយល់ថា ការវិនិយោគលើអចលនទ្រព្យ គឺត្រូវចំណាយថវិកាច្រើន និងប្រើប្រាស់រយៈពេលយូរ។ ម៉្យាងវិញទៀត បើយោងតាមការសិក្សា តម្លៃអចលនទ្រព្យ ឬផ្ទះសម្បែងជាមធ្យមនៅកម្ពុជា គឺខ្ពស់ជាងចំណូលមធ្យមរបស់ប្រជាជនទូទៅដល់ទៅ ៣៩ដង ឯណោះ។ (អានបន្ថែម)
ចុះបើអ្នកមានប្រាក់ខែត្រឹមតែ ៥០០ដុល្លារ ហើយចង់វិនិយោគលើអចលនទ្រព្យ តើអាចទៅរួចទេ? ហើយត្រូវធ្វើយ៉ាងដូចម្ដេច?
លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានឱ្យដឹងថា ចំណូល ត្រឹម ៥០០ ដុល្លារ ក៏អាចវិនិយោគបានដែរ។
បង់រំលស់ផ្ទះឬដីឡូតិ៏
លោក ណែនាំថា៖ «អ្វីដែលអ្នកត្រូវវិនិយោគមុនគេគឺ ផ្ទះ។ ឧទាហរណ៍ថា បើអ្នកមានប្រាក់ខែ ៥០០ដុល្លារ ហើយបច្ចុប្បន្នកំពុងជួលផ្ទះគេនៅ អ្នកគួរតែរកផ្ទះណាមួយបង់រំលស់»។

ប៉ុន្ដែ ប្រសិនបើ អ្នកមានចំណាយច្រើន ហើយមិនមានលទ្ធភាពបង់រំលស់ផ្ទះទេ វិនិយោគលើដីឡូតិ៍ ជាជម្រើសល្អមួយទៀត។
លោក ច័ន្ទឌី បានបន្តទៀតថា៖ «អ្នកខ្លះថាវិនិយោគលើដីឡូតិ៍គឺមិនសូវចំណេញ ប៉ុន្តែគឺមិនពិតទាំងស្រុងទេ។ យើងមើលដីឡូតិ៍ពី ៣ ឆ្នាំទៅ ៥ ឆ្នាំ តម្លៃឡើងពី ២ ទៅ ៣ ដង។ បើទិញ ៥០០០ ដុល្លារ លក់វិញបាន ១០ ០០០ ដុល្លារ វាប្រសើរជាងយើងយកលុយដាក់ធនាគារ។
ការវិនិយោគលើដីឡូតិ៍មើលទៅដូចជាតូចតាច តែវាដូចជាការសន្សំអ៊ីចឹង បើដីឡើងថ្លៃ យើងអាចលក់ដីយកមកទិញផ្ទះ ឬវិនិយោគលើអ្វីផ្សេងទៀតបាន។ តែ បើដីមិនឡើងថ្លៃទេ យើងក៏អាចសង់ផ្ទះលើដី ដើម្បីនៅក៏បាន។ ក្រោយមានផ្ទះនៅហើយ យើងនឹងអាចបន្ដវិនិយោគលើអចលនទ្រព្យធំៗជាងនេះបាន។
លោកបានណែនាំទៀតថា បើចង់ទិញដីឡូតិ៍ត្រូវចេះប្រមូលព័ត៌ំមាន ចេះស្ទង់ និងព្យាករមើលសក្ដានុពលនៅតំបន់នោះ។ យ៉ាងណាមិញ ប្រសិនបើមិនទាន់មានបទពិសោធន៍ទេ គួរតែរៀនពីអ្នកមានបទពិសោធន៍សិន។
វិនិយោគជាក្រុម
ជាមួយគ្នានេះដែរ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានឱ្យដឹងថា វិធីមួយទៀតសម្រាប់អ្នកមានចំណូលតិច គឺការវិនិយោគជាក្រុម។ ប៉ុន្តែវិធីនេះ សំខាន់បំផុត គឺអាស្រ័យលើបុគ្គលដែរ ពោលគឺថាតើបុគ្គលនោះអាចធ្វើការជាក្រុម ឬអាចទុកចិត្តបានដែរឬទេ?
ខ្ចីធនាគារមកវិនិយោគ
លោកបានបន្ថែម វិធីចុងក្រោយសម្រាប់អ្នកមានចំណូលតិច គឺត្រូវចេះខ្ចីធនាគារ។ វិធីនេះ មិនត្រឹមតែ ជួយឱ្យអ្នកចេះវិនិយោគលើអចលនទ្រព្យទេ តែវាជាការសន្សំក្រឌីតជាមួយនឹងធនាគារ ដើម្បីខ្ចីលុយធំបាននាពេលអនាគត។
លោកបន្តថា៖ «ពេលវិនិយោគ គឺយើងត្រូវចេះខ្ចីខ្លះ សងធនាគារខ្លះ ជាមួយនឹងការប្រាក់តាមហ្នឹង។ ជាទូទៅ ប្រាក់ខែ ៣០០ (ដុល្លារ) ទៅ ៥០០ (ដុល្លារ) អាចទទួលបានកម្ចីពីធនាគារបានពីចន្លោះ ២ ទៅ ៣ ម៉ឺនអីដែរ»។
លោក បានណែនាំថា ប្រើប្រាស់កម្ចីធនាគារមកវិនិយោគគឺជាឱកាសល្អ។ ប្រសិនបើអ្នកគិតថា ចាំមានលុយសិន ចាំវិនិយោគ គឺចាំរហូតហើយ។
សរុបមក ប្រសិនបើមានប្រាក់ខែ ៥០០ (ដុល្លារ) សួរថា អាចវិនិយោគលើអចលនទ្រព្យបានទេ ចម្លើយគឺបាន អាស្រ័យលើការចេះរៀបចំផែនការ គោលដៅ និងចរន្តសាច់ប្រាក់ផ្ទាល់ខ្លួន ការចេះស្វែងរកប្រភពហិរញ្ញវត្ថុ ក៏ដូចជាការចេះជ្រើសយកប្រភេទអចលនទ្រព្យមួយណា ដែលសាកសមនឹងចរន្តសាច់ប្រាក់របស់អ្នក។
- Video Advertisement -