៦ខែ ឆ្នាំ២០២៦៖ រោងចក្រនៅកម្ពុជាកើនឡើងជាង ៨០០ បង្កើតកាងារដល់ជាង ៩ម៉ឺនកន្លែង
រយៈពេល ៦ខែដើមឆ្នាំ ២០២៦ រោងចក្រនៅកម្ពុជាកើនឡើងចំនួន ៨៤៥រោងចក្រ ដែលបង្កើតឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋ ដែលឆ្លុះបញ្ចាំងពីបរិយាកាសវិនិយោគដ៏រឹងមាំ និងការទាក់ទាញឥតឈប់ឈររបស់កម្ពុជាក្នុងនាមជាប្រទេសគោលដៅវិនិយោគ។ នេះបើតាមការលើកឡើងរបស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ។
លោក ស៊ុន មេសា បានបញ្ជាក់ថា រយៈពេល ៦ខែ ដើមឆ្នាំ២០២៦ រោងចក្របានកើនពី ៤៦៦៤៩ ទៅ ៤៧៤៩៤ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ និងបានបង្កើតឱ្យមានឱកាសការងារជាង ៩ម៉ឺនកន្លែងជូនដល់ពលរដ្ឋ ភាគច្រើននៅក្នុងវិស័យឧស្សាហកម្ម ក្នុងនោះរោងចក្រក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប បានកើនឡើងពី ២៧២៥ ដល់ ២៨៩០។
លោក ស៊ុន មេសា បានលើកឡើងថា កំណើនវិជ្ជមាននេះឆ្លុះបញ្ចាំងពីទំនុកចិត្តឥតឈប់ឈររបស់វិនិយោគិនក្នុងស្រុក និងអន្តរជាតិមកលើកម្ពុជា និងបង្ហាញពីប្រសិទ្ធភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការវិនិយោគ បើទោះបីជាសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពប្រាកដប្រជានៅឡើង។
សូមជម្រាបដែរថា ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះដែរ ការងារថ្មីជាង ៩ម៉ឺនកន្លែង ត្រូវបានបង្កើតឡើង ដែលនេះគឺជាភស្តុតាង បញ្ជាក់ថាកម្ពុជាកំពុងបន្តបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងពង្រឹងមូលដ្ឋានសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕ (អានបន្ថែម)

- Video Advertisement -