កម្ពុជា-អាម៉េរិកឈានដល់កម្រិតកំពូលថ្មី ខណៈកម្ពុជាកំពុងចរចាបញ្ជាទិញយន្តហោះក្នុងទំហំទឹកប្រាក់ជាង ៣ប៊ីលានដុល្លារ
ការវិនិយោគយុទ្ធសាស្ត្រ ការបញ្ជាទិញយន្តហោះ Boeing តម្លៃ ៣,២ ប៊ីលានដុល្លារ និងផែនការព័ស្តុភារក្នុងតំបន់ គូសបញ្ជាក់ពីការបោះជំហានយ៉ាងសំខាន់នៃពាណិជ្ជកម្មទ្វេភាគី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ…
ទំនាក់ទំនងផ្នែកអាកាសចរណ៍រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា កំពុងបន្តដំណើរទៅមុខយ៉ាងរលូន ដោយទទួលបានលទ្ធផលជាផ្លែផ្កាតាមរយៈការវិនិយោគទុនដ៏ច្រើនសន្ធឹកសន្ធាប់ កិច្ចព្រមព្រៀងទិញយន្តហោះពាណិជ្ជកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយ ដែលមានគោលដៅប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៅក្នុងតំបន់។
នៅក្នុងជំនួបពិភាក្សាមួយនៅរាជធានីភ្នំពេញ លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) ដើម្បីពិនិត្យមើលគំនិតផ្តួចផ្តើមសំខាន់ៗក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាកាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៦។
ប្រធានបទសំខាន់នៃកិច្ចពិភាក្សានេះ រួមមានការបញ្ជាទិញយន្តហោះ Boeing ជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ក្នុងតម្លៃ ៣,២ ប៊ីលានដុល្លារអាម៉េរិក ដែលជាជំហានដ៏ធំមួយក្នុងការធ្វើទំនើបកម្មយន្តហោះ និងការពង្រីកការភ្ជាប់ជើងហោះហើរត្រង់ទូទាំងតំបន់អាស៊ី និងទ្វីបផ្សេងៗទៀត។
បន្ថែមពីលើការបញ្ជាទិញយន្តហោះ ស្ថាប័នហិរញ្ញវត្ថុអាមេរិកក៏កំពុងដើរតួនាទីយ៉ាងសកម្មក្នុងការផ្តល់មូលនិធិដល់ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់កម្ពុជាផងដែរ។ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិនៃសហរដ្ឋអាមេរិក (DFC) ក៏បានផ្តល់ទុនវិនិយោគចំនួន ១០០ លានដុល្លារអាម៉េរិក នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI)។ ការវិនិយោគនេះស្របគ្នានឹងផែនការយុទ្ធសាស្ត្ររបស់ SSCA ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស និងព័ស្តុភារដ៏ទំនើបនៅព្រលានយន្តហោះថ្មីនេះ ដើម្បីឆ្លើយតបនឹងកំណើនពាណិជ្ជកម្ម បង្កើនប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងពាណិជ្ជកម្មអន្តរជាតិ។
គណៈប្រតិភូក៏បានពិភាក្សាអំពីវឌ្ឍនភាពរបស់កម្ពុជាក្នុងការផ្តល់សច្ចាប័នលើអនុសញ្ញា Cape Town ដែលជាក្របខ័ណ្ឌច្បាប់អន្តរជាតិជួយសម្រួលដល់ការជួល និងការផ្តល់ហិរញ្ញប្បទានយន្តហោះឆ្លងដែន។ ការកែសម្រួលប្រព័ន្ធច្បាប់ឱ្យស្របតាមអនុសញ្ញានេះ ត្រូវបានរំពឹងថានឹងជួយកាត់បន្ថយចំណាយដើមទុនសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក បង្កើនទំនុកចិត្តរបស់អ្នកវិនិយោគ និងជំរុញការវិនិយោគផ្ទាល់ពីបរទេសចូលមកក្នុងប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍របស់កម្ពុជា។ គំនិតផ្តួចផ្តើមរួមគ្នាទាំងនេះបានបង្ហាញពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ដែលផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ការអភិវឌ្ឍកម្លាំងពលកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ (អានបន្ថែម)
- Video Advertisement -