ប្រទេសថៃពន្លឿនមហិច្ឆតាបច្ចេកវិទ្យាកម្រិតខ្ពស់តាមរយៈកម្មវិធី FastPass ដើម្បីចាក់បញ្ចូលទុនវិនិយោគ ២១ពាន់លានដុល្លារ
ស្ថាប័នរដ្ឋចំនួនប្រាំបីរួមគ្នាកាត់បន្ថយនីតិវិធីរដ្ឋបាលពាក់កណ្តាល ខណៈដែលតំបន់អាស៊ីអាគ្នេយ៍បង្កើនការប្រកួតប្រជែងដណ្តើមខ្សែច្រវាក់ផ្គត់ផ្គង់សកល
ទីក្រុងបាងកក៖ នៅក្នុងកិច្ចប្រឹងប្រែងដ៏សំខាន់មួយដើម្បីពង្រឹងទីតាំងរបស់ខ្លួនជាមជ្ឈមណ្ឌលផលិតកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសថៃបានប្រកាសដាក់ឱ្យដំណើរការនូវការកែទម្រង់បទប្បញ្ញត្តិដ៏ទូលំទូលាយមួយ ដែលត្រូវបានរៀបចំឡើងដើម្បីពន្លឿនគម្រោងវិនិយោគយុទ្ធសាស្ត្រដែលមានតម្លៃជាង ២១ ពាន់លានដុល្លារអាម៉េរិក។ កម្មវិធីដ៏ថ្មីសន្លាងមួយនេះ មានឈ្មោះថា ថៃឡង់ដ៍ ហ្វាសផាស (Thailand FastPass) ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅវិមានរដ្ឋាភិបាលដោយនាយករដ្ឋមន្ត្រី អានុទិន ឆានវីរៈគុល (Anutin Charnvirakul) ដែលនេះជាការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់ប្រទេស ដោយបង្វែរតួនាទីរបស់ស្ថាប័នរដ្ឋាភិបាលពីអ្នកគ្រប់គ្រងតាមបែបបទប្បញ្ញត្តិប្រពៃណី ទៅជាអ្នកសម្របសម្រួលអាជីវកម្មយ៉ាងសកម្មវិញ។ ពិធីបើកដំណើរការជាប្រវត្តិសាស្ត្រនេះ មានការចូលរួមពីភ្ញៀវកិត្តិយសជាង ៣០០ នាក់ រួមមានមន្ត្រីការទូតបរទេស សភាពាណិជ្ជកម្មអន្តរជាតិ និងថ្នាក់ដឹកនាំក្រុមហ៊ុនពហុជាតិជាច្រើនរូប។
គំនិតផ្តួចផ្តើមដ៏មានមហិច្ឆតានេះបានបង្រួបបង្រួមស្ថាប័នរដ្ឋាភិបាលដ៏សំខាន់ៗចំនួនប្រាំបីឱ្យស្ថិតនៅក្រោមកិច្ចសម្របសម្រួលតែមួយ ដែលអាចកាត់បន្ថយនីតិវិធីមិនចាំបាច់ និងកាត់បន្ថយពេលវេលានៃការអនុម័តរដ្ឋបាលរហូតដល់ ៥០%។ ការពន្លឿនផ្នែករដ្ឋបាលនេះគ្របដណ្តប់លើដំណាក់កាលវិនិយោគសំខាន់ៗ រួមមានការអនុញ្ញាតបង្កើតរោងចក្រ ការវាយតម្លៃផលប៉ះពាល់បរិស្ថាន ការដំណើរការតំបន់ពាណិជ្ជកម្មសេរី និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាប្រព័ន្ធបណ្តាញអគ្គិសនីជាដើម។ ស្ថាប័នដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនេះ រួមមាន ការិយាល័យគណៈកម្មាធិការលើកកម្ពស់ការវិនិយោគ (BOI) នាយកដ្ឋានការងាររោងចក្រ នាយកដ្ឋានគយ ការិយាល័យគោលនយោបាយ និងផែនការធនធានធម្មជាតិនិងបរិស្ថាន អាជ្ញាធរតំបន់ឧស្សាហកម្មនៃប្រទេសថៃ គណៈកម្មការរៀបចំបទប្បញ្ញត្តិថាមពល អាជ្ញាធរអគ្គិសនីមេត្រូប៉ូលីតាន និងអាជ្ញាធរអគ្គិសនីភូមិភាគ។
ការរៀបចំរចនាសម្ព័ន្ធស្ថាប័នឡើងវិញនេះ កើតឡើងចំពេលដែលមានលំហូរទុនបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ចូលមកក្នុងប្រទេសថៃ។ ប្រទេសថៃបានកត់ត្រានូវចំនួនពាក្យសុំវិនិយោគសរុបក្នុងកម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្ររហូតដល់ ៥៤,៥ ពាន់លានដុល្លារអាម៉េរិក ឬស្មើនឹងប្រមាណ ១,៨ ទ្រីលានបាត នៅក្នុងឆ្នាំ ២០២៥។ សន្ទុះនេះបានបន្តកើនឡើងយ៉ាងខ្លាំងក្លារហូតដល់ត្រីមាសទីមួយនៃឆ្នាំ ២០២៦ ដោយពាក្យសុំវិនិយោគថ្មីៗបានកើនឡើងហួសពី ៣០,៣ ពាន់លានដុល្លារអាមេរិក ឬប្រហែល ១ ទ្រីលានបាតរួចទៅហើយ។ អាជ្ញាធរហិរញ្ញវត្ថុបានសង្កត់ធ្ងន់ថា គោលបំណងចម្បងរបស់កម្មវិធី FastPass គឺការជម្រុញឯកសារដែលបានអនុម័តទាំងនេះ ឱ្យទៅជារោងចក្ររូបវន្តយ៉ាងសកម្ម ដែលអាចផ្តល់ផលប្រយោជន៍ និងទ្រទ្រង់ដល់សេដ្ឋកិច្ចក្នុងស្រុកដោយផ្ទាល់ ជាជាងការទុកឱ្យទុនវិនិយោគទាំងនោះស្ថិតនៅលើតែក្រដាសស្នាម។
កញ្ចប់ថវិកាសរុបចំនួន ២១ពាន់លានដុល្លារអាម៉េរិក ដែលត្រូវបានជំរុញដោយកម្មវិធី FastPass នេះ ត្រូវបានបែងចែកជាពីរដំណាក់កាល ដោយផ្តោតលើវិស័យដែលមានតម្លៃបន្ថែមខ្ពស់ ដូចជាគ្រឿងអេឡិចត្រូនិចកម្រិតខ្ពស់ បច្ចេកវិទ្យាអវកាស គ្រឿងចក្រភាពជាក់លាក់ និងប្រព័ន្ធស្វ័យប្រវត្តកម្ម ព្រមទាំងប្លាស្ទិកកែច្នៃឡើងវិញ។ ដំណាក់កាលដំបូងបានដោះស្រាយដោយជោគជ័យនូវបញ្ហាកកស្ទះផ្នែកបទប្បញ្ញត្តិសម្រាប់គម្រោងចំនួន ៧៦ ដែលមានតម្លៃជាង ១៤,៤ ពាន់លានដុល្លារអាម៉េរិក ឬ ៤៧៤ ពាន់លានបាត។ ពិធីផ្លូវការនៅវិមានរដ្ឋាភិបាលនេះ ក៏បានកត់សម្គាល់ពីការឈានចូលដល់ដំណាក់កាលទីពីរ ដោយមានការប្រគល់វិញ្ញាបនបត្រជូនដល់គម្រោងថ្មីចំនួន ២៥ មកពីក្រុមហ៊ុនដឹកនាំមុខគេចំនួន ២៣ ដែលមានតម្លៃ ៦,៧ ពាន់លានដុល្លារអាម៉េរិក ឬស្មើនឹង ២២៣ ពាន់លានបាត។ យោងតាមការលើកឡើងរបស់លោក ឯកនីតិ និទិត្យប្រាភាស (Ekniti Nitithanprapas) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ គម្រោងសាកល្បងទាំងនេះត្រូវបានរំពឹងថានឹងបង្កើតការងារដែលមានជំនាញខ្ពស់ជាង ១៣០០០ កន្លែង ដោយជម្រុញការរីកចម្រើននៃផលិតផលក្នុងស្រុកសរុប (GDP) ព្រមទាំងផ្ទេរចំណេះដឹងបច្ចេកទេសសំខាន់ៗទៅកាន់សហគ្រាសធុនតូច និងមធ្យមនៅក្នុងស្រុក។
ថ្នាក់ដឹកនាំក្រុមហ៊ុនពហុជាតិដែលបានចូលរួមក្នុងកម្មវិធីនេះ បានសម្តែងនូវការគាំទ្រ និងទស្សនវិស័យវិជ្ជមានចំពោះការកែទម្រង់រចនាសម្ព័ន្ធនេះ។ វិនិយោគិនឈានមុខគេដូចជា លោក សាយម៉ុន ហ្គូសដេស (Simon Gwozdz) នាយកប្រតិបត្តិនៃក្រុមហ៊ុន Equatorial Space (Thailand) និងលោក ដូណាល់ ខាប៉ិនធ័រ (Donald Carpenter) នាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន PureCycle Technologies ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានកោតសរសើរចំពោះយន្តការនេះថាបានកាត់បន្ថយភាពស្មុគស្មាញនៃបទប្បញ្ញត្តិ និងលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការដោយផ្ទាល់។ ស្របពេលជាមួយគ្នានេះ លោក ឡារី ហ្វូ (Larry Foo) មកពីក្រុមហ៊ុន SAM Precision និងលោក គ្រីស លីតាវន (Kris Leetavorn) មកពីក្រុមហ៊ុន Advanced Connection Technology ក៏បានគូសបញ្ជាក់ផងដែរថា ល្បឿននៃការទទួលបានអាជ្ញាប័ណ្ណរោងចក្របានជួយឱ្យការបង្កើតរោងចក្រផលិតបន្ទះឈីប និងបន្ទះសៀគ្វីអេឡិចត្រូនិចកម្រិតខ្ពស់អាចដំណើរការបានយ៉ាងឆាប់រហ័សស្របតាមកាលវិភាគ។ ដើម្បីបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចសម្រាប់ការផលិតកម្រិតខ្ពស់ រាជរដ្ឋាភិបាលថៃក៏បានដាក់បង្ហាញនូវបច្ចេកវិទ្យាទំនើបៗជាច្រើនដែលកំពុងត្រូវបានប្រើប្រាស់ ឬផលិតនៅក្នុងប្រទេស រាប់ចាប់ពីមនុស្សយន្តដែលមានរូបរាងដូចមនុស្ស ប្រព័ន្ធសេនស័រ LiDAR និងបច្ចេកវិទ្យាអវកាស។
នៅក្នុងបរិបទដែលខ្សែច្រវាក់ផ្គត់ផ្គង់សកលកំពុងជួបប្រទះការរៀបចំរចនាសម្ព័ន្ធឡើងវិញដោយចាកចេញពីមជ្ឈមណ្ឌលផលិតកម្មប្រពៃណី បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងស្ថិតក្នុងការប្រកួតប្រជែងយ៉ាងស្វិតស្វាញដើម្បីទាក់ទាញលំហូរទុនវិនិយោគ។ តាមរយៈការធ្វើសមាហរណកម្មក្រសួង និងស្ថាប័នផ្តល់សេវាសាធារណៈជាច្រើនឱ្យទៅជាហេដ្ឋារចនាសម្ព័ន្ធឆ្លើយតបដ៏រហ័សតែមួយ គណៈកម្មាធិការលើកកម្ពស់ការវិនិយោគ ក្រោមការដឹកនាំរបស់អគ្គលេខាធិការ លោក ណារិត ថឺតស្ទូរស័ក្តិ (Narit Therdsteerasukdi) កំពុងតែធ្វើឱ្យប្រទេសថៃក្លាយជាគោលដៅវិនិយោគដែលមានភាពច្បាស់លាស់ និងមានល្បឿនលឿនបំផុតសម្រាប់ទុនវិនិយោគសកល។ ការធ្វើសមាហរណកម្មជាប្រព័ន្ធនេះមិនត្រឹមតែជួយពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជម្រុញភាពធន់នៃម៉ាក្រូសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសថៃយ៉ាងខ្លាំងក្លា ដែលវាបានបង្ហាញឱ្យឃើញថា នៅក្នុងទិដ្ឋភាពឧស្សហកម្មសម័យទំនើប ភាពច្បាស់លាស់នៃគោលនយោបាយ និងល្បឿននៃប្រព័ន្ធរដ្ឋបាល គឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតសម្រាប់ការដណ្តើមឧត្តមភាពនៅក្នុងតំបន់ និងការសម្រេចបាននូវការវិនិយោគពិតប្រាកដ។
- Video Advertisement -