អាមេរិកបំពេញទស្សនកិច្ចពិនិត្យជំនួយវិស័យសុខាភិបាលទ្វេភាគី ៣៦,១ លានដុល្លារ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមណ្ឌលសុខភាពបន្ទាយមានជ័យ
ដំណើរទស្សនកិច្ចរបស់លោកស្រី Aleks Zittle គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្រោមយុទ្ធសាស្ត្រ «អាមេរិកជាចម្បង» ដើម្បីពង្រឹងសមត្ថភាពឆ្លើយតបនឹងជំងឺឆ្លង និងលើកកម្ពស់សន្តិសុខសុខភាពសកល
ខេត្តសៀមរាប៖ ជំងឺឆ្លង គឺជាការគំរាមកំហែងឥតព្រំដែន ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិនាំមុខ ដើម្បីទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលានៅតាមប្រភពដើមនៃការផ្ទុះឡើង។ លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៦ បានបំពេញស្សនកិច្ចផ្លូវការនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីពិនិត្យមើលដោយផ្ទាល់អំពីសមិទ្ធផលនៃជំនួយបរទេសចម្រុះរបស់រដ្ឋាភិបាលអាមេរិក ក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលជួរមុខកម្ពុជា។ ការពង្រឹងជំនាញលើការពិនិត្យតាមដាន ការផ្តល់របាយការណ៍ និងការឆ្លើយតបភ្លាមៗទៅនឹងការគំរាមកំហែងនៃជំងឺឆ្លងនៅតាមមន្ទីរពេទ្យមូលដ្ឋាន គឺជាគន្លឹះយុទ្ធសាស្ត្រក្នុងការបង្កើនសុវត្ថិភាពសុខភាពសាធារណៈសម្រាប់ទាំងប្រជាជនកម្ពុជា និងប្រជាជនអាមេរិក។
ដំណើរទស្សនកិច្ចនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការសុខាភិបាលទ្វេភាគី ដែលស្ថិតក្រោមកម្រិតយុទ្ធសាស្ត្រសុខភាពសកល «អាមេរិកជាចម្បង» របស់លោកប្រធានាធិបតី ដូណាល់ត្រាំ។ កិច្ចសហប្រតិបត្តិការនេះត្រូវ បានពង្រឹងកាន់តែស៊ីជម្រៅតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីសុខាភិបាលទ្វេភាគី មានទំហំថវិកា ៣៦,១ លានដុល្លារ កាលពីខែមេសា ឆ្នាំ២០២៦ កន្លងទៅ ដែលជាកិច្ចព្រមព្រៀងសុខាភិបាលទ្វេភាគីដំបូងគេបង្អស់ដែលសហរដ្ឋអាមេរិកបានចុះហត្ថលេខានៅក្នុងតំបន់អាស៊ី។ កម្មវិធីជំនួយបច្ចេកទេសរបស់អាមេរិកបានផ្តោតលើការទប់ស្កាត់ និងព្យាបាលជំងឺអេដស៍ ជំងឺរបេង ការលុបបំបាត់ជំងឺគ្រុនចាញ់ ព្រមទាំងការកសាងប្រព័ន្ធអាសន្ននៅពេលរកឃើញជំងឺឆ្លងកម្រិតធ្ងន់ឱ្យបានមុនពេលរីករាលដាលធំដុំ។ លោកស្រី Aleks Zittle ក៏បានបន្តដំណើរ ចុះទៅទស្សនកិច្ចនៅមណ្ឌលសុខភាពក្នុងខេត្តបន្ទាយមានជ័យ ដែលទទួលមូលនិធិពីសហរដ្ឋអាមេរិក និងគ្រប់គ្រងដោយអង្គការ World Vision Cambodia ផ្តល់សេវាសុខាភិបាលសំខាន់ៗដល់ស្ត្រីមានផ្ទៃពោះ ម្តាយ និងទារកទើបកើត រួមមានសេវាថែទាំមុនសម្រាល ក្រោយសម្រាល និងការចាក់ថ្នាំបង្ការជំងឺជាចាំបាច់ សម្រាប់គ្រួសារដែលត្រូវបានផ្លាស់ទីលំនៅ។
ក្រៅពីការសង្គ្រោះជីវិតមនុស្ស និងការការពារសុខមាលភាពសហគមន៍ ជំនួយបរទេសរបស់អាមេរិកនៅក្នុងវិស័យសុខាភិបាលក៏បានរួមចំណែកបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់គ្រួសារ និងការធ្វើពាណិជ្ជកម្មផងដែរ។ សន្តិសុខសុខភាពដ៏រឹងមាំ និងប្រព័ន្ធឆ្លើយតបអាសន្នដែលមានប្រសិទ្ធភាព គឺជាគ្រឹះដ៏សំខាន់ក្នុងការបង្កើតទំនុកចិត្ត ពង្រឹងលក្ខខណ្ឌអំណោយផលសម្រាប់ការវិនិយោគបរទេស និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ តាមរយៈការគាំទ្រដែលផ្តោតលើតម្រូវការជាក់លាក់ ជំនួយបរទេសរបស់សហរដ្ឋអាមេរិក ជួយកសាងបណ្តាញសុខាភិបាលដែលមានភាពធន់មាំ ដែលបានផ្តល់ការថែទាំដែលចាំបាច់យ៉ាងខ្លាំងដល់ម្តាយ និងកុមារ។
សូមជម្រាបជូនថា ដំណើរទស្សនកិច្ចរបស់ភារធារីអាមេរិកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានឆ្លុះបញ្ចាំងពីតម្លៃយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសុខាភិបាលរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ការអនុវត្តអនុស្សរណៈសុខាភិបាលតម្លៃ ៣៦,១ លានដុល្លារយ៉ាងសកម្ម មិនត្រឹមតែជួយពង្រឹងសមត្ថភាពការពារ និងឆ្លើយតបជំងឺឆ្លងនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកការពារសន្តិសុខសុខភាពសកល បង្កើតបរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ (អានបន្ថែម)

- Video Advertisement -