កម្ពុជា-អ៊ូសបេគីស្ថាន ប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី
នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយនៅទីក្រុងបាគូ (Baku) មេដឹកនាំនៃប្រទេសទាំងពីរបានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដោយផ្អែកលើទំនាក់ទំនងការទូតដែលមានរយៈពេលជាងបីទសវត្សរ៍មកហើយ
កម្ពុជា-អ៊ូសបេគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់កម្រិត ពិសេសប្តេជ្ញានឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។ នេះបើយោងតាមជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ លោក Shavkat Mirziyoyev ប្រធានាធិបតី នៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
ថ្នាក់ដឹកនាំបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា ពិសេសបានប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ទេសចរណ៍ អប់រំ ការផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជនជាដើម។
ក្នុងឱកាសនោះ ប្រធានាធិបតីអ៊ូសបេគីស្ថានជឿជាក់ថា ជំនួបនេះនឹងកាន់តែជួយជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានសម្តែងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការនេះផងដែរ។
សូមជម្រាបដែរថា តាមរយៈជំនួបខាងលើនោះដែរ ថ្នាក់ដឹកនាំទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាង ៣ទសវត្សរ៍កន្លងមក និងបានបញ្ជាក់ថា ប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើនទៀតក្នុងការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់កម្រិត តាមរយៈការលើកកម្ពស់ ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់ឱ្យបានទៀងទាត់ និងទូលំទូលាយ ការពង្រឹងយន្តការ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរថែមទៀត៕

- Video Advertisement -