សេដ្ឋកិច្ចចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យនិងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន
ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និងអាស៊ាន កំពុងប្រឈមមុខនឹងសម្ពាធដែលមិនធ្លាប់មានពីមុនមក ជាពិសេស គឺបញ្ហាអតិផរណា និងការកើនឡើងនៃចំនួនយុវជនអត់ការងារធ្វើ។ ជាមួយគ្នានេះ វិស័យអចលនទ្រព្យរបស់ប្រទេសចិនដែលរួមចំណែកច្រើនជាង ២៥% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន និងស្មើនឹងប្រហែល ៧០% នៃទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋចិន បង្ហាញសញ្ញារងគ្រោះធ្ងន់ធ្ងរ ចំពេលមានការធ្លាក់ចុះទំនុកចិត្តពីអ្នកប្រើប្រាស់ ដែលបានឈានដល់កម្រិតទាបបំផុតរហូតដល់ ៨៦% ក្នុង ខែកក្កដា ឆ្នាំ ២០២៤ នេះបើយោងតាមការរាយការណ៍របស់ Evrimagaci.org នៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៥។
ទីផ្សារអចលនៈទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះនឹងផលប៉ះពាល់យ៉ាងខ្លាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រឈមមុខនឹងការត្រួតពិនិត្យជាពិសេស។ ប្រភពដដែលក៏បានលើកឡើងពីអនាគតមិនប្រាកដប្រជារបស់គម្រោងព្រែកជីក Funan Techo ដ៏មានមហិច្ឆតាក្នុងតម្លៃ ១,៧ ពាន់លានដុល្លារ បង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងអំពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដែលគាំទ្រដោយចិននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ កំពុងតាមដានយ៉ាងដិតដល់នូវការផ្លាស់ប្តូរទាំងនេះ ស្របពេលជាមួយគ្នានោះ ពួកគេបង្ហាញពីសក្តានុពលនៃការផ្លាស់ប្តូរនៃលំហូរវិនិយោគ ដែលធ្លាប់មាននៅក្នុងទិដ្ឋភាពអចលនទ្រព្យរបស់អាស៊ានកន្លងមក។
ផលប៉ះពាល់លើទីផ្សារអចលនទ្រព្យ ដែលពឹងផ្អែកលើវិស័យទេសចរណ៍ គឺមានសភាពធ្ងន់ធ្ងរខ្លាំងជាងគេ។ ប្រទេសថៃដែលវិស័យទេសចរណ៍ បានរួមចំណែកប្រមាណ ១២% ដល់ GDP របស់ខ្លួន ក្នុងឆ្នាំ ២០២៣ ឃើញថាចំនួនអ្នកទេសចរចិនបានធ្លាក់ចុះពី ១២ លាននាក់មុនសម័យកូវីដ មកត្រឹមតែ ៧-៨ លាននាក់នាពេលថ្មីៗនេះ។ ការធ្លាក់ចុះយ៉ាងខ្លាំងនេះបានជះឥទ្ធិពលដោយផ្ទាល់ទៅលើអត្រាកាន់កាប់សណ្ឋាគារ តម្រូវការកន្លែងលក់រាយ និងតម្លៃអចលនទ្រព្យនៅក្នុងគោលដៅទេសចរណ៍សំខាន់ៗ។
គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលធ្លាប់ជាកត្តាជំរុញដ៏សំខាន់នៃការអភិវឌ្ឍន៍អចលនទ្រព្យនៅទូទាំងអាស៊ីអាគ្នេយ៍ ក៏បានប្រឈមមុខនឹងការត្រួតពិនិត្យថ្មី ខណៈដែលការព្រួយបារម្ភអំពីនិរន្តរភាពបំណុល ក៏មានការកើនឡើង។ តួយ៉ាងដូចជា ស្ថានភាពរបស់ប្រទេសឡាវ អាចរាប់បានថាជាឧទាហរណ៍គួរប្រុងប្រយ័ត្នមួយ ដោយជិតពាក់កណ្តាលនៃបំណុលបរទេសចំនួន ១០,៥ ពាន់លានដុល្លាររបស់ខ្លួន គឺជំពាក់ចិន រួមទាំងការវិនិយោគអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាគម្រោងផ្លូវដែកល្បឿនលឿនចំនួន ៦ ពាន់លានដុល្លារ ជាដើម។
ទីផ្សារអចលនទ្រព្យក្នុងតំបន់អាស៊ាន កំពុងសម្របខ្លួនទៅនឹងតថភាពសេដ្ឋកិច្ចថ្មីទាំងនេះ ហើយជាការឆ្លើយតប គឺសង្កេតឃើញប្រទេសអាស៊ានមួយចំនួន បានធ្វើពិពិធកម្មប្រភពវិនិយោគរបស់ពួកគេ។ ជាក់ស្តែង ចំណុចស្នូលជាយុទ្ធសាស្ត្ររបស់វៀតណាម គឺបានបង្ហាញច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងឈានរហូតសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ យុទ្ធសាស្ត្រនេះ តំណាងឱ្យនិន្នាការកាន់តែទូលំទូលាយនៃបណ្តាប្រទេសអាស៊ានដែលកំពុងស្វែងរកការកាត់បន្ថយការពឹងផ្អែកលើដើមទុនរបស់ចិនក្នុងវិស័យអចលនទ្រព្យរបស់ពួកគេ។
ឥណ្ឌូណេស៊ី ដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេក្នុងតំបន់ ប្រឈមមុខនឹងបញ្ហាប្រឈមពីរនៅក្នុងទីផ្សារអចលនទ្រព្យរបស់ខ្លួន ដោយសារការកាត់បន្ថយការនាំចូលរបស់ចិនប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចទាំងមូល ខណៈដែលការកើនឡើងនៃការប្រកួតប្រជែងសម្រាប់ពាណិជ្ជកម្មប៉ះពាល់ដល់លំហូរវិនិយោគ។ ចំពោះមុខបញ្ហានេះ អ្នកអភិវឌ្ឍន៍ក្នុងស្រុក និងអ្នកវិនិយោគអចលនទ្រព្យកំពុងស្វែងរកប្រភពមូលនិធិជំនួស និងឱកាសទីផ្សារយ៉ាងសកម្ម ដើម្បីឆ្លើយតបទៅនឹងសក្ដានុពលនៃការផ្លាស់ប្តូរទាំងនេះ។
ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ អ្នកវិភាគទីផ្សារកត់សម្គាល់ថា ការកាត់ផ្តាច់ទាំងស្រុងពីការវិនិយោគរបស់ចិននៅក្នុងវិស័យអចលនទ្រព្យអាស៊ាន នៅតែជារឿងមិនទំនងជានឹងអាចធ្វើបាន។ ការសិក្សាស្ទាបស្ទង់មតិមួយនៅទូទាំងអាស៊ីអាគ្នេយ៍បង្ហាញថា ប្រទេសជាសមាជិកភាគច្រើនបន្តចាត់ទុកប្រទេសចិនជាដៃគូសេដ្ឋកិច្ចចម្បងរបស់ពួកគេ ជាពិសេសក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ ទំនាក់ទំនងយូរអង្វែងនេះ បង្ហាញពីតម្រូវការចាំបាច់សម្រាប់ប្រទេសអាស៊ាននីមួយៗ ក្នុងការសម្របខ្លួនជាយុទ្ធសាស្រ្តជាជាងការរៀបចំឡើងវិញនូវទីផ្សារ។
វិស័យអចលនៈទ្រព្យរបស់ម៉ាឡេស៊ី បង្ហាញពីយុទ្ធសាស្ត្រក្នុងការចេះរក្សាបាននូវលំនឹងទីផ្សារដ៏ល្អ សម្រាប់ប្រជាជាតិអាស៊ានយកជាគំរូ ព្រោះម៉ាឡេស៊ីចេះបត់ទាន់របត់និន្នាការពិភពលោក ស្របពេលជាមួយគ្នានោះចេះរក្សាបាននូវលក្ខខណ្ឌវិនិយោគដ៏ទាក់ទាញសម្រាប់អ្នកវិនិយោគអន្តរជាតិចម្រុះ។ រឿងល្អសម្រាប់ម៉ាឡេស៊ី គឺការត្រលប់មកវិញដ៏មានសក្តានុពលនៃពាណិជ្ជកម្មទ្វេភាគីដ៏រឹងមាំនៅក្រោមរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ដែលបានផ្តល់ក្តីសង្ឃឹមសម្រាប់ការបង្កើនការធ្វើពិពិធកម្មការវិនិយោគ ទោះបីជាឥទ្ធិពលរបស់ចិននៅក្នុងទីផ្សារអចលនទ្រព្យក្នុងតំបន់នៅតែសំខាន់ក៏ដោយ។
សម្រាប់មួយរយៈពេលវែងទៅខាងមុខ ទីផ្សារអចលនទ្រព្យរបស់អាស៊ាន ត្រូវប្រឈមនឹងការរៀបចំយុទ្ធសាស្ត្រឡើងវិញ។ ខណៈពេលដែលការរក្សាទំនាក់ទំនងដែលមានស្រាប់ជាមួយវិនិយោគិនចិននៅតែជារឿងមិនអាចចោលបាន អ្នកអភិវឌ្ឍន៍ និងក្រុមហ៊ុនអចលនទ្រព្យកំពុងស្វែងរកភាពជាដៃគូថ្មី និងប្រភពមូលនិធិកាន់តែច្រើនឡើងថែមទៀត ដើម្បីធានាបាននូវកំណើនប្រកបដោយចីរភាព ស្ថេរភាព និងភាពធន់ នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចដែលកំពុងវិវត្ត៕
- Video Advertisement -