ក្រសួងសាធារណការ គាំទ្របច្ចេកវិទ្យាកែច្នៃផ្លាស្ទិកជាកៅស៊ូ PMAC សម្រាប់ការសាងសង់ និងជួសជុលផ្លូវប្រកបដោយចីរភាព
ថ្នាក់ដឹកនាំក្រសួងទទួលជួបតំណាងក្រុមហ៊ុន AGC Innovate មកពីប្រទេសស្រីលង្កា ដើម្បីរៀបចំ «គម្រោងសាកល្បង» ប្រើប្រាស់បេតុងកៅស៊ូលាយសំណល់ផ្លាស្ទិក ដែលអាចប្រើប្រាស់ផ្លាស្ទិកសំណល់បានរហូតដល់ ៣ តោនក្នុងផ្លូវ ១ គីឡូម៉ែត្រ
ទីស្តីការក្រសួង៖ ការបំប្លែងសំណល់ផ្លាស្ទិកឱ្យទៅជាសមាសភាគបច្ចេកវិទ្យាក្នុងការកសាង និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បានប្រែជាដំណោះស្រាយនវានុវត្តន៍ដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន បង្កើនភាពធន់នៃសំណង់ផ្លូវថ្នល់ និងកាត់បន្ថយចំណាយនៃការជួសជុល។ ក្នុងអំឡុងចុងខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំជំនួបពិភាក្សាការងារបច្ចេកទេសជាបន្តបន្ទាប់ជាមួយតំណាងក្រុមហ៊ុន AGC Innovate (Pvt) Ltd ដែលជាក្រុមហ៊ុនឯកទេសមកពីប្រទេសស្រីលង្កា ដើម្បីសិក្សា និងជំរុញការអនុវត្តបច្ចេកវិទ្យាកែច្នៃសំណល់ផ្លាស្ទិករួមផ្សំជាមួយកៅស៊ូ Asphalt Concrete ដែលហៅថា Plastic Modified Asphalt Concrete (PMAC) សម្រាប់ប្រើប្រាស់ក្នុងវិស័យសាងសង់ផ្លូវថ្នល់នៅកម្ពុជា។
កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងក្រុមហ៊ុនលោកស្រី Kamesha Samaranayake ដើម្បីស្តាប់ការធ្វើបទបង្ហាញអំពីបច្ចេកវិទ្យា PMAC ដោយមានការចូលរួមពីមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងអគ្គនាយកដ្ឋានបច្ចេកទេស។ តាមរយៈជំនួបនេះ ក្រុមហ៊ុន AGC Innovate បានលើកឡើងពីផែនការសហការរៀបចំ «គម្រោងសាកល្បង» (Pilot Project) ដោយប្រើប្រាស់បច្ចេកវិទ្យា PMAC ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាក់ស្តែង និងស្វែងរកដៃគូសហការ ដើម្បីលើកកម្ពស់ការគ្រប់គ្រងសំណល់ផ្លាស្ទិកប្រកបដោយចីរភាពនៅកម្ពុជា។
ជាកិច្ចបន្តនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ បានអនុញ្ញាតឱ្យលោក Umayanga Nanayakkara ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន AGC Innovate ចូលជួបសម្តែងការគួរសម និងពិភាក្សាលម្អិតបន្ថែមលើទិដ្ឋភាពវិស្វកម្ម។ តំណាងក្រុមហ៊ុនបានជម្រាបជូនថា បច្ចេកវិទ្យា PMAC មិនត្រឹមតែជួយពង្រឹងគុណភាព និងភាពរឹងមាំនៃកៅស៊ូផ្លាស្ទិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយចំណាយ និងជួយការពារបរិស្ថានយ៉ាងច្រើន ដោយសារការសាងសង់ផ្លូវប្រវែង ១ គីឡូម៉ែត្រ អាចទាញយក និងប្រើប្រាស់សំណល់ផ្លាស្ទិកបានរហូតដល់ ៣ តោន។ ភាគីក្រសួងបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះបំណងអនុវត្តគម្រោងសាកល្បងនេះនៅលើបណ្តាញផ្លូវថ្នល់កម្ពុជា។
កិច្ចសហប្រតិបត្តិការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុន AGC Innovate ក្នុងការផ្លាស់ប្តូរបច្ចេកវិទ្យា PMAC គឺជាជំហានដ៏មានអត្ថន័យឆ្ពោះទៅរកការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង។ ការរួមបញ្ចូលគ្នារវាងការគ្រប់គ្រងសំណល់ផ្លាស្ទិក និងការកសាងផ្លូវថ្នល់ប្រកបដោយគុណភាព មិនត្រឹមតែជួយកាត់បន្ថយការបំពុលបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យកម្ពុជាទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលមានភាពធន់ ចំណាយតិច និងមានចីរភាពវែងឆ្ងាយ។ (អានបន្ថែម)

- Video Advertisement -