ជាង១០ឆ្នាំមកនេះ អង្គការអភិរក្សអន្តរជាតិកម្ពុជាបានជួយស្តារព្រៃលិចទឹក ៦០០ហិកតា នៅទន្លេសាប

រយៈពេលជាង ១ទសវត្សរ៍ អង្គការអភិរក្សអន្តរជាតិកម្ពុជា (CI) សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ចូលរួមស្តារព្រៃលិចទឹក ប្រមាណ ៦០០ហិកតានៅទន្លេសាប ដែលដាំកូនឈើបានជាង ២៧០ពាន់ដើម តាំងពីចាប់ផ្តើមបេសកម្មរបស់ខ្លួននៅចាប់ពីឆ្នាំ ២០១០មក។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់អង្គការ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។

លោក អ៊ុំ សូនី នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិ មានប្រសាសន៍ថា៖ “បេកសកម្មសំខាន់នេះ គឺជាផ្នែកមួយក្នុងកម្មវិធីអភិរក្សរបស់យើង ស្របតាមគោលនយោបាយជាតិផង ក្នុងគោលបំណងចម្បង គឺស្តារធម្មជាតិឱ្យប្រសើរឡើងវិញ។ ជាពិសេសរក្សាការពារព្រៃលិចទឹកដែលជាជម្រកដ៏សំខាន់បំផុតរបស់មច្ឆជាតិ និងជីវៈចម្រុះ ទុកជាប្រយោជន៍សម្រាប់មនុសគ្រប់ជំនាន់។”

លោកបន្តថា៖ “នៅទន្លេសាប អង្គការCI កម្ពុជា យើងក៏ផ្តោតលើការស្តារប្រភេទឈើលិចទឹកធំសំខាន់ៗដូចជា ដើមស្តី ដើមត្អួ និងដើមរទាំង ជាដើម ដែលជាប្រភេទកម្រហើយធន់នឹងជំនន់ទឹក។ ផ្នែកមួយនៃកម្មវិធីអភិរក្សនេះ គឺការធ្វើឱ្យមានភាពធន់ នៅពេលដែលមានទឹកជំនន់ និងការទប់ស្កាត់ភ្លើងឆេះនៅតាមសហគមន៍។”

បើតាមប្រភពដដែលបានបន្ថែមថា អង្គការ CI កម្ពុជា ធ្វើការងារអភិរក្សនៅបឹងទន្លេសាបជាងមួយទសវត្សរ៍មកហើយ ដោយគាំទ្រដល់សហគមន៍មូលដ្ឋានក្នុងការបណ្តុះកូនឈើ ហើយដាំកូនឈើនោះនៅរៀងរាល់ដើមរដូវវស្សាជារៀងរាល់ឆ្នាំ។

ក្រៅពីការងារអភិរក្សនៅតំបន់ទន្លេសាប អង្គការ CI បាននិងកំពុងធ្វើការងារអភិរក្សធម្មជាតិ និងស្តារព្រៃឈើនៅតំបន់៣ទៀតសំខាន់ៗគឺ តំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល ដែនជម្រកសត្វព្រៃ-ព្រៃឡង់ និងឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែលជាជម្រកសត្វព្រៃសំខាន់ៗបំផុតនៅកម្ពុជាផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]