សិង្ហបុរីវ៉ាដាច់អាមេរិកដែលមានទំហំវិនិយោគបរទេសធំជាងគេនៅអាស៊ីប៉ាស៊ីហ្វិក
វិនិយោគិនសិង្ហបុរី រួមចំណែកប្រហែល ៨,៣ពាន់លានដុល្លារអាមេរិក ទៅក្នុងទីផ្សារអចលនទ្រព្យនៅទូទាំងអាស៊ីប៉ាស៊ីហ្វិកទាំងមូល ពោលគឺលើសពីខ្ទង់វិនិយោគរបស់អ្នកវិនិយោគអាមេរិក ដែលមានត្រឹមតែ ៧,៣ ពាន់លានដុល្លារប៉ុណ្ណោះ។ កំណើនខ្ទង់វិនិយោគនេះ ធ្វើឱ្យសិង្ហបុរីជាប់ឈ្មោះជាប្រទេសមានវិនិយោគិនទៅបរទេស ដែលមានទំហំទឹកប្រាក់វិនិយោគធំបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ ២០២៣ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុន MSCI Real Assets ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤។
អ្វីដែលគួរឱ្យកត់សម្គាល់គឺថា វិនិយោគិនសិង្ហបុរី បានបន្តចាប់អារម្មណ៍វិនិយោគភាគច្រើននៅក្នុងប្រទេសអូស្ត្រាលី និងចិន ជាមួយនឹងកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន ដែលទើបតែបានបញ្ចប់នៅក្នុងត្រីមាសទី៤ កាលពីឆ្នាំទៅមិញនេះ។ ប្រទេសធំៗទាំងពីរនេះ គឺជាទីផ្សារសេដ្ឋកិច្ចដ៏ធំ ដែលអ្នកវិនិយោគក្នុងប្រទេសផ្សេងទៀតក្នុងពិភពលោក កំពុងដកខ្លួនថយ។
លោក Benjamin Chow ប្រធានផ្នែកស្រាវជ្រាវទ្រព្យសកម្មប្រចាំទ្វីបអាស៊ីរបស់ក្រុមហ៊ុន MSCI បាននិយាយថា “ការដកខ្លួនថយចេញពីទីផ្សារធំៗនៅអាស៊ីប៉ាស៊ីហ្វិចនេះ បានបង្ហាញអំពីនិន្នាសកលនៃអ្នកវិនិយោគ ដែលងាកទៅរកទីផ្សារដែលនៅជិតប្រទេសដើមរបស់ខ្លួនវិញ” ។
វិនិយោគិនមកពីអាមេរិកខាងជើង និងអឺរ៉ុប បានកាត់បន្ថយការចំណាយរបស់ពួកគេនៅអាស៊ីប៉ាស៊ីហ្វិកច្រើនជាង ៥០% ក្នុងឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំមុន។ ក្នុងលំនាំដូចគ្នានេះដែរ ការវិនិយោគពីកាណាដា និងអឺរ៉ុបបានធ្លាក់ចុះ ៧៥% និង ៧៩% រៀងគ្នា ប៉ុន្តែ លើកលែងតែប្រទេសជប៉ុន ដែលគេពុំឃើញមាននិន្នាការដកទុនវិនិយោគពីសំណាក់វិនិយោគិនបរទេសនោះទេ។
ជាលទ្ធផលភាគហ៊ុនរបស់វិនិយោគិនសកលនៃសកម្មភាពលទ្ធកម្មអចនទ្រព្យនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានធ្លាក់ចុះមកត្រឹម ៩% ដែលជាកម្រិតទាបបំផុតទីពីរសម្រាប់កំណត់ត្រាប្រចាំឆ្នាំ។ ក្រៅពីវិនិយោគិនសិង្ហបុរី, វិនិយោគិនជប៉ុនក៏បង្កើនការចំណាយរបស់ពួកគេយ៉ាងខ្លាំងកាលពីឆ្នាំមុន ដែលខ្ទង់ចំណាយក្នុងឆ្នាំ២០២៣ ច្រើនជាងខ្ទង់ចំណាយ ឆ្នាំ ២០២០ និងឆ្នាំ២០២២ រួមបញ្ចូលគ្នាទៅទៀត។ អូស្ត្រាលី ក៏ជាទីផ្សារគោលដៅដ៏សំខាន់បំផុតរបស់ពួកគេផងដែរ។ ឧទាហរណ៍ ការលក់អគារពាណិជ្ជកម្មទីក្រុងស៊ីដនី ផ្លូវ ៦០ Margaret ទៅឱ្យក្រុមហ៊ុន Mitsubishi Estate និងដៃគូ AsheMorgan ដែលមានមូលដ្ឋាននៅទីក្រុង Syndey ក្នុងតម្លៃ ៦៨០លានដុល្លារ កាលពីខែតុលាឆ្នាំមុន គឺជាកិច្ចព្រមព្រៀងទ្រព្យសម្បត្តិដ៏ធំបំផុតប្រចាំឆ្នាំរបស់អូស្ត្រាលី។
នៅក្នុងកិច្ចព្រមព្រៀងអចលនទ្រព្យនៅអាស៊ីប៉ាស៊ីហ្វិក ភាគច្រើនគឺសម្បូរតែអ្នកទិញឯកជនដែលជ្រើសរើសការជាវយកសណ្ឋាគារ និងអចលនទ្រព្យប្រភេទហាងលក់រាយ នៅទូទាំងប្រទេសភាគច្រើននៅក្នុងតំបន់។ ចំណែកឯអ្នកទិញជាស្ថាប័នវិញ ភាគច្រើនចាប់អារម្មណ៍តែលើវិស័យណាដែលកំពុងមានការរីកចម្រើន និងទីផ្សារដែលមានការចាប់អារម្មណ៍ខ្លាំង ដូចជាមជ្ឈមណ្ឌលទិន្នន័យ និវាសនដ្ឋានសម្រាប់និស្សិត ឃ្លាំងភស្តុភារក្នុងប្រទេសជប៉ុន ប្រភេទអគារសាងសង់ដើម្បីទុកជួលនៅប្រទេសអូស្ត្រាលី និងអាផាតមិនជួលក្នុងប្រទេសចិនជាដើម៕
- Video Advertisement -