អ្នកជំនាញចិនចុះមកសិក្សាផ្ទាល់លើការវិនិយោគអភិវឌ្ឍផ្លូវរថភ្លើងលឿនធុនស្រាលនៅកម្ពុជា
តំណាងក្រុមហ៊ុន China Metro Group បានចុះមកសិក្សាផ្ទាល់លើការវិនិយោគជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលក្នុងក្រុង។ នេះបើតាមជំនួបជាមួយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។
ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យក្រុមហ៊ុនអាចស្វែងយល់អំពីគម្រោងការសិក្សានានា ដែលជាទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីដោះស្រាយការកកស្ទះ និងជំរុញកាត់បន្ថយចំណាយលើការប្រើប្រាស់សេវាដឹកជញ្ជូនក្នុងទីក្រុង។
ជំនួបនេះផងដែរ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើក្រុមហ៊ុន China Metro Group ឱ្យសិក្សាពីគម្រោងផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលចំនួន ០២ ក្នុងរាជធានីភ្នំពេញ និង ១ទៀតនៅខេត្តសៀមរាប ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងអំឡុងពេលដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិនកាលពីខែកុម្ភៈកន្លងទៅ។ (អានបន្ថែម)
ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានបង្ហាញក្រុមហ៊ុនឱ្យដឹងនូវគម្រោងសិក្សាដែលក្រសួងកំពុងស្ថិតក្នុងការសិក្សា ព្រមទាំងកំពុងលើកទឹកចិត្តឱ្យក្រុមហ៊ុន ឬដៃគូអភិវឌ្ឍន៍នានាចូលរួមក្នុងការវិនិយោគ និងបានជំរុញឱ្យក្រុមហ៊ុនខាងលើពិនិត្យលទ្ធភាពក្នុងការចូលរួមដាក់ទុនវិនិយោគក្នុងការកសាង និងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
ក្នុងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញនូវគម្រោងមួយចំនួនដូចជា ការសិក្សាគម្រោងតភ្ជាប់ផ្លូវរថភ្លើងពីព្រលានយន្តហោះភ្នំពេញថ្មី ការសិក្សាគម្រោងតភ្ជាប់ផ្លូវរថភ្លើងពីព្រលានយន្តហោះថ្មីខេត្តសៀមរាប ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីឆ្លើយតបទៅនឹងការកកស្ទះចរាចរណ៍ ដោយសារកំណើននៃយានយន្ត និងតម្រូវការនៃដឹកជញ្ជូន។
ជាការឆ្លើយតប ក្រុមហ៊ុន CHINA METRO GROUP បានបង្ហាញនូវបំណងចង់ចូលរួមបណ្តាក់ទុនវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនៅនៅកម្ពុជាផងដែរ។
- Video Advertisement -