ក្រុមហ៊ុន Bentley ថ្មីៗបានធ្វើឱ្យការប្រើកម្មវិធីសំណង់ឌីជីថលរបស់ខ្លួនកាន់តែងាយស្រួលប្រើ ពោលគឺទោះបីជាគ្មានចំណេះដឹងផ្នែកកូដ ឬផ្នែក IT សោះ ក៏អាចប្រើដែរ ដោយប្រើការបញ្ជាតាមរយៈ AI ខណៈគុណភាព និងលទ្ធផលគឺកាន់តែមានប្រសិទ្ធភាពជាងមុន។
ដោយប្រើការបញ្ជាដោយភាសាទូទៅជាមួយ AI បច្ចុប្បន្នវិស្វកររចនា វិភាគ និងគ្រប់គ្រងគម្រោងស្មុគស្មាញ ដោយមិនចាំបាច់សរសេរកូដឱ្យស្មុគស្មាញទៀតទេ។
ក្រុមហ៊ុន Bentley Systems កំពុងបង្ហាញវិធីសាស្ត្រថ្មីនេះតាមរយៈ Model Context Protocol (MCP) ដែលជាស្តង់ដារចំហដែលបើកឱ្យ AI អាចទំនាក់ទំនងដោយផ្ទាល់ជាមួយកម្មវិធីផ្សេងៗបាន។
បច្ចេកវិទ្យានេះក៏អាចជួយវិស្វករបង្កើតការរចនាបឋមដោយផ្អែកលើស្តង់ដារឧស្សាហកម្ម ដោយប្រើ AI assistant។ ឧទាហរណ៍ AI បានវិភាគគំរូផ្លូវដែលមានស្រាប់ ពិនិត្យស្តង់ដារសម្រាប់របាំងការពារសំឡេង និងបង្កើតរបាំងដែលបានស្នើឡើងដោយផ្ទាល់នៅក្នុង MicroStation។ វាក៏បានពន្យល់ពីច្បាប់រចនាដែលខ្លួនបានអនុវត្ត ដើម្បីឱ្យវិស្វករអាចពិនិត្យ និងសម្រេចថាតើគួរទទួលយក ឬបដិសេធលទ្ធផលនោះ។
ក្នុងវិស្វកម្មរចនាសម្ព័ន្ធ AI ក៏អាចកាត់បន្ថយតម្រូវការសរសេរកូដផងដែរ។ Bentley បានបង្ហាញថា AI assistant អាចពិនិត្យលទ្ធផលវិភាគនៅក្នុង STAAD និងបញ្ចូលការរចនាជាច្រើនដំណាក់កាលទៅជារបាយការណ៍មួយ ដើម្បីបង្ហាញពីការវិវត្តនៃការរចនារចនាសម្ព័ន្ធ។ ឧទាហរណ៍ AI បានជួយឱ្យការរចនាចុងក្រោយប្រើដែកតិចជាងការរចនាដើមដល់ទៅជិត 40%។
Bentley លើកឡើងថា AI មិនមែនដើម្បីជំនួសវិស្វករឡើយ ប៉ុន្តែដើម្បីធ្វើឱ្យការប្រើប្រាស់កម្មវិធីវិស្វកម្មកាន់តែងាយស្រួល ខណៈដែលការវិនិច្ឆ័យរបស់វិស្វករនៅតែជាចំណុចសំខាន់។