Apple ប្តូររោងចក្រផលិត iPad ពីប្រទេសចិន ទៅវៀតណាម
ក្រុមហ៊ុន Apple បានដំឡើងរោងចក្រផលិត iPad នៅប្រទេសវៀតណាម បន្ទាប់ពីខ្សែច្រវ៉ាក់ផលិតកម្មរបស់ ខ្លួននៅប្រទេសចិនរងផលប៉ះពាល់ដោយសារវិធានការបិទខ្ទប់នឹងជំងឺកូវីដ១៩ នៅប្រទេសចិន ដែលជាទីតាំងផលិតកម្មធំបំផុតរបស់ក្រុមហ៊ុន។
ដោយសង្វាក់ផលិតកម្មក្នុងប្រទេសវៀតណាម ស្ថិតនៅដំណាក់កាលដំបូង និងមានទ្រង់ទ្រាយតូចនៅឡើយ ដូច្នេះក្រុមហ៊ុនបានលើកឡើងថា ការដំឡើងរោងចក្រនៅទីនេះជាការធ្វើពិពិធកម្មខ្សែច្រវាក់ផលិតកម្ម ដើម្បីកាត់បន្ថយលើការពឹងផ្អែកលើការផលិតទាំងស្រុងនៅប្រទេសចិនតែមួយយ៉ាងដូច្នេះ។
សារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា នេះថា ក្រុមហ៊ុន កំពុងផ្លាស់ប្តូរការផលិត iPad មួយចំនួនចេញពីប្រទេសចិន ទៅកាន់ប្រទេសវៀតណាមវិញ បន្ទាប់ពីមានវិធានការបិទខ្ទប់ Covid-19 យ៉ាងតឹងរឹង ទាំងនៅក្នុងនិងជុំវិញទីក្រុងសៀងហៃ បាននាំឱ្យមានការរំខានជាច្រើនខែនៃសង្វាក់ផ្គត់ផ្គង់។
iPad នឹងក្លាយជាផលិតផលសំខាន់ទីពីររបស់ Apple ដែលផលិតនៅប្រទេសវៀតណាម បន្ទាប់ពីកាស់ស្តាប់ត្រចៀក AirPods។
ប្រភពដដែលបានលើកឡើងថា “ការផ្លាស់ប្តូរនេះ មិនត្រឹមតែជាកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រុមហ៊ុន Apple ក្នុងការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសារៈសំខាន់កាន់តែខ្លាំងឡើង របស់វៀតណាមចំពោះក្រុមហ៊ុន” ។
កាលពីឆ្នាំមុន Apple បាននាំចេញ iPad ចំនួន ៥៨លានគ្រឿងទូទាំងពិភពលោក ដែលភាគច្រើនផលិតនៅក្នុងប្រទេសចិន។

