ក្រសួងរៀបចំដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ចាប់ដៃគ្នារៀបចំប្រព័ន្ធអនុម័តគម្រោងបុរី និងខុនដូ តាមច្រកចេញចូលតែមួយតាមរយៈ CamDX

ការកែទម្រង់នីតិវិធីអន្តរក្រសួងដើម្បីកាត់បន្ថយហានិភ័យ សម្រួលការវិនិយោគអចលនទ្រព្យ និងលើកកម្ពស់ទំនុកចិត្តអតិថិជនលើទីផ្សារលំនៅឋាន

រាជធានីភ្នំពេញ៖ ការអភិវឌ្ឍវិស័យអចលនទ្រព្យ និងលំនៅឋាននៅកម្ពុជាបានឈានដល់ជំហានកែទម្រង់ស៊ីជម្រៅមួយទៀត ក្នុងគោលដៅបង្កើតបរិយាកាសវិនិយោគដែលមានភាពងាយស្រួល តម្លាភាព និងការពារផលប្រយោជន៍របស់អ្នកទិញលំនៅឋាន។ នេះបើយោងតាមកិច្ចប្រជុំមួយកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ រៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំរៀបចំកិច្ចប្រជុំដោយឧបនាយករដ្ឋមន្រ្តី សាយ សំអាល រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងអន្តរក្រសួង ដើម្បីប្រកាសចាប់ផ្តើមរៀបចំក្របខណ្ឌការងាររួមមួយ ក្នុងការអនុម័តគម្រោងវិនិយោគអចលនទ្រព្យ ដូចជាបុរី និងខុនដូ ជាដើម តាមរយៈការតភ្ជាប់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យកម្ពុជា ឬ CamDX។ ការរៀបចំយន្តការច្រកចេញចូលតែមួយតាមរយៈកម្មវិធីឌីជីថលនេះ ធ្វើឡើងដើម្បីលុបបំបាត់ភាពស្មុគស្មាញ និងការខាតបង់ពេលវេលារបស់វិនិយោគិនដែលធ្លាប់តែត្រូវរត់ឯកសារឆ្លងកាត់ស្ថាប័នជំនាញច្រើនកន្លែង ព្រមទាំងជួយកាត់បន្ថយហានិភ័យ និងដោះស្រាយបញ្ហាប្រឈមរ៉ាំរ៉ៃដែលធ្លាប់កើតមានក្នុងគម្រោងអភិវឌ្ឍន៍មួយចំនួននាពេលកន្លងមក។

នៅក្នុងក្របខណ្ឌការងាររួម តាមរយៈប្រព័ន្ធ CamDX ក្រសួងជំនាញនីមួយៗនឹងទទួលខុសត្រូវលើការពិនិត្យ និងអនុម័តតាមដែនសមត្ថកិច្ចបច្ចេកទេសរៀងៗខ្លួនយ៉ាងម៉ឺងម៉ាត់។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលខុសត្រូវលើការផ្ទៀងផ្ទាត់ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ការកំណត់តំបន់អភិវឌ្ឍន៍ ការពិនិត្យបទដ្ឋាននគរូបនីយកម្មដូចជាកម្ពស់សំណង់ ចំណត និងប្រព័ន្ធគ្រប់គ្រងសំណល់ ព្រមទាំងការធានាគុណភាព សុវត្ថិភាព និងការបែងចែកប្រភេទលំនៅឋាន។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃទទួលបន្ទុកសម្របសម្រួលឋានានុក្រមរដ្ឋបាលដែនដី។ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកពិនិត្យលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងលូ ឯក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងរ៉ែ និងថាមពល ទទួលខុសត្រូវលើផែនការផ្គត់ផ្គង់ទឹកស្អាត និងបណ្តាញអគ្គិសនីឱ្យបានច្បាស់លាស់។ លើសពីនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធានាការតភ្ជាប់បណ្តាញទូរគមនាគមន៍ និងអ៊ីនធឺណែត ខណៈដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្តល់អាជ្ញាប័ណ្ណអាជីវកម្មជូនអ្នកស្នើសុំ បន្ទាប់ពីទទួលបានការអនុញ្ញាតត្រឹមត្រូវពីក្រសួងជំនាញទាំងអស់រួចរាល់។

សូមជម្រាបថា ការបង្កើតក្របខណ្ឌការងាររួមក្នុងការអនុម័តគម្រោងបុរី និងខុនដូ តាមប្រព័ន្ធ CamDX គឺជាកាតាលីករយ៉ាងសំខាន់ក្នុងការរៀបចំសណ្តាប់ធ្នាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជាឱ្យមានតម្លាភាព និងស្ថិរភាព។ ការធ្វើសមាហរណកម្មសេវាសាធារណៈរវាងក្រសួងស្ថាប័នពាក់ព័ន្ធ មិនត្រឹមតែជួយការពារសិទ្ធិ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋជាអ្នកទិញលំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលទាក់ទាញការវិនិយោគប្រកបដោយប្រសិទ្ធភាព និងចីរភាព។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

កម្ពុជា​ពង្រឹង​គោលនយោបាយ​លំនៅឋាន​ដែលមាន​តម្លៃសមរម្យ​ជាមួយនឹង​សសរស្តម្ភ​យុទ្ធសាស្ត្រ​ថ្មី​ចំនួន​បួន

ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្តគោលនយោប […]

អាល្លឺម៉ង់ជួយសិក្សាផែនការរៀបចំទីក្រុង និងការអភិវឌ្ឍលំនៅឋានដែលមាននិរន្តរភាព នៅភ្នំពេញ

អាល្លឺម៉ង់តាមរយៈគម្រោង Build4People កំពុងសិក្សាផែនការរៀ […]