មន្ទីរពេទ្យបង្អែកស្រុកពញាឮ កម្ពស់ ៤ជាន់ រាជរដ្ឋាភិបាល បើកការដ្ឋានសាងសង់ជាផ្លូវការ
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់អគារសម្រាកព្យាបាលទូទៅដ៏ទំនើប ដែលមាន ៩៧ បន្ទប់ និងបំពាក់បរិក្ខារវេជ្ជសាស្ត្រឈានមុខ ដើម្បើយកចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋក្នុងខេត្តកណ្តាល
ខេត្តកណ្តាល៖ ការលើកកម្ពស់គុណភាពសេវាថែទាំសុខភាពសាធារណៈ និងការកសាងហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រទំនើបនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ នៅតែជាអាទិភាពយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការនូវអគារថ្មីនៃមន្ទីរពេទ្យបង្អែកស្រុកពញាឮ កម្ពស់ ៤ ជាន់ ស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល។
ការសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុកពញាឮថ្មីនេះ ត្រូវបានរៀបចំឡើងជាលក្ខណៈស្តង់ដារទំនើប ដោយមានកម្ពស់ ៤ ជាន់ (រួមមានជាន់ផ្ទាល់ដី ជាន់ទី១ ជាន់ទី២ ជាន់ទី៣ និងដំបូលទែរ៉ាស់) លើទំហំសំណង់សរុប ៣០ ម៉ែត្រ x ៥០ ម៉ែត្រ និងបែងចែកជា ៩៧ បន្ទប់។ សំណង់អគារទាំងមូលនឹងត្រូវបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា និងបរិក្ខារវេជ្ជសាស្ត្រឈានមុខ ដូចជា ប្រព័ន្ធម៉ាស៊ីនត្រជាក់ទ្រង់ទ្រាយធំ (HVAC) ប្រព័ន្ធការពារអគ្គីភ័យ ប្រព័ន្ធអុកស៊ីសែនវេជ្ជសាស្ត្រ ជណ្តើរយន្ត កាមេរ៉ាសុវត្ថិភាព និងបណ្តាញអ៊ីនធឺណិត WIFI។ តាមផែនការបែងចែកជាន់នីមួយៗ ជាន់ផ្ទាល់ដីត្រូវរៀបចំសម្រាប់ផ្នែកពិគ្រោះជំងឺទូទៅ បន្ទប់សង្គ្រោះបន្ទាន់ បន្ទប់ ប.ស.ស ឱសថស្ថាន បន្ទប់អេកូ ICU បន្ទប់ X-Ray និងបន្ទប់វះកាត់ ព្រមទាំងមានជម្រាលពិសេសសម្រាប់រថយន្តសង្គ្រោះបន្ទាន់។ នៅជាន់ទី១ ជាផ្នែកសម្រាកព្យាបាលទូទៅដែលមាន ១២ បន្ទប់ អាចដាក់គ្រែអ្នកជំងឺបានចំនួន ៨៣ គ្រែ ឯជាន់ទី២ សម្រាប់ផ្នែកសម្ពព និងវះកាត់ ខណៈជាន់ទី៣ ត្រូវបានបែងចែកជាផ្នែករដ្ឋបាល សាលប្រជុំដែលអាចផ្ទុកមនុស្សបាន ១៨២ នាក់ និងបន្ទប់សម្រាកកម្រិត VIP។ ដោយឡែក តម្លៃនៃការសាងសង់ ប្រភពថវិកា និងអ្នកទទួលម៉ៅការសាងសង់ មិនមានព័ត៌មានជាផ្លូវការឡើយ។
នៅក្នុងឱកាសនោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ការសម្រេចបើកការដ្ឋានសាងសង់អគារថ្មីនេះ គឺជាកិច្ចខិតខំប្រឹងប្រែងផ្ទាល់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែរហ័ស និងមានគុណភាពខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានសម្តែងនូវការស្វាគមន៍ និងចាត់ទុកសមិទ្ធផលថ្មីនេះថាជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកពញាឮ ក៏ដូចជាទូទាំងខេត្តកណ្តាល។
សូមជម្រាបជូនថា ការបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុកពញាឮ កម្ពស់ ៤ ជាន់ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការអភិវឌ្ឍប្រព័ន្ធសុខាភិបាលសាធារណៈនៅកម្ពុជា។ ការបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ និងការប្រែក្លាយមន្ទីរពេទ្យបង្អែកស្រុកឱ្យទៅជាសមាសភាគព្យាបាលដ៏មានសមត្ថភាព មិនត្រឹមតែជួយកាត់បន្ថយការកកស្ទះអ្នកជំងឺនៅតាមមន្ទីរពេទ្យថ្នាក់ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវសេវាថែទាំសុខភាពប្រកបដោយសមធម៌ និងទំនុកចិត្តជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ (អានបន្ថែម)

- Video Advertisement -