Italferr អភិវឌ្ឍផ្លូវដែកតម្លៃ ១២,៧ ពាន់លានអឺរ៉ូ នៅកោះស៊ីស៊ីលី ដោយប្រើបច្ចេកវិទ្យាថ្មីនេះ
ក្រុមហ៊ុន Italferr កំពុងប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្មឌីជីថល ដើម្បីអនុវត្តគម្រោងធ្វើទំនើបកម្មផ្លូវដែកដ៏ធំបំផុតមួយរបស់ប្រទេសអ៊ីតាលី ដែលភ្ជាប់ទីក្រុង Palermo, Catania និង Messina។
គម្រោងដែលមានទុនវិនិយោគ ១២,៧ ពាន់លានអឺរ៉ូ នេះ មានគោលបំណងលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ កាត់បន្ថយរយៈពេលធ្វើដំណើរ និងជំរុញការដឹកជញ្ជូនប្រកបដោយចីរភាពនៅទូទាំងកោះស៊ីស៊ីលី។
នៅពេលគម្រោងបញ្ចប់ ការធ្វើដំណើររវាង Palermo និង Catania នឹងត្រូវកាត់បន្ថយពី ៣ ម៉ោង មកនៅត្រឹម ២ ម៉ោង ខណៈការធ្វើដំណើររវាង Messina និង Catania នឹងថយចុះពី ៧៥ នាទី មកនៅត្រឹម ៤៥ នាទី។ គម្រោងនេះក៏ត្រូវបានរំពឹងថានឹងបង្កើតការងារប្រមាណ ៨.០០០ កន្លែង និងមានការចូលរួមពីក្រុមហ៊ុនជាង ៦០០ ផងដែរ។
ដើម្បីគ្រប់គ្រងភាពស្មុគស្មាញនៃគម្រោង Italferr បានប្រើប្រាស់ ProjectWise របស់ Bentley Systems ជាប្រព័ន្ធរួមមួយសម្រាប់ការសហការ និងការគ្រប់គ្រងទិន្នន័យ ដោយសម្របសម្រួលគំរូព័ត៌មានជាង ៩.៨០០ ម៉ូឌែល ក្នុងជាង ២០ វិស័យជំនាញ។
ដំណើរការឌីជីថលនេះបានកាត់បន្ថយពេលវេលាធ្វើបច្ចុប្បន្នភាពគំរូរួមបាន ៨០% កាត់បន្ថយពេលវេលាបញ្ជូនទិន្នន័យរបស់អ្នកម៉ៅការបាន ៥០% និងបង្កើនប្រសិទ្ធភាពនៃការចូលប្រើទិន្នន័យបាន ៣០%។
កម្មវិធី Bentley ផ្សេងទៀត រួមមាន OpenRail, OpenRoads, MicroStation, SYNCHRO 4D Pro និង Bentley LumenRT ក៏ត្រូវបានប្រើប្រាស់សម្រាប់ការរចនាផ្លូវដែក ការរៀបចំផែនការសំណង់ និងការបង្ហាញគម្រោងជារូបភាពផងដែរ។
វិធីសាស្ត្រឌីជីថលរួមបញ្ចូលគ្នានេះ បានជួយក្រុមវិស្វករកំណត់ និងដោះស្រាយបញ្ហាការប៉ះទង្គិចក្នុងការរចនាជាង ៤.៥០០ ករណី មុនពេលសាងសង់ ដែលជួយបង្កើនប្រសិទ្ធភាព និងគុណភាពនៃគម្រោង។
គម្រោងផ្លូវដែក Palermo–Catania–Messina ក៏ត្រូវបានទទួលស្គាល់នៅក្នុងកម្មវិធី Year in Infrastructure (YII) របស់ Bentley Systems ជាឧទាហរណ៍នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក។
- Video Advertisement -