កម្មវិធីសំណង់ឌីជីថលអាចបង្កើតប្រយោជន៍អ្វីខ្លះចេញពីថាមពលកម្ដៅផែនដី?
បច្ចេកវិទ្យាឌីជីថលកំពុងជួយផ្លាស់ប្តូរការអភិវឌ្ឍថាមពលកម្ដៅផែនដី ដោយជួយធ្វើឱ្យគម្រោងនានាកាន់តមានប្រសិទ្ធភាព មានលទ្ធភាពពង្រីក និងងាយស្រួលក្នុងការគ្រប់គ្រងជាងមុន។
ថាមពលកម្ដៅផែនដីផ្តល់ប្រភពថាមពលដែលអាចទុកចិត្តបាន និងមានការបញ្ចេញឧស្ម័នតិច ហើយអាចផលិតថាមពលបានជាបន្តបន្ទាប់ពេញមួយថ្ងៃ ដោយមិនពឹងផ្អែកលើលក្ខខណ្ឌអាកាសធាតុ។
ទោះជាយ៉ាងណា ការចំណាយដើមខ្ពស់ ភាពមិនប្រាកដប្រជាក្នុងការស្វែងរកធនធាន និងភាពស្មុគស្មាញនៃការកំណត់ទីតាំងធនធានក្រោមដី ធ្វើឱ្យវិស័យនេះមិនសូវរីកចម្រើន។
បច្ចេកវិទ្យាថ្មីៗ ដូចជា ការខួងអណ្តូងផ្តេក (horizontal drilling) និង ប្រព័ន្ធកម្ដៅផែនដីដែលបានពង្រឹង (Enhanced Geothermal Systems ឬ EGS) កំពុងពង្រីកលទ្ធភាពក្នុងការចូលប្រើធនធានកម្ដៅផែនដី។
ទន្ទឹមនឹងនេះ កម្មវិធីសំណង់ឌីជីថលរបស់ Bentley ដូចជា កម្មវិធី Seequent កម្មវិធី Leapfrog និង iTwin ក៏កំពុងជួយកែលម្អការធ្វើម៉ូដែលស្រទាប់ក្រោមដីទាំងនេះផងដែរ។
កម្មវិធីសំណង់ឌីជីថលទាំងនេះ អាចប្រមូលទិន្នន័យផ្នែកភូគព្ភសាស្ត្រ វិស្វកម្ម និងប្រតិបត្តិការ មកដាក់ក្នុងប្រព័ន្ធតែមួយ។ វាជួយឱ្យក្រុមការងារកំណត់ទីតាំងខួងដែលមានសក្តានុពល បង្កើនប្រសិទ្ធភាពទីតាំងអណ្តូង តាមដានអាងស្តុកកម្ដៅផែនដីជាក់ស្តែង និងរកឃើញបញ្ហាដែលអាចកើតឡើងបានកាន់តែឆាប់។
វិធីសាស្ត្រនេះក៏កំពុងត្រូវបានអនុវត្តក្នុងគម្រោងដូចជា ប្រតិបត្តិការថាមពលកម្ដៅផែនដីរបស់ Calpine នៅរដ្ឋ California និងគំនិតផ្តួចផ្តើមផ្នែកថាមពលកម្ដៅផែនដីរបស់ Google ផងដែរ។
តាមរយៈការភ្ជាប់ទិន្នន័យពីគ្រប់ដំណាក់កាលនៃវដ្តជីវិតគម្រោង ការរួមបញ្ចូលឌីជីថលអាចជួយកាត់បន្ថយហានិភ័យ បង្កើនប្រសិទ្ធភាព និងគាំទ្រការផលិតថាមពលកម្ដៅផែនដីប្រកបដោយចីរភាពក្នុងរយៈពេលវែង។
ប្រសិនបើបច្ចេកវិទ្យាកម្ដៅផែនដីកម្រិតខ្ពស់អាចកាត់បន្ថយថ្លៃដើមបានយ៉ាងសំខាន់ ការវិនិយោគសរុបក្នុងវិស័យនេះអាចឈានដល់ ១ ទ្រីលានដុល្លារអាមេរិកនៅឆ្នាំ ២០៣៥។
ក្នុងបរិបទនេះ ការប្រើបច្ចេកវិទ្យាឌីជីថលកំពុងក្លាយជាឧបករណ៍សំខាន់មួយសម្រាប់ពង្រីកការប្រើប្រាស់ថាមពលកម្ដៅផែនដី និងពង្រឹងតួនាទីរបស់វានៅក្នុងប្រព័ន្ធថាមពលពិភពលោក។
រូបភាព៖ គម្រោង Red របស់ក្រុមហ៊ុន Fervo Energy នៅរដ្ឋ Nevada គឺជាគម្រោង EGS (ប្រព័ន្ធថាមពលកម្ដៅក្នុងផែនដីដែលបានកែលម្អ) លក្ខណៈពាណិជ្ជកម្មដំបូងគេ ដែលប្រើប្រាស់អណ្តូងខួងផ្ដេកទាំងស្រុង ហើយទំនងជាគម្រោងដែលមានសីតុណ្ហភាពខ្ពស់បំផុតដែលធ្លាប់មានការខួងយកថាមពល (រូបភាព៖ Fervo Energy)។
- Video Advertisement -