គម្រោងសង់ផ្លូវដែកតម្លៃ ១២,៧ ពាន់លានអឺរ៉ូរបស់អ៊ីតាលី ប្រើប្រាស់បច្ចេកវិទ្យាអ្វីខ្លះ?
ប្រទេសអ៊ីតាលីកំពុងអនុវត្តគម្រោងធ្វើទំនើបកម្មផ្លូវដែកដ៏ធំមួយ ដែលមានតម្លៃ ១២,៧ ពាន់លានអឺរ៉ូ ដើម្បីកែលម្អប្រព័ន្ធដឹកជញ្ជូននៅតំបន់ស៊ីស៊ីលី តាមរយៈការពង្រឹងការតភ្ជាប់រវាងទីក្រុង Palermo, Catania និង Messina។
គម្រោង New Palermo–Catania–Messina Railway Connection ដែលដឹកនាំដោយក្រុមហ៊ុន Italferr មានគោលបំណងកាត់បន្ថយពេលវេលាធ្វើដំណើរ បង្កើនភាពទៀងទាត់ និងបន្ថែមចំនួយជើងរថភ្លើងរវាទីក្រុងទាំង ៣។
ក្រោយពេលគម្រោងបញ្ចប់ ការធ្វើដំណើរពី Palermo ទៅ Catania នឹងត្រូវកាត់បន្ថយពីប្រហែល ៣ ម៉ោងមកត្រឹម ២ ម៉ោង ខណៈការធ្វើដំណើរពី Messina ទៅ Catania នឹងថយពី ៧៥ នាទីមក ៤៥ នាទី។
ដើម្បីសម្រេចបានគម្រោងយក្សនេះ ក្រុមហ៊ុន Italferr បានប្រើប្រាស់បច្ចេកវិទ្យាមួយចំនួយរបស់ Bentley Systems រួមមាន ProjectWise, OpenRail, OpenRoads, MicroStation, SYNCHRO 4D Pro និង Bentley LumenRT។
ឧទាហរណ៍ កម្មវិធី ProjectWise ត្រូវបានប្រើជាវេទិកាកណ្តាលសម្រាប់ចែករំលែក និងគ្រប់គ្រងទិន្នន័យគម្រោង។ ប្រព័ន្ធនេះបានជួយក្រុមការងារគ្រប់គ្រង និងសម្របសម្រួលម៉ូដែលព័ត៌មានជាង ៩,៨០០ ដែលពាក់ព័ន្ធនឹងជំនាញជាង ២០ ផ្នែក និងអ្នកប្រើប្រាស់ជាង ៤០០ នាក់។
លើសពីនេះ កម្មវិធីProjectWise ក៏បានបានជួយកាត់បន្ថយពេលវេលាដែលត្រូវការសម្រាប់ធ្វើបច្ចុប្បន្នភាពម៉ូដែលរួមចំនួន ៨០% និងកាត់បន្ថយពេលវេលាផ្ទេរទិន្នន័យពីអ្នកម៉ៅការចំនួន ៥០%។ ដំណើរការឌីជីថលនេះក៏បានជួយក្រុមការងាររកឃើញ និងដោះស្រាយបញ្ហាប៉ះទង្គិចរវាងការរចនាជាង ៤,៥០០ ករណី មុនពេលឈានដល់ដំណាក់កាលសាងសង់។
បច្ចេកវិទ្យារបស់ Bentley ផ្សេងទៀត ដូចជា OpenRail, OpenRoads, MicroStation, SYNCHRO 4D Pro និង LumenRT ក៏ត្រូវបានប្រើប្រាស់សម្រាប់ការរចនាផ្លូវដែក ការរចនាផ្លូវ ការរៀបចំកាលវិភាគសាងសង់ ការសម្របសម្រួលម៉ូដែល និងការបង្កើតរូបភាព 3D សម្រាប់បង្ហាញគម្រោង។
គម្រោងនេះបង្ហាញថា វិស្វកម្មឌីជីថល និងការគ្រប់គ្រងទិន្នន័យរួមគ្នា អាចជួយឱ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាមួយនឹងការយកចិត្តទុកដាក់លើគុណភាព ការអនុលោមតាមបទប្បញ្ញត្តិ និងការដឹកជញ្ជូនប្រកបដោយចីរភាព។

- Video Advertisement -