កូរ៉េ និងជប៉ុនចេញមុខដឹកនាំប្រទេសនៅឥណ្ឌូប៉ាស៊ីហ្វិក ឆ្លើយតបនឹងវិបត្តិខ្សែច្រវាក់ផ្គត់ផ្គង់សេដ្ឋកិច្ចនៅឥណ្ឌូប៉ាស៊ីហ្វិក
ក្នុងព្រឹត្តិការណ៍ផ្លាស់ប្តូរយុទ្ធសាស្ត្រតំបន់ដ៏សំខាន់មួយ ដើម្បីការពារខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារសេដ្ឋកិច្ចក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប្រទេសកូរ៉េខាងត្បូង និងជប៉ុនបានចេញមុខដឹកនាំ បង្កើតអន្តរបណ្តាញថ្មីមួយដើម្បីឆ្លើយតបនឹងវិបត្តិសាកល ក្រោមក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) នេះបើយោងតាម Asia.nikkei ចេញផ្សាយថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤។
ក្នុងសេចក្តីប្រកាសដែលធ្វើឡើងដោយរដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីខែកក្កដា បណ្តាញអន្តរជាតិនេះ មានគោលបំណងធានាថា ប្រទេសជាសមាជិកនៃបណ្តាញនេះ នឹងរក្សាលទ្ធភាពទទួលបានការផ្គត់ផ្គង់ទំនិញសំខាន់ៗក្នុងអំឡុងពេលមានអាសន្ន ដោយមានកូរ៉េខាងត្បូងជាប្រធាន និងប្រទេសជប៉ុនជាអនុប្រធាន។ គំនិតផ្តួចផ្តើមនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនៃប្រទេសជាសមាជិកក្នុងការធ្វើយ៉ាងណាឱ្យមានការឆ្លើយតបយ៉ាងរហ័ស និងអាចកោះប្រជុំបន្ទាន់ ក្នុងរយៈពេលតែ ១៥ថ្ងៃ ប្រសិនណាបើមានការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ ឬការវាយប្រហារតាមអ៊ីនធើណិតណាមួយ។
មុខងារចម្បងរបស់បណ្តាញអន្តរជាតិនេះ គឺដើម្បីឱ្យប្រទេសជាសមាជិក IPEF ទាំង ១៤ ចែករំលែកព័ត៌មានសំខាន់ៗអំពីសារពើភ័ណ្ឌ និងសម្របសម្រួលការចែកចាយទំនិញសំខាន់ៗដូចជា ឧបករណ៍អេឡិចត្រូនិក ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងសារធាតុរ៉ែសំខាន់ៗ ក្នុងករណីមានការខ្វះខាត។ កិច្ចសហការនេះ នឹងការពារការទិញ និងការស្តុកទុកដោយហេតុការណ៍ភ័យស្លន់ស្លោណាមួយ ដោយប្រទេសជាសមាជិកនឹងជួយសម្រួលដល់ការចែករំលែកស្តុក និងស្វែងរកផ្លូវផ្គត់ផ្គង់ជំនួសឱ្យផ្លូវផ្គត់ផ្គង់ចាស់ ក្នុងចំណោមប្រទេសជាដៃគូប្រសិនណាបើជួបគ្រោះអាសន្ន។ ក្របខណ្ឌ IPEF នេះ ក៏គ្រោងនឹងធ្វើសមយុទ្ធដើម្បីបង្កើនការត្រៀមខ្លួនឆ្លើយតបនឹងវិបត្តិជាយថាហេតុ រួមទាំងការផ្តល់ការលើកលែងការត្រួតពិនិត្យតាមច្រកព្រំដែនលើការនាំចេញក្នុងអំឡុងពេលមានអាសន្នថែមទៀតផង។
គំនិតផ្តួចផ្តើមឆ្លើយតបនឹងវិបត្តិនេះ ត្រូវបានផ្តួចផ្តើមគំនិតឡើងដោយសារការដកស្រង់មេរៀនពីការរំខានកន្លងមក ដូចជាកង្វះការផ្គត់ផ្គត់ផលិតផលអ៊ុយរា (Urea) របស់កូរ៉េខាងត្បូងឆ្នាំ ២០២១ ដែលបានជំរុញប្រទេសជាប់ផលប្រយោជន៍ធ្វើការវាយតម្លៃឡើងវិញអំពីខ្សែច្រវាក់ផ្គត់ផ្គង់ដែលពឹងផ្អែកតែលើប្រទេសចិន។ បទពិសោធន៍នេះ រួមជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថានឹងជំរុញការអនុវត្តកិច្ចព្រមព្រៀងខ្សែច្រវាក់ផ្គត់ផ្គង់។
គួររំលឹកថា ក្របខណ្ឌ IPEF នេះ ដើមដំបូងបានចាប់ផ្តើមឡើងដោយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី Joe Biden ក្នុងឆ្នាំ ២០២២ តំណាងឱ្យកិច្ចខិតខំប្រឹងប្រែងជាយុទ្ធសាស្រ្តដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ ភាពជាដៃគូនេះ រួមមានតួអង្គសំខាន់ៗដូចជា អូស្ត្រាលី នូវែលសេឡង់ ឥណ្ឌា ហ្វីជី និងប្រទេសអាស៊ីអាគ្នេយ៍ចំនួនប្រាំពីរ លើកលែងប្រទេសអាស៊ានបី គឺកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។
ថ្វីបើមានភាពតានតឹងកន្លងមកលើបញ្ហាផ្គត់ផ្គង់សម្ភារៈបន្ទះឈីប semiconductor ក៏ដោយ ក៏ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូងជឿជាក់ថា ចំណេះដឹងលើផ្នែកផលិតបន្ទះឈីបដែលទើបនឹងទទួលបានដោយប្រទេសជប៉ុន និងកូរ៉េខាងត្បូងនឹងមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងការពង្រឹងកិច្ចព្រមព្រៀងនេះ។
លោក Sim Jin-su អគ្គនាយកផ្នែកយុទ្ធសាស្រ្ត និងគោលនយោបាយពាណិជ្ជកម្មថ្មីនៅក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូងបាននិយាយថា “ទោះបីជាប្រទេសជប៉ុន និងកូរ៉េខាងត្បូងមានការប្រឈមមុខដាក់គ្នាលើបញ្ហាសម្ភារៈ semiconductor ក៏ដោយ ក៏ទំនាក់ទំនងរវាងប្រទេសទាំងពីរលើបញ្ហាមានភាពធូរស្រាលច្រើន នៅក្រោមរដ្ឋបាលថ្មីបច្ចុប្បន្ន” ។
តាមពិតទៅ ក្របខណ្ឌបណ្តាញអន្តរជាតិ IPEF នេះ មិនមែនជារឿងដែលថ្មីស្រឡាងពេកនោះទេសម្រាប់បរិបទសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិច ពីព្រោះអតីតប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានចោទប្រកាន់ថា ក្របខណ្ឌ IPEF នេះ តាមពិតទៅគឺជាក្របខណ្ឌកិច្ចសហការចាស់ ដែលមានឈ្មោះថា ភាពជាដៃគូអន្តរប៉ាស៊ីហ្វិច (TPP) ដែលកាលពីលោកធ្វើជាប្រធានាធីបតី លោក ត្រាំ បានដកប្រទេសអាមេរិកចេញពីសមាជិកភាព IPEF នេះ ប៉ុន្តែត្រូវបានលោកប្រធានាធិបតី ចូ បៃឌិន ដាក់បញ្ចូលវិញ។ ទោះយ៉ាងណាក្តី លោកត្រាំ បានប្រកាសថា លោកនឹងដកអាមេរិកចេញវិញម្តងទៀត ប្រសិនណាបើលោកជាប់ឆ្នោតម្តងទៀត។
“ទោះបីជាខ្វះការចូលរួមរបស់សហរដ្ឋអាមេរិកក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការនេះ នៅតែមានប្រសិទ្ធភាព និងមានសារៈសំខាន់។ TPP នៅតែបន្តដំណើរការ” នេះជាការអះអាងរបស់លោក Sim Jin-su ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃប្រទេសដែលមានសេដ្ឋកិច្ចធំៗជាសមាជិកថា “គឺសមាជិកក្រុមដែលមានអំណាចផ្នែកផលិត រួមមានដូចជា ប្រទេសជប៉ុន និងកូរ៉េខាងត្បូងជាមួយ ប្រទេសដែលសម្បូរធនធានដូចជាប្រទេសអូស្ត្រាលីហ្នឹងផ្ទាល់តែម្តង ដែលឥទ្ធិពលក្នុងការបន្តភាពជាដៃគូនេះ។”
សកម្មភាពរបស់កូរ៉េខាងត្បូងក្នុងការចេញមុខចេញមាត់ធ្វើជាប្រធានគំនិតផ្តួចផ្តើមថ្មីនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសមិនមែនមហាអំណាច ក្នុងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងការធានានូវភាពធន់ក្នុងការប្រឈមមុខនឹងវិបត្តិនាពេលអនាគត៕
- Video Advertisement -