ខេត្តពោធិ៍សាត់នឹងមានវារីអគ្គិសនី២បន្ថែមទៀត ខណៈវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នឹងដំណើរការឆ្នាំ ២០២៦
វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នៅក្នុងខេត្តពោធិ៍សាត់ ក្រោមទុនវិនិយោគជាង២៣០លានដុល្លារ នឹងចាប់ផ្តើមដំណើរការនៅក្នុងខែមេសា ឆ្នាំ២០២៦ខាងមុខនេះ ហើយខេត្តអាចនឹងទទួលបានគម្រោងវារីអគ្គសនីថ្មីចំនួន ២ ផ្សេងទៀត ដើម្បីបំពេញតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៧ ខែមីនា ២០២៣។
ឯកឧត្តមបានឱ្យដឹងថា បច្ចុប្បន្នខេត្តពោធិ៍សាត់មានវារីអគ្គិសនីចំនួន ០២កន្លែង ក្នុងនោះ គម្រោងទី១ គឺ វារីអគ្គិសនីស្ទឹងអាតៃ ដែលស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង មានអនុភាព ១២០មេហ្គាវ៉ាត់ (MW) ដាក់ដំណើរការកាលពីឆ្នាំ២០១៤។
គម្រោងទី២ គឺ វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង មានអនុភាព ៨០ មេហ្កាវ៉ាត់ (MW) កំពុងដំណើរការសាងសង់ទំនប់ ហើយគ្រោងដាក់ឱ្យដំណើរការ នៅក្នុងឆ្នាំ ២០២៦។ គម្រោងនេះកសាងដោយក្រុមហ៊ុនប្រទេសកូរ៉េ ចំណាយថវិកាប្រមាណជាង ២៣១ លានដុល្លារ។ (អានបន្ថែម)
ឯកឧត្តមបន្ត សម្រាប់វារីអគ្គិសនីនៅស្ទឹងពោធិ៍សាត់នេះមិនត្រឹមតែផ្តល់ថាមពលអគ្គិសនី និងធនធានទឹកសម្រាប់ការប្រើប្រាស់នោះទេ ប៉ុន្តែក៏អាចនឹងមានការអភិវឌ្ឍជាតំបន់ទេសចរណ៍ដ៏ប្រណីត ដែលមានផ្ទៃអាង ១៨៧គីឡូម៉ែត្រ និងកម្ពស់ទាប ៨០ម៉ែត្រ ខ្ពស់បំផុត ១០០ម៉ែត្រ ដែលអាចទាក់ទាញទេសចរមកកាន់ស្រុកវាលវែង និងខេត្តពោធិ៍សាត់ផងដែរ។ នាពេលខាងមុខ វារីអគ្គិសនីស្ទឹងពោធិ៍សាត់ទី២ និងទី៣ អាចនឹងលេខចេញជារូបរាងបន្តទៀតផងដែរ ដែលគម្រោងទី២ មានទីតាំងនៅប៉ែកខាងលើនៃគម្រោងទី១ ហើយគម្រោងទី៣ មានទីតាំងនៅព្រំប្រទល់នឹងខេត្តពោធិ៍សាត់ និងកោះកុង។
ឯកឧត្តមបន្ថែម «ឆ្នាំ២០២៦ក្នុងខែបួន នឹងបើកឱ្យប្រើប្រាស់ជាស្ថាពរ។ តាមពិតត្រូវហើយមុននឹងបន្តិច ប៉ុន្តែក្រុមហ៊ុនថា យ៉ាងយូរបំផុតត្រឹមខែបួន (២០២៦) ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នេះនឹងចាប់ផ្តើមដំណើរការហើយ។ បើមាន១ ពិតជាមាន២។ ប្រហែលនឹងមានគម្រោងមួយនៅខាងលើ ហើយទៅមុខទៀតនឹងមានគម្រោងមួយទៀតនៅជាប់ព្រំប្រទល់ខេត្តកោះកុង»។
បច្ចុប្បន្ននេះ នៅខេត្តពោធិ៍សាត់មានអនុស្ថានីយ ចំនួន៣ រួមមាន អនុស្ថានីយអូរសោម, អនុស្ថានីយពោធិ៍សាត់ និង អនុស្ថានីយស្វាយស៕
- Video Advertisement -