ការវិនិយោគអចលនទ្រព្យនៅអាស៊ីធ្លាក់ចុះ ១៣% ចំពេលមានការពន្យារពេលកាត់បន្ថយអត្រាការប្រាក់ និងការកំណត់តម្លៃទីផ្សារជាថ្មី
ការធ្លាក់ចុះនៃការវិនិយោគអចលនទ្រព្យនាពេលថ្មីៗនេះ នៅទូទាំងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក បរិមាណវិនិយោគ ២២,៩ពាន់លានដុល្លារ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ គឺជាការធ្លាក់ចុះដ៏សំខាន់មួយ ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំសញ្ញាច្បាស់លាស់ពីធនាគារកណ្តាលទាក់ទងនឹងការកែសម្រួលគោលនយោបាយរូបិយវត្ថុ។ វិធីសាស្រ្តរង់ចាំនិងមើលនេះបានធ្វើឱ្យសកម្មភាពវិនិយោគមានភាពតានតឹង និងបង្កើនការប្រុងប្រយ័ត្នទីផ្សារ។
ទំហំវិនិយោគអចលនទ្រព្យពាណិជ្ជកម្ម នៅអាស៊ីប៉ាស៊ីហ្វិកបានធ្លាក់ចុះ ១៣% បើគិតជាទឹកប្រាក់មានតម្លៃសរុបប្រមាណ ២២,៩ ពាន់លានដុល្លារ ក្នុងរយៈពេលបីខែគិតត្រឹមចុងខែមិថុនា ធៀបនឹងត្រីមាសមុន ។ ការធ្លាក់ចុះនេះ គូសបញ្ជាក់ពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដែលកំពុងបន្តក្នុងតំបន់ និងការប្រុងប្រយ័ត្នរបស់វិនិយោគិន នេះបើយោងតាម Bloomberg ធ្វើបច្ចុប្បន្នភាពថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៤។
ចាប់ផ្តើមពីហុងកុង មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី៖ ការធ្លាក់ចុះខ្លាំងបំផុតត្រូវបានគេសង្កេតឃើញនៅក្នុងទីក្រុងហុងកុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់អាស៊ី ជាមួយនឹងការថយចុះគួរឱ្យកត់សម្គាល់ប្រមាណ ៥៤% ដែលជំរុញដោយការកើនឡើងនៃបរិមាណទ្រព្យសកម្មដែលមានបញ្ហា និងភាពមិនច្បាស់លាស់ផ្នែកម៉ាក្រូសេដ្ឋកិច្ចដែលចេះតែបន្តកើតមានជាបន្តបន្ទាប់។ ស្ថានភាពនេះ បានរារាំងអ្នកវិនិយោគពីការប្តេជ្ញាចិត្តក្នុងការទិញអចលនទ្រព្យក្នុងទ្រង់ទ្រាយធំ។
ការកំណត់តម្លៃទីផ្សារឡើងវិញ៖ ជុំវិញបញ្ហានេះ លោក Henry Chin ប្រធានផ្នែកស្រាវជ្រាវអចលនទ្រព្យប្រចាំអាស៊ីរបស់ក្រុមហ៊ុន CBRE បញ្ជាក់ពីការរំពឹងទុករបស់លោកថាទីផ្សារនឹងបន្តការកែសម្រួលខ្លួនវា។ លោក Chin បានកត់សម្គាល់ថា៖ “យើងរំពឹងថា នឹងមានការកំណត់តម្លៃក្នុងទីផ្សារឡើងវិញបន្ថែមទៀតនៅឆ្នាំនេះ ជាពិសេសនៅហុងកុង ចិនដីគោក និងសិង្ហបុរី។ ” និន្នាការកំណត់តម្លៃឡើងវិញនេះ បង្ហាញថា វិនិយោគិននឹងអាចមើលឃើញពីចំណុចចូលក្នុងទីផ្សារបានវិញ នៅពេលក្រោយក្នុងឆ្នាំនេះ ដោយសារនៅពេលនោះតម្លៃអចលនទ្រព្យនៅក្នុងទីផ្សារនឹងមានការកែប្រែ ខិតទៅរកកម្រិតមួយដែលមិនខ្ពស់ហួសពេកពីលទ្ធភាពរបស់សេដ្ឋកិច្ចមូលដ្ឋាន។
និន្នាការអចលនទ្រព្យនៅអូស្ត្រាលី និងនូវែលសេឡង់៖ ផ្ទុយទៅវិញ តម្លៃទីផ្សារអចលនទ្រព្យនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ កំពុងធ្លាក់ជិតដល់បាតនៃវដ្តតម្លៃរបស់ខ្លួន ដែលជាចំណុចកំណល់ទ្រទាបបំផុត។ ស្ថានភាពនេះ បង្ហាញថាទីផ្សារទាំងនេះ អាចនឹងមានស្ថិរភាពក្នុងពេលឆាប់ៗនេះ ដែលបង្ហាញពីឱកាសទិញដ៏មានសក្តានុពលសម្រាប់អ្នកវិនិយោគដែលកំពុងស្វែងរកទ្រព្យសម្បត្តិដែលមានតម្លៃទាបនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕
- Video Advertisement -