កម្ពុជា និងUN សហការគ្នាពង្រឹងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា
ក្រសួងសាធារណការ និងដឹកជញ្ជូន និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) បានចុះចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) លើកិច្ចសហប្រតិបត្តិការអនុវត្តរបៀបវារៈសំខាន់ ០៣ លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា។
កិច្ចចុះហត្ថលេខានេះ ធ្វើឡើងរវាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី អ៊ីដា ក្រាចា (Mrs. Eda Kraja) នាយកគ្រប់គ្រង់ នៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាគម្រោង (UNOPS) ប្រចាំប្រទេសកម្ពុជា និងឡាវ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។
អនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ និងកិច្ចសហការមិនផ្តាច់មុខ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) លើវិស័យដែលផ្តល់ប្រយោជន៍រួម។
ទន្ទឹមនឹងនេះ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ UNOPS នឹងក្លាយជាដៃគូដ៏សំខាន់របស់កម្ពុជាក្នុងការអនុវត្តកិច្ចសហការប្រតិបត្តិការរួមគ្នា ជាពិសេសនៅក្នុងរបៀបវារៈសំខាន់ៗចំនួន៣ រួមមាន ១)ការគាំទ្រលើការអភិវឌ្ឍ និងការគ្រប់គ្រងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រកបដោយចីរភាព និងភាពធន់ ដើម្បីអាធានាថាហេដ្ឋារចនាសម្ព័ន្ធរបស់យើងអាចទ្រទ្រង់នឹងបញ្ហាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងធានាសុវត្ថិភាពដល់មនុស្សជំនាន់ក្រោយ ២)ការបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពលើការដឹកជញ្ជូនដែលគាំទ្រដល់វិស័យពាណិជ្ជកម្ម ការដឹកជញ្ជូនទំនិញ និងការប្រកួតប្រជែងក្នុងទីផ្សារ និង ៣)ការកសាងសមត្ថភាពស្ថាប័ន ដោយរួមបញ្ចូលនូវការចែករំលែកចំណេះដឹង និងការគាំទ្របច្ចេកទេសតាមរយៈជំនួយបច្ចេកទេស (TA) ផងដែរ។
គំនិតផ្តួចផ្តើមនេះមិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។ នៅពេលដែលកិច្ចខិតខំប្រឹងប្រែងទាំងនេះកើតមានឡើង ប្រទេសជាតិមានគោលបំណងកសាងបណ្តាញដឹកជញ្ជូនដ៏រឹងមាំដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ និងគាំទ្រដល់កំណើនសេដ្ឋកិច្ច។

- Video Advertisement -