អ្នកជំនាញអចលនទ្រព្យផ្តល់យុទ្ធសាស្ត្រថ្មីដើម្បីរកច្រកចេញ ខណៈទីផ្សារអចលនទ្រព្យអាស៊ាន+៣ នៅបន្តជាប់គាំង ហាក់គ្មានពន្លឺ

ទីផ្សារអចលនទ្រព្យអាស៊ានបូក៣ ដែលគ្របដណ្តប់ប្រទេសអាស៊ានរួមជាមួយនឹងប្រទេសចិន ហុងកុង ជប៉ុន និងកូរ៉េ កំពុងប្រឈមនឹងការធ្លាក់ចុះនៃតម្លៃ និងបរិមាណទំនិញប្រតិបត្តិការ ដែលរួមផ្សំដោយឧបសគ្គផ្នែកហិរញ្ញវត្ថុ ស្តុកអតិរេក និងអ្នកអភិវឌ្ឍន៍ដែលមានហានិភ័យ។ បញ្ហាប្រឈមទាំងនេះ បូកបន្ថែមលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង និងការថយចុះទំនុកចិត្តរបស់អ្នកទិញ បញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់វិធានការស្តារស្ថេរភាពទាំងក្នុងវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ នៅក្នុងតំបន់អាស៊ានបូក៣។ ស្ថានភាពនេះត្រូវបានគូសបញ្ជាក់នៅក្នុងការវិភាគថ្នាក់តំបន់ នាពេលថ្មីៗនេះ ដែលចុះផ្សាយដោយ Thailand-business-news នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ការតស៊ូនៃការស្តារឡើងវិញក្រោយជំងឺរាតត្បាត

គេនៅចាំបានថា បន្ទាប់ពីវិបត្តិជំងឺរាតត្បាតសាកល ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសសេដ្ឋកិច្ចអាស៊ានបូក៣ បានប្រឈមមុខនឹងឧបសគ្គធ្ងន់ធ្ងរ។ កំណើនសេដ្ឋកិច្ចយឺតរបស់ប្រទេសចិន រួមជាមួយនឹងបញ្ហាហិរញ្ញវត្ថុរបស់អ្នកអភិវឌ្ឍន៍ធំៗដូចជា Evergrande និង Country Garden បានរីកដុះដាលពាសពេញតំបន់ ដែលគំរាមកំហែងដល់ស្ថាប័នហិរញ្ញវត្ថុថា្នក់តំបន់ទាំងមូល។ បរិមាណប្រតិបត្តិការចរាចរទំនិញក្នុងតំបន់ បានធ្លាក់ចុះ ហើយជាង ២០% នៃមូលបត្របំណុលដែលបោះលក់ដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យអាស៊ាន+៣ ដែលភាគច្រើនត្រូវបានគេវាយតម្លៃថាជា “ប័ណ្ណបំណុល” ដែលមានហានិភ័យខ្ពស់នោះ  ត្រូវបានគេរំពឹងថា នឹងដល់ពេលអស់សុពលភាពនៅត្រឹមឆ្នាំ ២០២៥ ដែលកត្តានេះ នឹងបង្កើនហានិភ័យខ្លាំងជាងពេលមុន។ ថ្វីបើមានការលំបាកទាំងនេះក៏ដោយ ក៏សេដ្ឋកិច្ចសម្រាប់តែប្រទេសក្នុងតំបន់អាស៊ាននៅតែស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ថ្វីត្បិតតែបានចៀសផុតពីផលប៉ះពាល់ធ្ងន់ធ្ងរជាពិសេសគឺផុតពីវិបត្តិប្រព័ន្ធហិរញ្ញវត្ថុ ដែលឃើញមាននៅក្នុងប្រទេសសមភាគីបូក៣ របស់ខ្លួនក៏ពិតមែន។

ដោយឡែកនៅទូទាំងពិភពលោក វិស័យអចលនទ្រព្យពាណិជ្ជកម្មក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន រួមទាំងសហរដ្ឋអាមេរិក និងផ្នែកខ្លះនៃទ្វីបអឺរ៉ុប បានបង្ហាញពីភាពធន់ បើទោះបីជាភាពងាយរងគ្រោះមួយចំនួននៅតែបន្តកើតមានក៏ដោយ។ ទោះយ៉ាងណាក្តី ទំហំនៃបញ្ហាប្រឈមនៅក្នុងតំបន់អាស៊ាន+៣ ជាពិសេសផ្នែកហិរញ្ញប្បទានអចលនទ្រព្យ នៅតែស្ថិតក្នុងស្ថានភាពយ៉ាប់យឺនខ្លាំងនៅឡើយ។

ហានិភ័យ​ហិរញ្ញវត្ថុ និង​ការ​ធ្លាក់​ចុះនៃកម្ចីវិនិយោគ​ក្នុងទីផ្សារខ្ពស់

លទ្ធភាពទទួលបានប្រាក់ចំណេញ និងសេវាបំណុលរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ ២០២១ ជាមួយនឹងកម្ចីវិនិយោគក្នុងទីផ្សារខ្ពស់ កាលពីក្នុងអំឡុងពេលនៃសេដ្ឋកិច្ចរីកចំរើនមុនមានវិបត្តិ ឥឡូវនេះបានក្លាយមកជាការបង្កហានិភ័យយ៉ាងខ្លាំងទៅវិញ ចំពេលមានការកើនឡើងអត្រាការប្រាក់ និងស្ថានភាពទីផ្សារកាន់តែអាក្រក់។ អ្វីដែលរឹតតែគួរឱ្យព្រួយបារម្ភទៅទៀតនោះ គឺសម្ពាធលើការផ្តល់ហិរញ្ញប្បទានឡើងវិញ បានបន្ថែមទម្ងន់លើបញ្ហានេះ នៅពេលដែលអ្នកអភិវឌ្ឍន៍គម្រោងអចលនទ្រព្យនានា កំពុងតែប្រឹងទ្រទ្រង់ប្រតិបត្តិការក្រោមការត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុដែលកំពុងមានការរឹតបន្តឹងស្រាប់ទៅហើយ។

យុទ្ធសាស្ត្រធ្វើឱ្យមានស្ថិរភាពផ្នែកអចលនទ្រព្យ និងហិរញ្ញវត្ថុ

ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកំពុងកើនឡើងទាំងនេះ អ្នកជំនាញបានស្នើយុទ្ធសាស្រ្តមួយដែលគេហៅថា យុទ្ធសាស្ត្រ​ទ្វេកោណ “dual-pronged strategy”។ ទី១ ពាក់ព័ន្ធនឹងការអនុវត្តវិធានការកំណត់គោលដៅដើម្បីប្រឆាំងនឹងអារម្មណ៍ទីផ្សារអវិជ្ជមាន និងការពារការបរាជ័យរបស់ក្រុមហ៊ុនទាំងឡាយណាដែលមានបញ្ហាជាប់គាំងលំហូរសាច់ប្រាក់បន្ទាន់មិនអាចដោះបំណុលបាន។ តាមយុទ្ធសាស្ត្រនេះ រដ្ឋាភិបាល ត្រូវជ្រើសរើសគាំទ្រគម្រោងណា ដែលមើលទៅមានលទ្ធភាពអាចសម្រេចជោគជ័យបានតែកំពុងប្រឈមមុខនឹងភាពតានតឹងផ្នែកសាច់ប្រាក់បណ្តោះអាសន្ន ទន្ទឹមនឹងនោះត្រូវអនុវត្តដោយប្រុងប្រយ័ត្ននូវគោលនយោបាយ «ជំរុញតម្រូវការទីផ្សារ» ដែលស្របតាមតម្រូវការជាតិ។

យុទ្ធសាស្ត្រទី២ ក្នុងពេលជាមួយគ្នានេះ ការពង្រឹងវិស័យហិរញ្ញវត្ថុតម្រូវឱ្យមានការធ្វើពិពិធកម្មគំរូអាជីវកម្មរបស់ធនាគារតូចៗ ពង្រឹងភាពធន់របស់ស្ថាប័នមិនមែនធនាគារ និងការរឹតបន្តឹងក្របខ័ណ្ឌច្បាប់ដើម្បីលើកកម្ពស់ការផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ។ វិធានការទាំងនេះ មានគោលបំណងធ្វើឱ្យទីផ្សារអចលនទ្រព្យមានស្ថិរភាព ខណៈពេលដែលធានាឱ្យប្រព័ន្ធហិរញ្ញវត្ថុនៅតែរឹងមាំ និងអាចសម្របខ្លួនបាន។

ផ្លូវឆ្ពោះទៅមុខដើម្បីភាពធន់

ខណៈពេលដែលសេដ្ឋកិច្ចអាស៊ាន+៣ កំពុងរកផ្លូវចេញពីបញ្ហាប្រឈមទាំងនេះ កិច្ចខិតខំប្រឹងប្រែងនិងយុទ្ធសាស្ត្របន្សាំរួមគ្នារបស់ប្រទេសក្នុងតំបន់ នឹងដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យ និងពង្រឹងទីផ្សារប្រឆាំងនឹងភាពមិនច្បាស់លាស់នាពេលអនាគត។ ការផ្តោតការយកចិត្តទុកដាក់រួមគ្នាលើស្ថិរភាពទាំងវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុបែបនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសក្នុងតំបន់ក្នុងការសម្រេចបាននូវភាពធន់ និងកំណើនសេដ្ឋកិច្ចរយៈពេលវែង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]