ក្រុមហ៊ុនធំមួយកំពុងអភិវឌ្ឍវិស័យកសិកម្មចម្រុះបែបទំនើបឆ្លាតវៃលើផ្ទៃដី ៦៨ហិកតា នៅខេត្តកំពង់ស្ពឺ

ក្រុមហ៊ុន ឃី ចិន្តា ឌីវេឡប់ម៉ិន ឯ.ក (Khee Chenda Development Co., Ltd) កំពុងអភិវឌ្ឍកសិដ្ឋានកសិកម្មចម្រុះលើផ្ទៃដីសរុប ៦៨ ហិកតា ដោយអនុវត្តតាមគោលការណ៍កសិកម្មទំនើប ឆ្លាតវៃ និងប្រកបដោយនិរន្តរភាព។ នេះបើតាមដំណើរចុះទស្សនកិច្ចសិក្សារបស់គណៈកម្មការទី៣ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការ និងមន្ត្រីជំនាញពាក់ព័ន្ធ កាលថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៦ ដើម្បីស្វែងយល់ពីការអភិវឌ្ឍវិស័យកសិកម្មបែបទំនើបរបស់ក្រុមហ៊ុន។

ក្នុងឱកាសនោះ លោក តាំង សុខឃី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានឱ្យដឹងថា ក្រុមហ៊ុនបានអភិវឌ្ឍកសិដ្ឋានកសិកម្មចម្រុះលើផ្ទៃដីសរុប ៦៨ ហិកតា មានទីតាំងនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយអនុវត្តតាមគោលការណ៍កសិកម្មទំនើប ឆ្លាតវៃ ប្រកបដោយនិរន្តរភាព។

លោកបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនបានដាំដុះដំណាំហូបផ្លែ និងបន្លែសុវត្ថិភាពជាច្រើនប្រភេទ រួមមាន៖ ១-ដំណាំហូបផ្លែ មាន៖ ចេក ស្វាយ ក្រូចថ្លុង ក្រូចពោធិ៍សាត់ ក្រូចឆ្មា ដូង ល្ហុង មៀន ពោត ល្ពៅ និងដំឡូង។ ២- បន្លែសុវត្ថិភាព មាន៖ ត្រឡាច ននោង ពពាយ ត្រកួន ម្រះ សណ្ដែកគួ ឃ្លោក ស្ពៃគ្រប់មុខ ស្លឹកខ្ទឹម ជី និងម្ទេស។ និង ៣- ផ្នែកវារីវប្បកម្ម និងការចិញ្ចឹមសត្វ មាន៖ ត្រី បង្កង មាន់ ទា ក្ងាន អណ្តើក និងកណ្តូប ដើម្បីបង្កើនភាពចម្រុះនៃផលិតកម្ម និងលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច។

ទន្ទឹមគ្នានេះ ឯកឧត្តម ឡូយ សុផាត បានវាយតម្លៃខ្ពស់ចំពោះការបោះទុនវិនិយោគរបស់ក្រុមហ៊ុន ហើយថាគំរូអភិវឌ្ឍន៍នេះមិនត្រឹមតែរួមចំណែកបង្កើនផលិតភាព និងគុណភាពកសិផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតការងារ លើកកម្ពស់ជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូលពលរដ្ឋនៅមូលដ្ឋានផ្ទាល់។

តាមរយៈទស្សនកិច្ចខាងលើ គណៈកម្មការទី៣ នៃរដ្ឋសភា ក៏បានជំរុញឱ្យក្រុមហ៊ុនបន្តពង្រីកការវិនិយោគបន្ថែមលើការកែច្នៃផលិតផលកសិកម្ម ដើម្បីបង្កើតតម្លៃបន្ថែម (Value-added) ដល់កសិផលក្នុងស្រុក កាត់បន្ថយការនាំចូល ឆ្លើយតបទៅនឹងតម្រូវការទីផ្សារទាំងក្នុងស្រុក និងការនាំចេញ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងកសិកម្ម និងវិស័យឯកជន រួមគ្នាអនុវត្តគោលនយោបាយគាំទ្រដល់សហគមន៍កសិកម្មទំនើប

កិច្ចព្រមព្រៀងដ៏សំខាន់រវាងក្រសួងកសិកម្ម និងស្ថាប័នហិរញ្ […]