ក្រសួងសាធារណការបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពី «បរិក្ខារគ្រប់គ្រងចរាចរណ៍»

យុទ្ធសាស្ត្រជាតិក្នុងការលើកកម្ពស់គុណភាព សោភ័ណភាព និងសុវត្ថិភាពខ្ពស់លើបណ្តាញផ្លូវថ្នល់ទូទាំងប្រទេស

កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ស្តង់ដារសុវត្ថិភាពផ្លូវថ្នល់នៅកម្ពុជាត្រូវបានជំរុញបន្ថែមទៀត តាមរយៈពិធីបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសស្តីពី «បរិក្ខារគ្រប់គ្រងចរាចរណ៍» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ទីររាជធានី-ខេត្ត តំណាងវិស័យឯកជន និងមន្ត្រីរាជការជាច្រើនរូប។

វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ជូននូវចំណេះដឹង និងជំនាញបច្ចេកទេសស៊ីជម្រៅពាក់ព័ន្ធនឹងប្រភេទ តួនាទី គោលការណ៍នៃការរៀបចំ ការជ្រើសរើស ការឌីហ្សាញ ការដំឡើង និងការថែទាំបរិក្ខារចរាចរណ៍។ កម្មវិធីនេះក៏បានផ្តោតសំខាន់លើការធានាឱ្យអ្នកប្រើប្រាស់ផ្លូវអាចមើលឃើញ យល់ និងអនុវត្តតាមសញ្ញា និងបរិក្ខារចរាចរណ៍បានយ៉ាងច្បាស់លាស់ និងទាន់ពេលវេលាគ្រប់កាលៈទេសៈ។

កិច្ចបណ្តុះបណ្តាលនេះ មានគោលដៅពង្រឹងសមត្ថភាពក្នុងការអនុវត្តគោលការណ៍ និងបទដ្ឋានបច្ចេកទេសពាក់ព័ន្ធនឹងបរិក្ខារចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នា ប្រសិទ្ធភាព សុវត្ថិភាព និងសោភ័ណភាពនៃប្រព័ន្ធបរិក្ខារចរាចរណ៍នៅតាមបណ្តាញផ្លូវថ្នល់ទូទាំងប្រទេស។ កម្ពុជានឹងទទួលបាននូវការកសាងធនធានមនុស្សដែលមានសមត្ថភាពកាន់តែប្រសើរឡើងក្នុងការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈ។

ថ្លែងនៅក្នុងអង្គពិធីនោះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់យ៉ាងមុតមាំថា ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មិនមែនសំដៅត្រឹមតែជាការសាងសង់កម្រាលកៅស៊ូ ឬបេតុងដែលផ្តល់ឱ្យនូវការប្រើប្រាស់ផ្លូវថ្នល់បានរលូនប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាឱ្យបាននូវគុណភាព សោភ័ណភាព និងជាពិសេសសុវត្ថិភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ផងដែរ។ បរិក្ខារចរាចរណ៍ រួមមានគំនូសសញ្ញា ផ្លាកសញ្ញា ភ្លើងសញ្ញា របាំងសុវត្ថិភាព និងភ្លើងបំភ្លឺផ្លូវ គឺជាភាសាទំនាក់ទំនងផ្ទាល់រវាងផ្លូវ និងអ្នកបើកបរ ហើយរាល់កង្វះខាត ឬភាពមិនច្បាស់លាស់នៃបរិក្ខារទាំងនេះ គឺជាមូលហេតុចម្បងមួយដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹងបន្ថែមទៀតពាក់ព័ន្ធនឹងការរចនា និងកំណត់ប្រភេទ និងទីតាំងបំពាក់បរិក្ខារចរាចរណ៍ឱ្យបានត្រឹមត្រូវសមស្របនឹងស្ថានភាពផ្លូវ និងលក្ខខណ្ឌចរាចរណ៍។ ឯកឧត្តមក៏បានស្នើដល់សិក្ខាកាមទាំងអស់ យកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅបន្តចែករំលែកដល់មន្រ្តីនៅតាមអង្គភាពរបស់ខ្លួនឱ្យបានយល់ដឹងបន្ថែមទៀត។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសស្តីពីបរិក្ខារគ្រប់គ្រងចរាចរណ៍ក្រោមការដឹកនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គឺជាវិធានការយុទ្ធសាស្ត្រដ៏មានតម្លៃក្នុងការលើកកម្ពស់ស្តង់ដារសុវត្ថិភាពផ្លូវថ្នល់នៅកម្ពុជា។ ការពង្រឹងសមត្ថភាពមន្ត្រីជំនាញ និងការយកចិត្តទុកដាក់លើការបំពាក់បរិក្ខារចរាចរណ៍ប្រកបដោយបច្ចេកទេសនិងសោភ័ណភាព នឹងជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ និងធានាបាននូវការធ្វើដំណើរប្រកបដោយទំនុកចិត្តនិងសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋគ្រប់រូប។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពីរ បើកយុទ្ធនាការផ្សព្វផ្សាយបទដ្ឋានបច្ចេកទេសថ្មីចំនួន ៤២ ឯកសារ ដើម្បីពង្រឹងគុណភាពផ្លូវនៅកម្ពុជា

កិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលីក្នុងការធ្វើបច្ចុប្ប […]