រដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកា ១៨លានដុល្លារ ដើម្បីកែលម្អមន្ទីរពេទ្យបង្អែក ៦១
ថ្លែងក្នុងពិធីសម្ពោធមន្ទីរពេទ្យ «ហ្លួងម៉ែ» សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងពីសមិទ្ធផលសំខាន់ៗចំនួន ៦ ក្នុងវិស័យសុខាភិបាល ព្រមទាំងបានហាមឃាត់យ៉ាងតឹងរ៉ឹងនូវរាល់សកម្មភាពអាជីវកម្មឯកជននៅក្នុងមន្ទីរពេទ្យរដ្ឋ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកថា ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត លើកម្លាំងពលកម្ម លើធនធានមនុស្ស និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព។ ហេតុនេះ រដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកា ១៨លានដុល្លារ ដើម្បីកែលម្អមន្ទីរពេទ្យបង្អែក ៦១ មូលដ្ឋានមន្ទីរពេទ្យផងដែរ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែ កាលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលេចអំពីសមិទ្ធផលសំខាន់ៗ ៦ចំណុច ក្នុងវិស័យសុខាភិបាល សម្រាប់រយៈពេល៣ឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា រួមមាន៖ ១. គិតមកដល់បច្ចុប្បន្ន, មណ្ឌលសុខភាពទូទាំងប្រទេសផ្ដល់សេវា ២៤ម៉ោង/៧ថ្ងៃ បានរហូតដល់ ៩៩,៣%។ ២. រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកា ១៨លានដុល្លារ ដើម្បីកែលម្អមន្ទីរពេទ្យបង្អែក ៦១ មូលដ្ឋានមន្ទីរពេទ្យ។ ៣. ពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ និងជនរងគ្រោះ និងបណ្តុះបណ្តាលគ្រូពេទ្យ និងបុគ្គលិកបច្ចេកទេស ពាក់ព័ន្ធនឹងការសង្គ្រោះបឋម និងការសង្គ្រោះបន្ទាន់ ជិត ២៧០០នាក់ នៅគ្រប់រាជធានី-ខេត្ត។ ៤. ពង្រឹងគុណភាពឱសថ និងសម្ភារបរិក្ខារ ព្រមទាំងផ្តល់ថ្នាំលើសសម្ពាធឈាម និងទឹកនោមផ្អែមជូនអ្នកជំងឺបាន ១៥ ទៅ ៣០ថ្ងៃ។ ៥. ក្រសួងសុខាភិបាលបានដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាតេស្ត HPV PCR នៅតាមមណ្ឌលសុខភាពចំនួន ៥៤០ កន្លែង មន្ទីរពេទ្យបង្អែកចំនួន ១៥ កន្លែង ក្នុងខេត្តចំនួន៨។ ៦. ក្រសួងសុខាភិបាលបានពង្រឹង «ក្រមប្រតិបត្តិវិស័យឯកជន» ដើម្បីធានាសុវត្ថិភាព និងទំនុកចិត្តក្នុងការផ្តល់សេវាសុខាភិបាល។
សូមជម្រាបដែរថា នាឱកាសនោះដែរ រដ្ឋាភិបាល ក៏បានបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យវិស័យឯកជនយកទីតាំងរដ្ឋទៅផ្តល់សេវាឯកជនឡើយ ដោយទីតាំងពេទ្យរដ្ឋត្រូវតែគ្រប់គ្រងដោយរដ្ឋ ១០០ % ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល៕ (អានបន្ថែម)
- Video Advertisement -