វិនិយោគិន​បរទេស​ចាប់ផ្តើមប្រុង​ប្រយ័ត្នឡើងវិញ ខណៈ​ទីផ្សារ​អចលន​ទ្រព្យ​ចិន​ប្រឈម​មុខ​នឹង​បញ្ហាជាថ្មី

ចំពេលមានការកើនឡើងនៃភាពមិនច្បាស់លាស់នៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន អ្នកវិនិយោគបរទេសកំពុងមានការប្រយ័ត្នប្រយែងលើការជ្រើសយកគម្រោងវិនិយោគកាន់តែខ្លាំងជាងមុន ជាពិសេសគឺមានវិនិយគិនជាច្រើន បង្ហាញការក្រែងរអែងលើការទិញអចលនទ្រព្យប្រភេទពាណិជ្ជកម្ម (commercial properties) នេះបើយោងតាម Asia.nikkei ចុះថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤។

នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងព្រំដែនក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចុះ ១៣% នៃអត្រាប្រចាំឆ្នាំ បើគិតជាទំហំទឹកប្រាក់មានចំនួន ៣,៣ ពាន់លានដុល្លារ។ ការធ្លាក់ចុះនេះ ឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែទូលំទូលាយអំពីស្ថិរភាពរបស់ទីផ្សារអចលនទ្រព្យ ជាពិសេសក្នុងចំណោមវិនិយោគិនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលម្នាក់ៗបានលើកឡើងពីការព្រួបារម្ភ ថា តើពួកគេអាចចាកចេញពីទីផ្សារចិនត្រឡប់ទៅវិញដោយចំណេញនៅពេលអនាគតដែរឬទេ។

ទន្ទឹមនឹងនេះដែរ បន្ទាប់ពីចិន ប្រទេសជប៉ុន បាននាំមុខប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងអត្រាធ្លាក់ចុះនៃសកម្មភាពពាណិជ្ជកម្មផ្នែកអចលនទ្រព្យ ៣៥% ក្នុងទំហំទឹកប្រាក់ចំនួន ៣,៧ ពាន់លានដុល្លារ។

ទោះមានការថយចុះពីវិនិយោគិនអាមេរិក ចំណែកវិនិយោគិនសិង្ហបុរីវិញ នៅតែបន្តជាតួអង្គដ៏សំខាន់នៅក្នុងទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ប្រទេសចិន ដោយបានរួមចំណែកប្រហែល ១ពាន់លានដុល្លារ នៅឆមាសទីមួយនៃឆ្នាំ ២០២៤ ទោះបីជាមានការព្រួយបារម្ភអំពីស្ថានភាពភូមិសាស្ត្រនយោបាយទូទៅក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ ទំហំវិនិយោគ ១ពាន់លានដុល្លារនេះ ក៏នៅតែតំណាងឱ្យការធ្លាក់ចុះនៃការវិនិយោគខ្ពស់បំផុតរបស់ជនជាតិសិង្ហបុរីដែរ បើធៀបនឹងឆ្នាំ ២០១៩។ ការធ្លាក់ចុះនេះបង្ហាញពីការភ័យខ្លាចកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកសុទិដ្ឋិនិយមចិនដែលប្រមើលមើលពីអនាគតសេដ្ឋកិច្ចវែងឆ្ងាយ ដែលធ្លាប់មានបទពិសោធន៍ឆ្លងកាត់វដ្តទីផ្សារច្រើនដងច្រើនគ្រា។

ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនបានប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ចាប់តាំងពីពេលដែលរដ្ឋាភិបាលបានអនុវត្តវិធានការទប់ស្កាត់ការខ្ចីប្រាក់របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យក្នុងឆ្នាំ ២០២០មក ដែលនាំឱ្យមានការដួលរលំមូលដ្ឋានគ្រឹះទីផ្សារ ដូចជាករណីក្រុមហ៊ុន Evergrande ជាដើម។ ប្រការនេះ បានអង្រួនទំនុកចិត្តរបស់គ្រួសារ និងអ្នកវិនិយោគចិន ដោយការវិនិយោគអចលនទ្រព្យសរុបនៅក្នុងប្រទេសចិនបានធ្លាក់ចុះ ១០,១% គិតជាទឹកប្រាក់ គឺមានចំនួន ៥២៥,៣ ពាន់ពាន់លានយន់ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០២៤។

មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់សិង្ហបុរីឈ្មោះ GIC ដែលជាអ្នកទិញកំពូលនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន បានសម្តែងការព្រួយបារម្ភដែរថា ប្រទេសនេះបានឈានដល់ទីបញ្ចប់នៃគំរូកំណើនសេដ្ឋកិច្ចរបស់ខ្លួន ដែលពឹងផ្អែកខ្លាំងលើអចលនទ្រព្យ។ អារម្មណ៍ទីផ្សារនេះ ត្រូវបានបន្ទរដោយអ្នកវិនិយោគផ្សេងទៀតដែលឥឡូវនេះមានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងអំពីសក្តានុពលរយៈពេលវែងនៃការវិនិយោគអចលនទ្រព្យរបស់ប្រទេសចិន។

ជាការឆ្លើយតបទៅនឹងសក្ដានុពលទីផ្សារដែលកំពុងវិវត្ត អ្នកវិនិយោគមួយចំនួនកំពុងផ្លាស់ប្តូរការផ្តោតអារម្មណ៍លើទីផ្សារ។ ក្រុមហ៊ុន Keppel Corp. ដែលគាំទ្រដោយក្រុមហ៊ុន Temasek Holdings របស់ប្រទេសសិង្ហបុរី បាននឹងកំពុង “កាត់បន្ថយហានិភ័យ” ផលប័ត្ររបស់ខ្លួននៅក្នុងប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុនបានលក់ធនាគារដីរបស់ខ្លួននៅក្នុងប្រទេសចិនក្នុងតម្លៃប្រហែល ៣ ពាន់លានដុល្លារសិង្ហបុរី (ប្រហែល ២,២ ពាន់លានដុល្លារ) និងបានកក់ប្រាក់ចំណេញយ៉ាងច្រើន។ ទោះបីជាយ៉ាងនេះក្តី នាយកប្រតិបត្តិក្រុមហ៊ុន Keppel លោក Loh Chin Hua បានទទួលស្គាល់ថា “ឱកាសរកស៊ីនៅក្នុងប្រទេសចិននៅតែមានភាពលំបាកបើប្រៀបធៀបទៅនឹងទីផ្សារផ្សេងទៀតដូចជាសិង្ហបុរី និងវៀតណាម។”

ឥឡូវនេះ ក្រុមហ៊ុន Keppel កំពុងផ្តោតលើសេវាកម្មអចលនទ្រព្យដែលឆ្លើយតបទៅនឹងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដូចជាការជួសជុលអគារចាស់ៗឡើងវិញ ដើម្បីបំពេញតាមស្តង់ដារបរិស្ថាន។ នៅក្នុងខែតុលា ក្រុមហ៊ុនបានបិទមូលនិធិវិនិយោគដែលផ្តោតលើប្រទេសចិនចំនួន ១,៦ ពាន់លានយន់ សម្រាប់កម្មវិធីបន្តជាថ្មីសម្រាប់ទីក្រុងប្រកបដោយនិរន្តរភាព ដែលជាសញ្ញានៃការផ្លាស់ប្តូរយុទ្ធសាស្រ្តវិនិយោគឆ្ពោះទៅរកតំបន់ណា ដែលមានតម្រូវការកើនឡើង ដូចជាតំបន់ដែលមានការផ្លាស់ប្តូរថាមពល និងតំបន់ដែលមានមជ្ឈមណ្ឌលទិន្នន័យជាដើម។

ទោះបីជាមានលក្ខខណ្ឌលំបាកក៏ដោយ វិនិយោគិនមួយចំនួនមើលឃើញឱកាសនៅក្នុងទីផ្សារបច្ចុប្បន្ន។ ក្រុមហ៊ុន Principal Financial Group ក្នុងភាពជាដៃគូជាមួយធនាគារ China Construction Bank កំពុងផ្តោតលើការវិនិយោគលើគម្រោងទទួលបានមជ្ឈមណ្ឌលដឹកជញ្ជូននៅតំបន់ដីសណ្ដទន្លេ Yangtze និង Pearl River Delta របស់ប្រទេសចិន ក្នុងគោលបំណងបង្កើនទ្រព្យសម្បត្តិសរុប ឱ្យឡើងដល់ ៤ ពាន់លានយន់នៅចុងឆ្នាំ ២០២៤។ ក្រុមនេះជឿជាក់ថា ក្នុងបរិបទនាពេលបច្ចុប្បន្ននេះ ការទទួលបានទ្រព្យសកម្មប្រកបដោយគុណភាព និងការធ្វើពិពិធកម្មផលប័ត្រនៅតែអាចធ្វើទៅបាន ជាពិសេសតាមរយៈការបង្កើនមូលនិធិពីក្រុមហ៊ុនឯកត្តបុគ្គលធំៗ និងការបង្កើនទំនុកចិត្ត។

ទោះយ៉ាង​ណា​ក៏​ដោយ ទស្សនវិស័យ​សម្រាប់​អចលនទ្រព្យ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​ចិន​នៅ​តែ​កំពុងស្ថិតក្នុងស្ថានភាពលាយឡំ​ជាមួយ​នឹង​បញ្ហា​ប្រឈម​នានា ​ដែល​គេរំពឹង​ថា ​នឹងនៅតែ​បន្ត​មាន​ទៀត យ៉ាងហោចណាស់ក្នុង​មួយរយៈពេល​ខ្លី​ខាង​មុខ។ ចំពោះមុខស្ថានភាពនេះ វិនិយោគិនទំនងជានឹងបន្តរក្សាវិធីសាស្រ្តវិនិយោគដោយប្រុងប្រយ័ត្ន ដោយផ្តោតអាទិភាពចំនួន ០៣ មុននឹងសម្រេចចិត្តវិនិយោគ៖ (១) អត្រាកាន់កាប់ (២) ការពង្រីកវិសាលគម្រោងអភិវឌ្ឍន៍ និង(៣)ការសម្របតាមយុទ្ធសាស្រ្តធ្វើយ៉ាងណាឱ្យរស់បានក្នុងទិដ្ឋភាពទីផ្សារដែលមានលក្ខណៈស្មុគស្មាញជាងមុន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]