អូស្រ្តាលីផ្តល់ថវិកា ៣,២លានដុល្លារអូស្ត្រាលី ដល់គម្រោងកែច្នៃ «គោយន្តកសិកម្ម» នៅកម្ពុជា
ដឹកនាំដោយសាកលវិទ្យាល័យស៊ីដនី គំនិតផ្តួចផ្តើមស្រាវជ្រាវដ៏ថ្មីស្រឡាងមួយមានគោលបំណងការពារកសិករក្នុងស្រុកពីការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ និងកង្វះខាតកម្លាំងពលកម្ម ខណៈពេលដែលកំពុងជំរុញការច្នៃប្រឌិតកសិកម្មប្រកបដោយចីរភាព
អូស្រ្តាលីបានផ្តល់ថវិកាគាំទ្រចំនួន ៣,២ លានដុល្លារអូស្ត្រាលី ដល់គម្រោងស្រាវជ្រាវមួយ ក្នុងការកែច្នៃ «គោយន្តកសិកម្ម» ដើរដោយប្រេងឥន្ធនៈនៅកម្ពុជា ដើម្បីគាំទ្រកសិករកម្ពុជា។ នេះបើយោងតាមហ្វេសប៊ុករបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។
ទូតអូស្រ្តាលីបានឱ្យដឹងថា ការគាំទ្រកសិករកម្ពុជា ដើម្បីពង្រឹងភាពធន់ និងការត្រៀមលក្ខណៈសម្រាប់អនាគតគឺជារឿងសំខាន់ ស្របពេលការប្រែប្រួលតម្លៃប្រេងឥន្ធនៈ និងកង្វះខាតកម្លាំងពលកម្ម កំពុងបង្កសម្ពាធ និងការលំបាកកាន់តែខ្លាំងដល់កសិករខ្នាតតូចនៅកម្ពុជា។ បញ្ហាប្រឈមទាំងនេះ បានរារាំងលទ្ធភាពរបស់ពួកគេក្នុងការប្រកួតប្រជែងលើទីផ្សារ ការបង្កើនផលិតភាព និងការរក្សាស្ថិរភាពប្រាក់ចំណូលសម្រាប់គ្រួសារ។
ហេតុនេះ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមទាំងនេះ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) បានផ្តល់ថវិកាគាំទ្រចំនួន ៣,២ លានដុល្លារអូស្ត្រាលី ដល់គម្រោងស្រាវជ្រាវមួយ ក្នុងការកែច្នៃ «គោយន្តកសិកម្ម» ដើរដោយប្រេងឥន្ធនៈដែលកសិករកំពុងប្រើប្រាស់ស្រាប់ ឱ្យទៅជាគោយន្តដើរដោយថាមពលអគ្គិសនី និងបំពាក់បច្ចេកវិទ្យាឆ្លាតវៃ។
គម្រោងនេះ ដឹកនាំដោយសាកលវិទ្យាល័យស៊ីដនី (University of Sydney) សហការជាមួយដៃគូស្រាវជ្រាវក្នុងប្រទេសកម្ពុជា ដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់កសិករ និងស្របទៅនឹងបរិបទបច្ចុប្បន្នរបស់ប្រទេសកម្ពុជា។ ស្ថានទូតអូស្រ្តាលីរំពឹងថា គម្រោងនេះ នឹងជួយលើកកម្ពស់ប្រសិទ្ធភាពការងារកសិកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មឆ្លាតវៃ ឆ្លើយតបនឹងភាពប្រែប្រួលនៃទីផ្សារ និងពង្រឹងជីវភាពរស់នៅឱ្យកាន់តែរឹងមាំ។ ជាងនេះទៅទៀត វានឹងជួយឱ្យកសិករមានលទ្ធភាពអភិវឌ្ឍការផលិតប្រកបដោយប្រសិទ្ធភាព បង្កើនសមត្ថភាពប្រកួតប្រជែង និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ឆ្លើយតបទៅនឹងរាល់បញ្ហាប្រឈមនានានៅថ្ងៃអនាគត៕ (អានបន្ថែម)

- Video Advertisement -