GGGI ប្តេជ្ញាបន្តជួយកម្ពុជាពង្រឹងសមត្ថភាព ដើម្បីក្លាយជាប្រទេសអព្យាក្រឹតកាបូនក្នុងឆ្នាំ២០៥០

វិទ្យាស្ថាន GGGI បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងបន្តជួយកម្ពុជាពង្រឹងសមត្ថភាពឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូនក្នុងឆ្នាំ២០៥០។ ការលើកឡើងនេះ បានធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយលោក Malle Fofana,នាយកប្រចាំតំបន់អាស៊ីនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល( GGGI) នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។លោក Malle  បានឱ្យដឹងថា​ ជំនួបនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។

លោកបន្តថា GGGI ត្រៀមខ្លួនជានិច្ចក្នុងការបកប្រែចក្ខុវិស័យនេះទៅជាសកម្មភាពជាក់ស្តែង ខណៈលោក បញ្ជាក់ទៀតថា GGGI នឹងបន្តជួយកម្ពុជាពង្រឹងសមត្ថភាពដើម្បីក្លាយជាអង្គភាពទទួលស្គាល់ (Accredited Entity) ក្នុងមូលនិធិអាកាសធាតុបៃតង (GCF) ដែលជាគន្លឹះឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុក្នុងវិស័យបរិស្ថាន។

ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ GGGI ដែលបានរួមចំណែកធ្វើឱ្យកម្ពុជាស្អាត មានភាពបៃតង និងចីរភាព និងបានរួមចំណែកកាត់បន្ថយការកើនឡើងកម្តៅភពផែនដីដែលជាមូលហេតុចម្បងធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ គំនិតផ្តួចផ្តើមពាណិជ្ជកម្មកាបូន ដោយរួមបញ្ចូលវិស័យកសិកម្ម វិស័យសំណល់ វិស័យព្រៃឈើ (REDD+) និងការដាំដុះព្រៃឈើឡើងវិញ គឺជាការលើកទឹកចិត្តឱ្យវិនិយោគិនរួមចំណែកដាំដុះព្រៃឈើឡើងវិញនៅកម្ពុជា ដែលជាថ្នូរនឹងឥណទានកាបូនរយៈពេល១៥ឆ្នាំ ស្របតាមការអនុវត្តមាត្រា ៦.២ នៃអនុសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលអាចរួមចំណែកដល់ការកាត់បន្ថយបន្ទុកថវិការដ្ឋរបស់កម្ពុជា និងឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

គួរបញ្ជាក់ថា តាមរយៈជំនួបនេះ ក្រសួងបរិស្ថាន បានបន្តពង្រឹងការគ្រប់គ្រងសំណល់រាវ ដោយបានបញ្ឈប់ការបញ្ចេញសំណល់រាវដែលជាប្រភពបំពុលទៅក្នុងប្រភពទឹកសាធារណៈឱ្យបានត្រឹមឆ្នាំ២០២៦ និងបានដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ចំពោះរោងចក្រ សហគ្រាសទាំងឡាយណាដែលមិនបានអនុវត្ត និងគោរពតាមបទបញ្ញាត្តិច្បាប់ ក្រមបរិស្ថាន និងធនធានធម្មជាតិផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]