មន្ទីរពេទ្យ ហ្លួង ម៉ែ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីប្រែក្លាយជាមន្ទីរពេទ្យថ្នាក់ជាតិបែបទំនើប

អតីតមជ្ឈមណ្ឌលស្ត្រី ពង្រីកការថែទាំផ្នែកជំងឺមហារីក ជាមួយនឹងបច្ចេកវិទ្យាទំនើប រួមមាន Linac accelerators, MRI, និងឧបករណ៍វិនិច្ឆ័យដ៏ទូលំទូលាយ ត្រូវបានដាក់សម្ពោធជាផ្លូវការក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា

មន្ទីរពេទ្យ ហ្លួង ម៉ែ (អតីតមន្ទីរពេទ្យស្ត្រីនគរទេព) ដែលបច្ចុប្បន្នមន្ទីរពេទ្យនេះត្រូវបានអភិវឌ្ឍឱ្យក្លាយជាមន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាលជំងឺមហារីក ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលថ្ងៃទី១៦ កញ្ញា ២០២៦។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា មន្ទីរពេទ្យ ហ្លួង ម៉ែ កំពុងក្លាយជាមជ្ឈមណ្ឌលសុខាភិបាលឯកទេសដ៏សំខាន់មួយរបស់កម្ពុជា ក្នុងការពិនិត្យធ្វើរោគវិនិច្ឆ័យ វះកាត់ និងព្យាបាលជំងឺមហារីក ដោយប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប និងធនធានមនុស្សជំនាញ។

សម្តេចធិបតីបន្តថា ការអភិវឌ្ឍនេះ គឺស្របនឹងទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើការពង្រឹងគុណភាព និងសមត្ថភាពប្រព័ន្ធសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការពង្រីកសេវាសុខាភិបាលឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។

បើគិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរពេទ្យនេះ បានផ្តល់សេវាពិគ្រោះជំងឺក្រៅជាង ២៣ម៉ឺននាក់ និងអ្នកជំងឺសម្រាកពេទ្យជាង២ម៉ឺននាក់ ព្រមទាំងបានរកឃើញអ្នកជំងឺមហារីកថ្មី ៣,៤២០ នាក់។ លើសពីនេះ បានចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនជាង៥ពាន់ដូស និងផ្តល់ការពិនិត្យរកមហារីកមាត់ស្បូនដោយឥតគិតថ្លៃជាង ១០ម៉ឺនករណី។

សូមរំឭកដែរថា មន្ទីរពេទ្យ ហ្លួង ម៉ែ (អតីតមន្ទីរពេទ្យស្ត្រីនគរទេព) ត្រូវបានបង្កើត និងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដំបូងផ្តោតលើការពិនិត្យ និងព្យាបាលជំងឺរោគស្ត្រី។ ក្នុងអំឡុងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានទិញមន្ទីរពេទ្យនេះ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងធ្ងន់ ហើយបានប្តូរឈ្មោះជាមន្ទីរពេទ្យ ហ្លួង ម៉ែ នៅឆ្នាំ២០២១។ ក្រោយស្ថានភាពកូវីដ-១៩ បានបញ្ចប់ មន្ទីរពេទ្យត្រូវបានអភិវឌ្ឍឱ្យក្លាយជាមន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាលជំងឺមហារីក ដោយជួសជុលកែលម្អអគារ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដូចជា ម៉ាស៊ីនបាញ់កាំរស្មី Linac, CT-Scan, MRI, Brachytherapy, Mammography, Angiography និងឧបករណ៍ធ្វើរោគវិនិច្ឆ័យផ្សេងៗ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មន្ទីរពេទ្យបង្អែកស្រុកពញាឮ កម្ពស់ ៤ជាន់ រាជរដ្ឋាភិបាល បើកការដ្ឋានសាងសង់ជាផ្លូវការ

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីក្នុងពិធីបើកកា […]

ក្រុមហ៊ុនជប៉ុនចង់និយោគមន្ទីរពេទ្យឯកជន និងផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្ររបស់ខ្លួនដល់កម្ពុជា

កិច្ចប្រជុំដ៏សំខាន់មួយបានបង្ហាញផែនការសម្រាប់មន្ទីរពេទ្យ […]

អគារវះកាត់ថ្មី នៃមន្ទីរពេទ្យកុមារជាតិ តម្លៃជាង ៥លានដុល្លារ ចាប់ផ្តើមសាងសង់ជាផ្លូវការ

ដោយមានការគាំទ្រពីជំនួយមនុស្សធម៌អន្តរជាតិ អគារទំនើបបួនជា […]

ជប៉ុនចង់សិក្សាលទ្ធភាពបើកមន្ទីរពេទ្យឯកជនមួយនៅភ្នំពេញដើម្បីជំរុញវិស័យសុខាភិបាលកម្ពុជា

គណៈប្រតិភូជប៉ុនបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងក […]

អគារពិនិត្យនិងពិគ្រោះជំងឺនៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ តម្លៃជាង៣០ម៉ឺនដុល្លារ ដាក់ឱ្យដំណើរការ

អគារពិនិត្យនិងពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យបង្អែកព្រះនេ […]